ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​មាំ​ផ្នែក​ឡូ​ជី​ស្ទីក ជួយ​ឱ្យ​កម្ពុជា​មាន​លំនឹង និង​មាន​សក្តានុពល​កាន់តែ​ខ្លាំង នា​ពេល​អនាគត

1 អាទិត្យ មុន

ខេត្ត​ព្រះ​សីហ​នុ ​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី…

ខេត្ត​ព្រះ​សីហ​នុ ​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចំណត​ផែ​កុងតឺន័រ​បន្ថែម​ ប្រវែង ២៥៣ម៉ែត្រ របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​គោលដៅ​ពង្រីក​សមត្ថភាព និង​ធ្វើ​ទំនើប​កម្ម​កំពង់​ផែ ឱ្យ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​កុងតឺន័រ​ឆ្លងកាត់​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​មាន​រហូត​ដល់​ប្រមាណ ៧៥ ម៉ឺន​ធី​អ៊ី​យូ (TEU) ខណៈ​ដែល​សម្ថ​ភាព​អាច​ទទួល​កុងតឺន័រ​ បច្ចុប្បន្ន​ត្រឹមតែ ៥៥ ម៉ឺន​ធី​អ៊ី​យូ (TEU) ក្នុង​១​ឆ្នាំ ។

ចំណត​ផែ​កុងតឺន័រ​បន្ថែម​នេះ បាន​សាងសង់ និង​ស្តារ​ជម្រៅ​ទឹក​ដល់ ១១,៥ ម៉ែត្រ ដែល​អាច​ឱ្យ​នាវា​ដឹក​ទំនិញ​ ក្នុង​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​ចូល​ចត​បាន​រហូត​ដល់ ៤៩,២៥% និង​នាវាចរណ៍​ក្នុង​ពិភពលោក​អាច​ចូល​ចត​បាន​កើនឡើង​ពី ១៨% ទៅ ៣៨% ។
រាជរដ្ឋាភិបាល​ក៏​មាន​មហិច្ឆតា ​ក្នុង​ការ​សាងសង់​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​ ជំហាន​ទី ២ និង ជំហាន​ទី ៣ បន្ថែម​ទៀត ដើម្បី​ប្រែក្លាយ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ទៅ​ជា​កន្លែង​ផ្ទេរ​ផ្ទុកទំនិញ​ដ៏​សំខាន់​របស់​កម្ពុជា និង​ជា​កំពង់​ផែ​ទឹក​ជ្រៅ​ស្នូល​នៅ​ក្នុង​តំបន់ ដែល​នឹង​អនុញ្ញាត​ឱ្យ​មានការ​ដឹក​ជញ្ជូន​ទំនិញ​ចេញ​-​ចូល ដោយ​ផ្ទាល់​ពី​កម្ពុជា​ទៅ​កាន់​បណ្តា​កំពង់​ផែ​នៅ​ក្នុង​ពិភពលោក ដោយ​ពុំ​មាន​ឧបសគ្គ​ជម្រៅ​ទឹក និង​ពុំ​ចាំបាច់​ឆ្លងកាត់​បណ្តា​កំពង់​ផែ​ផ្សេង​ៗ​នៅ​ក្នុង​តំបន់ ដែល​នេះ​ធ្វើ​ឱ្យ​ថ្លៃ​ដឹក​ជញ្ជូន​តាម​សមុទ្រ​នៅ​កម្ពុជា​មាន​ភាព​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ក្នុង​តំបន់ ។

ក្នុង​ពិធី​ដ៏​ម​ហោ​ទ្បា​រិ​ក​នោះ សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​មាំ​ផ្នែក​ឡូ​ជី​ស្ទីក ជួយ​ឱ្យ​កម្ពុជា​មាន​លំនឹង និង​មាន​សក្តានុពល​កាន់តែ​ខ្លាំង នា​ពេល​អនាគត ។ ការ​កសាង​មូលដ្ឋាន​សេដ្ឋកិច្ច​រឹង​មាំ និង​មាន​ភាព​អាច​ប្រកួតប្រជែង ចាំបាច់​ត្រូវ​មាន​មូលដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​មាំ ដែល​អាច​ជួយ​រក្សា​លំនឹង និង​ធានា​បាន​នូវ​ភាព​ធន់ នៅ​ពេល​ជួប​បញ្ហា​សេដ្ឋកិច្ចជាតិ ឬ​សេដ្ឋកិច្ច​សកល​ឡើង​ចុះ ដែល​ភាពរឹងមាំ​នៃ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នឹង​ជួយ​ឱ្យ​យើង​អាច​ចាប់​យក​ឱកាស​ប្រកួតប្រជែង​បាន​នៅ​ពេល​ដែល​ដំណើរ​សេដ្ឋកិច្ច​កើនឡើង​វិញ ដូច្នេះ​ការ​កសាង​កំពង់​ផែ​ទឹក​ជ្រៅ និង​ប្រព័ន្ធ​គមនាគមន៍​ត​ភ្ជាប់ ជា​ផ្នែក​សំខាន់​បំផុត​ក្នុង​ចំណោម​ការ​កសាង​មូលដ្ឋាន​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ធិ​បតី បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន​ដល់​គ្រប់​សមត្ថកិច្ច ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ បន្ត​បង្កើន​កិច្ចសហការ​ល្អ ដោយ​ឈរ​លើ​អភិក្រម «​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែ​មួយ​» ដោយ​ត្រូវ​បំពេញ​មុខងារ និង​ភារកិច្ច​ក្នុង​កិច្ចសហការ និង​ការ​សម្របសម្រួល ប្រកបដោយ​ភាព​រស់​រវើក​, សហ​ថាមពល និង បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​, ដើម្បី​ជំរុញ​ចលនា​នៃ​ការ​អភិវឌ្ឍ​កំពង់​ផែ​កម្ពុជា​ជា​កំពង់​ផែ​តំបន់​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ខ្ពស់ ព្រមទាំង​សម្រេច​ឱ្យ​បាន​សមិទ្ធផល​ថ្មី​ៗ​បន្ថែម​ទៀត សំដៅ​រួមចំណែក​ដល់​ការ​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ស្រប​ជាមួយ​ការ​អភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​កម្ពុជា​ទៅ​ជា​របៀង​សេដ្ឋកិច្ច​ពហុ​បំណង និង​ប្រទាក់ក្រឡា​គ្នា ។

ជា​ចុង​ក្រោយ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​អរគុណ​ចំពោះ​រដ្ឋាភិបាល នៃ​ប្រទេស​ជប៉ុន ដែល​បាន​គាំទ្រ និង​បន្ត​ជួយ​ដល់​ការ​អភិវឌ្ឍ​លើ​វិស័យ​ជា​ច្រើន​នៅ​កម្ពុជា ជា​ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ដឹក​ជញ្ជូន និង កំពង់​ផែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ