ខេត្តបាត់ដំបង ៖ បទល្មើសនេសាទស្ទើរគ្រប់រូប ដែលទំនងមានការឃុបឃិតពីមន្ត្រីខិលខូចមួយចំនួនក្នុងដែនដីផង ត្រូវបានពួកជនទុច្ចរិកដាក់ពង្រាយព្រោងព្រាតក្នុងតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រនានា ក្នុងទឹកដីឃុំកោះជីវាំង ស្រុកឯកភ្នំ បើទោះជាធ្លាប់បានបង្ក្រាបជាបន្តបន្តាប់នាពេលកន្លងមកក្ដី។ នេះបើតាមការលើកឡើងរបស់មន្ត្រីការពារធនធានធម្មជាតិដែលបានចុះពិនិត្យផ្ទាល់ ។
មន្ត្រីដដែលបាននិយាយថា ឧបករណ៍នេសាទល្មើសច្បាប់ ដែលពួកជនទុច្ចរិតបានដាក់ពង្រាយព្រោងព្រាតពាសពេញតំបន់ទន្លេសាបក្នុងរដូវបិទនេសាទ និងរដូវត្រីពងកូន នាសព្វថ្ងៃនេះ ភាគច្រើនជាប្រភេទ «សាច់មងក្រឡាញឹក» ដែលគេហៅថា «ណរ៉ាវ»។ ហើយពេលនេះ គេឃើញមានបទល្មើសបែបនេះច្រើនបំផុត នៅតំបន់ក្បាលតោល ពាក់កន្ទេស ក្នុងភូមិសាស្ត្រ ឃុំកោះជីវាំង ស្រុកឯកភ្នំ។
ក្រោយចុះមើលឃើញបទល្មើសនេសាទរីកព្រោងព្រាត ស្អេកស្កះយ៉ាងគគ្លើនពាសពេញដែននេសាទ ដោយគ្មានខ្លាចក្រែងច្បាប់បែបនេះ មន្ត្រីអង្គការការពារធនធានធម្មជាតិខាងលើនេះ បានចង្អុលចំៗថា «បទល្មើសដែលកើតឡើងព្រោងព្រាតបែបនេះ ប្រហែលជាអាចមានការឃុបឃិតគ្នា បើមិនដូច្នេះទេ អ្នកប្រព្រឹត្តិ មិនអាចមកដាក់ដោយសេរី ក្នុងរដូវបិទនេសាទដូច្នេះទេ»។
ប៉ុន្តែការលើកឡើងបែបចោទប្រកាន់ដែលថា មានការឃុបឃិតគ្នាប្រព្រឹត្តិបទល្មើស ត្រូវបានបដិសេធដោយលោកមេឃុំកោះជីវាំង តែលោកមេឃុំរូបន បានទទួលស្គាល់ថា បទល្មើសនេសាទពិតជាកើតមានព្រោងព្រាតនៅក្នុងទឹកដីលោកគ្រប់គ្រងមែន»។ លោក ពុំ ចិន មេឃុំកោះជីវាំង ត្រូវបានគេស្រង់សំដីថា អាជ្ញាធរមិនបានចូលរួមឃុបឃិតជាមួយពួកប្រព្រឹត្តិបទល្មើសនេសាទទេ ដូចការលើកឡើងខាងលើនេះទេ។
អាជ្ញាធរ តែងតែចូលរួមសហការជាមួយមន្ត្រីជលផល សហគមន៍ និងកងកម្លាំង ចុះបង្ក្រាបបទល្មើសជាបន្តបន្តាប់ ។ ប៉ុន្តែលោកមេឃុំរូបនេះ បានទទូលស្គាល់ដោយមិនអាចប្រកែកបានថា «បទល្មើសនេសាទ នៅតែកើតមានដោយសារតែក្រុមជនល្មើសលួចដាក់»។ នេះជាចម្លើយរបស់លោក ពុំ ចិន មេឃុំកោះជីវាំង ដែលត្រូវបានគេស្រង់សម្ដី ក្នុងការឆ្លើយតបទៅនឹងការលើកឡើងរបស់មន្ត្រីអង្គការការអភិវឌ្ឍន៍ និងការពារធនធានធម្មជាតិ ដែលបានចុះពិនិត្យបទល្មើសនេសាទ ក្នុងតំបន់ទន្លេសាប។
លោក ពុំ ចិន បានបញ្ជាក់ថា ទីតាំងមានបទលើ្មសនេសាទ ដែលមន្ត្រីការពារធនធានធម្មជាតិ បានរកឃើញនោះ គឺមានប្រហែលប្រវែង២០០ម៉ែត្រ ទៅ៣០០ម៉ែត្រ រីឯនៅកន្លែងដទៃៗទៀត មានជាលក្ខណៈតូចតាច តែក្រោយទទូលបានព័ត៌មាននេះ អាជ្ញាធរបានសហការជាមន្ត្រីជំនាញចុះបង្ក្រាបហើយ។ ឃុំកោះជីវាំង ជាឃុំមួយ នៅក្នុងរដ្ឋបាល ស្រុកឯកភ្នំ ដែលមានទីតាំងនៅក្នុងតំបន់បឹងទន្លេសាបតែម្ដង។
ក្នុងរដូវវស្សា គេអាចធ្វើដំណើរតាមម៉ូតូ ឬរថយន្ត ទៅដល់តំបន់នោះ តែបើរដូវវស្សាដូចសព្វថ្ងៃនេះ គេត្រូវធ្វើដំណើរតាមរយៈទូក ឬកាណូត។ នារដូវវស្សា នៅក្នុងភូមិសាស្ត្រ ឃុំកោះជីវាំង ជាជម្រក ឬជាសំបុកត្រីគ្រប់ប្រភេទច្រើនបំផុត បើប្រៀបធៀបទៅនឹងតំបន់ផ្សេងៗ នៃបឹងទន្លេសាប ក្នុងទឹកដីខេត្តបាត់ដំបង។
ទឹកដីឃុំកោះជីវាំង ជាសំបូរកន្លែងនេសាទត្រីច្រើនជាងបណ្ដាឃុំនានា ដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាប។ ដូច្នេះហើយ ទើបឃុំកោះជីវាំងនេះ សំបូរជនប្រព្រឹត្តបទល្មើសនេសាទរស់នៅសំងំប្រព្រឹត្តបទល្មើសនេសាទច្រើនកកកុញ។ ព្រោះតំបន់នោះសំបូរត្រី សំបូរកន្លែងប្រព្រឹត្តបទ
ល្មើសងាយស្រួលប្រព្រឹត្តបទល្មើស ហើយតែងាយស្រួលទ្វេដងទៀត ក្នុងការសហការជាមួយមន្ត្រីខិលខូច ដែលចូលរួមឃុបឃិតគ្នាប្រព្រឹត្តបទល្មើសដែរ ។
យ៉ាងណាក៏ដោយ ជុំវិញបទល្មើសនេសាទដែលកំពុងរីករាលដាលព្រោងព្រាតពាសពេញតំបន់ទន្លេសាប ដោយគ្មានបង្ក្រាបខាងលើនេះ មន្ត្រីការពារធនធានធម្ម្ជាតិ បានលើកឡើងថា បើគ្មានការបង្ក្រាប ហើយមានតែការឃុបឃិតគ្នាប្រព្រឹត្តបទល្មើស ក្នុងរដូវបិទនេសាទយ៉ាងគគ្លើនបែបនេះ និងធ្វើឲ្យហិនហោចមច្ឆជាតិអស់ជាមិនខាន ព្រោះនេះ ជារដូវត្រីពងកូន មិនគូរគេបណ្ដែតបណ្ដោយ និងសមគំនិតគ្នាបង្កើនបទល្មើសនេសាទ រហូតដាក់ពង្រាយសាច់មងក្រឡាញឹក ឬ
ណរ៉ាវព្រោងព្រាតពេញទឹកពេញដី ពេញផ្ទៃទន្លេសាប ដោយគ្មានមន្ត្រីណាអើពើបន្តិចសោះដូច្នេះទេ៕
ចែករំលែកព័តមាននេះ