កម្ពុជាសំណាង អាចគេចផុតពីព្យុះយ៉ាជី ដ៏អាក្រក់បំផុតមួយ ប៉ុន្តែព្យុះមួយទៀតបានមកដល់ ដូច្នេះសូមបន្តលើកកម្ពស់ការប្រុងប្រយ័ត្នពីព្រោះព្យុះមកដល់ថ្មីក៏បណ្តាលឲ្យមានឥទ្ធិពលគួរសមដែរដល់កម្ពុជា ។ ព្យុះយ៉ាជី គឺជាព្យុះទី១២ ហើយព្យុះដែលមកដល់ថ្មីឈ្មោះថា ប៊ីប៊ិនការ…
កម្ពុជាសំណាង អាចគេចផុតពីព្យុះយ៉ាជី ដ៏អាក្រក់បំផុតមួយ ប៉ុន្តែព្យុះមួយទៀតបានមកដល់ ដូច្នេះសូមបន្តលើកកម្ពស់ការប្រុងប្រយ័ត្នពីព្រោះព្យុះមកដល់ថ្មីក៏បណ្តាលឲ្យមានឥទ្ធិពលគួរសមដែរដល់កម្ពុជា ។
ព្យុះយ៉ាជី គឺជាព្យុះទី១២ ហើយព្យុះដែលមកដល់ថ្មីឈ្មោះថា ប៊ីប៊ិនការ (Bebinca) នេះ គឺជាព្យុះទី១៣ ប៉ុន្តែផុតពីព្យុះនេះតទៅនៅមានព្យុះជាច្រើនទៀត ដោយមួយឆ្នាំៗកម្ពុជា គឺអាចទទួលឥទ្ធិពលដោយព្យុះនេះពី២៥ ទៅ២៧ព្យុះ ហើយរៀងរាល់ព្យុះទាំងនេះ គឺអាចមានបាតុភូតខ្យល់កន្ត្រាក់ វិសម្ពាធបង្កជាភ្លៀងដែលអាចកើតជាទឹកជំនន់ជាដើម ដូច្នេះសូមលើកបន្តលើកកម្ពស់ការប្រុងប្រយ័ត្ន ។
តាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ព្យុះទី១៣ ឈ្មោះ ប៊ីប៊ីនកា និងសម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល់ (Bay of Bengal) មានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាបគ្របដណ្តប់លើភាគកណ្តាល នៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា ។
តាមការព្យាករណ៍ នៅក្នុងស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ តំបន់វាលទំនាបនៅកម្ពុជានឹងមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C ។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិមមានល្បឿនមធ្យម៤,៥ម៉ែត្រ/វិនាទី ។ និងបស្ចិមមានល្បឿនមធ្យម៤,៥ម៉ែត្រ/វិន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦៥%។
តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់ មកពីទិសនិរតី និងបស្ចឹម មានល្បឿនមធ្យម ៥, ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង បឹងត្រែង ក្រចេះ ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែកអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០%។
តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខ្យល់បក់មកពីទិសនិរតីមានល្បឿនមធ្យម ៦ម៉ែត្រវិនាទី ។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរ ភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៥០% ហើយរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។
សូមត្រៀមខណៈដែលវៀតណាម ថៃ និង ឡាវ ដែលត្រូវកំពង់រងនូវព្រនុងនៃព្យុះមុនយ៉ាងដំណំហើយនោះអាចនឹងបន្តរងគ្រោះបន្ថែមទៀតដោយព្យុះទី១៣ថ្មីនេះ ។ ព្យុះយ៉ាជីដែលបានបោកបក់ខ្លាំង នៅខេត្តហៃណា នប្រទេសចិន ហើយធ្លាក់ទៅភាគខាងជើងវៀតណាម រួចក្លាយជាវិសម្ពាធទម្លាក់ភ្លៀងលេចភាគខាងជើងថៃ និងផ្នៃកខ្លះនៃប្រទេសឡាវ ហើយកំពុងគំរាមកំហែង ដល់ឡាវនោះមិនទាន់ផុតផង ស្រាប់តែមានព្យុះថ្មីមកដល់ថែមទៀត ។
ព្យុះយ៉ាជីនេះមិនបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជានោះទេ ប៉ុន្តែវាពិតជាធ្ងន់ធ្ងរនៅវៀតណាម ថៃ និងឡាវ ។ ព្យុះយ៉ាជីអាចជាព្យុះទីហ្វុងដ៏អាក្រក់បំផុតប្រចាំទស្សវត្សរ៍ ដោយវាបានពន្លិចផ្នែកខ្លះនៃរដ្ឋធានីហាណូយ នៃប្រទេសវៀតណាម ខណៈដែលទីក្រុងវៀងច័ន្ទត្រូវគេព្យាករណ៍ថា នឹងអាចលេចនៅរយៈពេលពីរទៅ៣ថ្ងៃខាងមុខ ប៉ុន្តែសម្រាប់កម្ពុជាមិនទាន់មានសញ្ញាគួរឲ្យព្រួយបារម្ភនៅឡើយ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាននានារបស់វៀតណាមបានឲ្យដឹងថា មកដល់ថ្ងៃទី១២ ខែកញ្ញានេះផ្នែកខ្លះនៃទីក្រុងហាណូយនៅតែជន់លិច ខណៈចំនួនអ្នកស្លា.ប់ដោយសារខ្យល់ព្យុះទីហ្វុងនៅវៀតណាម បានកើនឡើងដល់១៩៩ នាក់ បាត់ខ្លួន១២៨ នាក់ និងរងរបួស ប្រមាណចា ៨០០ នាក់ ខណៈដែលផលប៉ះពាលសេដ្ឋកិច្ចគឺនៅមិនទាន់បូកសរុប ប៉ុន្តែវានឹងមានតម្លៃមិនតិចពាន់លានដុល្លារឡើយ ។
ដោយឡែកទីក្រុងវៀងច័ន្ទរដ្ឋធានីនៃប្រទេសឡាវវិញត្រូវបានគេព្យាករណ៍ថា អាចនឹងត្រូវទឹកជំនន់ទន្លេមេគង្គបន្លិចនៅក្នុងរង្វង់២ទៅ៣ថ្ងៃខាងមុខនេះ ក្រោយពេលដែលទឹកជំនន់បានពន្លិចខេត្តឈៀងរ៉ៃនៃប្រទេសថៃ និង បណ្តាខេត្តតាមដងទន្លេមេគង្គក្រោមធ្ងន់ធ្ងរ ហើយសារព័ត៌មានបាងកកប៉ុស្តិ៍បានរាយការណ៍ថា វាបានគំរាមកំហែងដល់ខេត្តរហូតដល់៤៨ រួមទាំងបាងកក ។ កាសែតដដែលបានរាយការណ៍ថា គ្រោះធម្មជាតិនេះបានសម្លា.ប់ជីវិតមនុស្ស៦នាក់ និងរបួសមួយចំនួន ក្រោយពេលដែលវាបានពន្លិចខេត្តឈៀងរ៉ៃ ដ៏ល្វឹងល្វើយ ។
គណកម្មាធិការទន្លេមេគង្គដែលមានមូលដ្ឋាននៅទីក្រុងវៀងច័ន្ទបានឲ្យដឹងកាលពីថ្ងៃទី ១២ ខែ កញ្ញា ដដែលថា កម្រិតកម្ពស់ទឹកទន្លេមេគង្គនៅតាមតំបន់ជាច្រើន ដូចជា ទីក្រុងទេសចរណ៍លួងប្រាបាង្គ ជាដើមគឺទឹកបានឡើងលើសកម្រិតប្រកាសអាសន្នទឹកជំនន់ហើយ ។
ប្រភពដដែលបានអះអាងថា ដោយឡែកទីក្រុងវៀងច័ន្ទវិញ កម្រិតទឹកប្រកាសអាសន្នគឺនៅក្នុងកម្រិត ១២,៥០ ម៉ែត្រ ហើយអាចហួសកម្រិតប្រកាសអាសន្តនៅថ្ងៃទី ១៤ដល់កម្រិត១២,៧៥ ម៉ែត្រ ហើយអាចឡើងជាបន្តបន្ទាប់រហូតដល់១៣,៥៩ ម៉ែត្រនៅថ្ងៃទី ១៦ ខែកញ្ញាខាងមុខ។ សម្រាប់ប្រទេសកម្ពុជាប្រភពដដែលបានលើកឡើងថា ស្ថានភាពទឹកកម្រើកឡើង ប៉ុន្តែមិនដល់កម្រិតត្រូវប្រកាសអាសន្នឡើយ ។
ផ្អែកតាមប្រភពនេះ ទឹកជំនន់ទន្លេមេគង្គនៅកម្ពុជា នៅមិនទាន់ឈានដល់ក្តីកង្វល់នៅឡើយទេ ទោះបីជាស្ថានភាពអាកាសធាតុនៅកម្ពុជាអាប់អួរបន្តិចក៏ដោយ ប៉ុន្តែយ៉ាងណាក៏ដោយបញ្ហាកង្វល់អំពី ទឹកជំនន់ដោយទឹកភ្លៀង បាតុភូតខ្យល់កន្ត្រាក់ និង រន្ទះ ត្រូវតែប្រុងប្រយ័ត្នជាប់ជានិច្ច ហើយបន្ថែមពីលើនោះការធ្វើដំណើរតាមសមុទ្រក៏ត្រូវតែលើកកម្ពស់ សុវត្ថិភាព បន្ថែមការបង្ការផ្សេងៗ ។ ការបង្ការ និងយន្តការឆ្លើយតបបន្ទាន់មិនមែនត្រៀមតែព្យុះទី១៣នេះទេ គឺសម្រាប់ព្យុះផ្សេងៗទៀតដែលវាអាចមានប្រមាណអាចមានឥទ្ធិពលដល់កម្ពុជាប្រមាណជា ពី២៥ទៅ២៧ ព្យុះរហូតដល់ខែវិច្ឆិកាឬអាចយឺតជាងនេះបន្តិចទៀតក៏មាន ៕
ចែករំលែកព័តមាននេះ