រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យឆាបឆេះកុដិក្នុងបរិវេណវត្តសារ៉ាវន្ត តេជោ ជាន់ទី៣យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលអស់ព្រះសង្ឃនិងសិស្សនិស្សិតស្នាក់នៅក្នុងវត្តជួយពន្លត់ផងដែរ តែមិនរលត់ ក៏ទាក់ទងខាងរថយន្ដបង្កពន្លត់អគ្គិភ័យជួយអន្ដរាគមន៍ភ្លាមៗ ។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១៥នាទីយប់រំលងអាធ្រាត្រឈានថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវ១៧៨ នៅ ក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពីព្រះសង្ឃ ដែលគង់នៅក្នុងវត្ត ខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ មានដុតទៀនវស្សានៅក្នុងកុដិតាមធម្មតា លុះដល់យប់ថ្ងៃកើតហេតុ គឺទៀននៅតែបន្ដដុត ទុកចោល ដូច សព្វដង ហើយព្រះសង្ឃដែលគង់នៅក្នុងវត្តក៏បានចូលទៅសឹងដូចធម្មតា ។ លុះដល់ពេលកើតហេតុ ក៏ស្រាប់តែមានធំឈ្ងៀមផ្សែងភ្លើងខ្លាំងខុសពីធម្មតា ទើបព្រះសង្ឃដែរគង់នៅក្នុងកុដិជិតនោះ ក៏ដូចជាសិស្សនិស្សិតក៍បាននាំគ្នាចេញមកមើលក៍ស្រាប់តែឃើញមានភ្លើងកំពុងឆាបឆេះចេញពីក្នុងកុដិជិតនោះបានឆាបឆេះនៅជាន់ទី៣យ៉ាងសន្ធោសន្ធៅ ទើបនាំគ្នាឆោឡោផ្អើលពុទ្ធបរិស័ទដូចជាព្រះសង្ឃនាំគ្នាយកទឹកក៏ដូចជាបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ តែដោយសាន្ថភាពឆាបឆេះខ្លាំងក៏បានទាក់ទងទៅកម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យបានចេញរថយន្ដបង្កពន្លត់អគ្គិភ័យ ជាច្រឿនគ្រឿងជាបន្ដបន្ទាប់ ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់កុដិនៅក្បែរនោះ។
ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់០៥ឡាន ស្មើរនឹង១៦ម៉ែត្រគូប ។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ ថ្មបេតុង ឆេះបន្ទប់ ទំហំ (២ម៉ែត្រ x ២ម៉ែត្រ) ទៀនវស្សាពិដានខាងលើ និងសម្ភារៈមួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់កុដក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ២និង១៥នាទីយប់រំលងអាធ្រាតនាថ្ងៃដដែល។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ដោយបញ្ជាក់ថា ករណីនេះគឺបណ្តាលមកពី ការដុតទៀនវស្សាឆេះរាលដាលបង្ករជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍នេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសក្នុងគ្រោះអគ្គិភ័យខាងលើនេះឡើយ៕
ចែករំលែកព័តមាននេះ