ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស «​ភាព​ជា​អ្នកដឹកនាំ និង​ការ​កសាង​សន្តិភាព​» ពី​សាកលវិទ្យាល័យ​ដុ​ង​ហ្គុ​ក​វ៉ា​យស៍ របស់​កូរ៉េ​ខាងត្បូង

1 អាទិត្យ មុន

កូរ៉េ​ខាងត្បូង ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

កូរ៉េ​ខាងត្បូង ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស “​ភាព​ជា​អ្នកដឹកនាំ និង​ការ​កសាង​សន្តិភាព​” ដែល​រៀបចំ​ដោយ​សាកលវិទ្យាល័យ​ដុ​ង​ហុ​ក​វ៉ា​យស៍ ខេត្ត ឃ្យុ​ង​សាង​បុក​ដូ សាធារណរដ្ឋ​កូរ៉េ ។

ក្នុង​ឱកាស នៃ​ការ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ផ្តល់​កិត្តិយស​ធ្វើ​បាឋកថា​ស្តី​ពី “​បទ​ពិសោធន៍​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​រំដោះជាតិ ការ​កសាង​សន្តិភាព ការ​ផ្សះផ្សា និង​ការ​កសាង​ជាតិ​ឡើង​វិញ​” ពី​ប្រទេស​ដែល​ហែកហួរ​ដោយ សង្គ្រាម និង​វាល​ពិឃាត មក​ជា​ប្រទេស​ជាតិ​ដែល​ពោរពេញ​ដោយ​សន្តិភាព ការ​រួមរស់​ជាមួយ​គ្នា (​សហ​ត្ថិ​ភាព​) និង​ការ​អត់ឱន​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បាឋកថា​ចែករំលែក​បទ​ពិសោធន៍ នៃ​ការ​ដឹកនាំ​ប្រទេស អំពី​ប្រវត្តិ នៃ​ការ​តស៊ូ​ដឹកនាំ​នៅ​លើ​កំណាត់​ផ្លូវ​ដ៏​បត់បែន លំបាក​ស្មុគស្មាញ និង​តស៊ូ​ប្តូរផ្តាច់ គណបក្ស ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​ប្រទេស​ឱ្យ​ឈាន​ទៅ​មុខជា​ជំហាន​ៗ​ជម្នះ​រាល់​ឧបសគ្គ បង្កើត​បាន​សមិទ្ធផល​ធំ​ៗ​ជា​ប្រវត្តិសាស្ត្រ​យ៉ាងច្រើន​ជូន​ជាតិ ក្នុង​បុព្វហេតុ​ស្តារ កសាង និង​ការពារ​មាតុភូមិ ។

ការ​ប្រមូល​កម្លាំង​មហា​សាមគ្គី​ជាតិ​ក្រោម​ទង់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា វាយ​ផ្តួល រំលំ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ទទួល​បាន​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃ​ទី ៧ ខែមករា ឆ្នាំ​១៩៧៩ ធ្វើ​ឱ្យ​ប្រជាជាតិ​បាន​រស់រាន​មានជីវិត​ឡើង​វិញ បញ្ចប់​សករាជ​ដ៏​ខ្មៅ​ងងឹត​បំផុត ហើយ បើក​ឡើង​នូវ​សករាជ​ថ្មី​របស់​កម្ពុជា គឺ​ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចែករំលែក​បទ​ពិសោធន៍​ផង​ដែរ​ថា មូលដ្ឋាន​ជ័យជម្នះ​៧​មក​រា បាន​នាំ​មក​ជូន​ប្រជាជន​វិញ​នូវ​សិទ្ធិ សេរីភាព​គ្រប់យ៉ាង ដែល​ត្រូវ​បាត់បង់​ទាំងស្រុង​ក្នុង​របប​ប៉ុ​ល ពត ជា​ពិសេស​សិទ្ធិ​នៃ​ការ​មានជីវិត​រស់នៅ កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាជន ។

ការ​ផ្សះផ្សា បង្រួបបង្រួម​ជាតិ រហូត​សម្រេច​បាន​កិច្ចព្រមព្រៀង សន្តិភាព​ទី​ក្រុងប៉ារីស នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ ១៩៩១ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា “​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​បាន​បញ្ចប់សង្គ្រាម​ដ៏​រ៉ាំរ៉ៃ បង្កើត​បាន​សន្តិភាព និង​ឯកភាព​ជាតិ​ពេញលេញ និង​ឯកភាព​ទឹកដី ទាំងស្រុង​ចាប់ពី​ចុងឆ្នាំ ១៩៩៨ មក​តាម​រយៈ​ការ​អនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ដែរ​ថា ការ​ស្តារ និង​កសាង​សង្គម​សេដ្ឋកិច្ច ពី​ស្ថានភាព​ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទី​ដល់​ឫសគល់​ឱ្យ​រស់ ឡើង​វិញ និង​មាន​ស្ថិរភាព​ជា​ជំហាន​ៗ រហូត​ឈាន​មក​ដល់​ដំណាក់កាល​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ប្រកបដោយ​ចីរភាព និង​សមធម៌ ធ្វើ​ឱ្យ​សង្គម​ជាតិ​មានការ​ផ្លាស់​ប្តូរ​មុខមាត់​ដែល​ពុំ​អាច​គិតស្មាន ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ប្រទេស​ជាតិ​មួយ​ត្រូវ​តែ​ជា​ម្ចាស់​ការ​លើ​ប្រទេស​របស់​ខ្លួន លើ​ជោគវាសនា​របស់​ខ្លួនឯង សន្តិភាព​មិន​អាច​រក្សា​បាន​ទេ ។

សូម​ជម្រាប​ថា សាកលវិទ្យាល័យ ដុ​ង​ហុ​ក វ៉ា​យស៍ គឺជា​គ្រឹះស្ថានឧត្តមសិក្សា​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មួយ​នៅ ក្នុង​ប្រទេស និង​ទទួល​បានការ​គាំទ្រ​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ ព្រមទាំង​មាន​ប្រវត្តិ​ដ៏​យូរអង្វែង​និង​បាន ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អប់រំ​និង​លើកកម្ពស់​គុណ​តម្លៃ​របស់​ប្រទេស​ជាតិ ។

បច្ចុប្បន្ន សាកលវិទ្យាល័យ​នេះ​មាន ១១​មហាវិទ្យាល័យ ដែល​មាន ៥៦​ដេ​ប៉ា​តឺ​ម៉​ង់​។ ការ​អប់រំ​នៅ​សាកលវិទ្យាល័យ​នេះ ផ្តោត​សំខាន់​លើ​ទ្រឹស្តី​របស់ ព្រះពុទ្ធ​ពាក់ព័ន្ធ​នឹង​ការ​បង្កើន​ប្រាជ្ញា​ស្មារតី និង​មាន​បេសកកម្ម​បណ្តុះបណ្តាល​ធនធានមនុស្ស​ឱ្យ​មាន​សមត្ថភាព ដើម្បី​ចូលរួម​កសាង​សង្គម​ដ៏​ភ្លឺស្វាង​និង​ត្រចះត្រចង់​។ ទស្សនវិស័យ​នៃ​ការ​អប់រំ​នេះ ស្រប​តាម​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​រដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់​ធនធានមនុស្ស​ដែល​មាន​សមត្ថភាព​និង​អ្នកដឹកនាំ​ប្រកបដោយ​ក្រមសីលធម៌ និង​មនសិការ ។

សាកលវិទ្យាល័យ ដុ​ង​ហុ​ក វ៉ា​យស៍ ក៏​បាន​ចូលរួម​ផង​ដែរ​នៅ​ក្នុង​គម្រោង​និង​គំនិត​ផ្តួចផ្តើម​នានា​ដែល គាំទ្រ​ដោយ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ ក្នុង​ការ​ពង្រឹង​កិត្តិនាម​របស់​ខ្លួន​ទាំង​នៅ​ក្នុង​ប្រទេស​និង​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ