ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថបំភ្លឺ ​ករណី​មានការ​ផ្សព្វផ្សាយ​ថា មន្ត្រី​អាវុធហត្ថ​ខណ្ឌចំការមន​ម្នាក់ លួច​បង្កើត​ល្បែងស៊ីសង​ខុសច្បាប់

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​កងរាជអាវុធហត្ថ នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ចេញ​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​ស្រាវជ្រាវ​ករណី នៃ​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម អំពី​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​កងរាជអាវុធហត្ថ នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ចេញ​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​ស្រាវជ្រាវ​ករណី នៃ​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម អំពី​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ឈ្មោះ ណុ​ប បាន​លួច​បង្កើត​ល្បែងស៊ីសង​ខុសច្បាប់ ដូច​តទៅ ៖

នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៤ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន​ពីរ (​គណនី​ឈ្មោះ Pheng Vannak និង​គណនី ឈ្មោះ ផែង វណ្ណៈ​) បាន​បង្ហោះ​ព័ត៌មាន​ក្នុង​ពេល​ដំណាលគ្នា នូវ​អត្ថបទ ដែល​មាន​ខ្លឹមសារ​ថា ៖ “​ពិត​អត់​សូម​មេត្តា​បំភ្លឺ​ផង​! ប្រជាពលរដ្ឋ​នៅ​សង្កាត់​បឹង​ត្របែក​បាន​ផ្ញើ​សារ​មក​អោយ​ជួយ​ផ្សាយ ព័ត៌មាន អំពី​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ឈ្មោះ ណុ​ប បាន​លួច​បង្កើត​ល្បែងស៊ីសង​ខុសច្បាប់ ស្ថិត​នៅ ផ្លូវ​លេខ​៤៧៤ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ជាប់​ហាង​សាច់​អាំង បំ​ប៉ី​ស បឹង​ត្របែក​។ ចំណុច​ពិសេស​នោះ​គឺ លោក​ណុ​ប ដើរ​ចាប់​គេ​ពេញ​ក្នុង​មូលដ្ឋាន​ខណ្ឌចំការមន តែ​កន្លែង​គាត់ គ្មាន​អ្នក​ណា​ហ៊ាន​មក​ក្បែរ​ទេ​។ សូម​មេកង​រាជរាជ​អាវុធហត្ថ​ចំការមន មេត្តា​បំភ្លឺ​ផង ជា​ពិសេស​លោក​អភិបាល​ខណ្ឌ មេត្តា​ពិនិត្យ​មើល​ផង កុំអោយ​ត្រីងៀត​ឆ្លៀត​ពង​” ។

ក្រោយ​ពេល​ឃើញ​ការ​បង្ហោះ​នេះ​ភ្លាម ជំនាញ​បាន​ផ្ទៀងផ្ទាត់​ទៅ​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌចំការមន បញ្ជាក់​ថា ព័ត៌មាន​ខាងលើ​នេះ គឺ​មិន​ពិត​ទេ រីឯ​ឈ្មោះ ណុ​ប គឺជា​សមាជិក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ពិតមែន ដែល​មានឈ្មោះ​ពេញ ប៉ិច ណុ​ប ឋានន្តរស័ក្តិ អនុសេនីយ៍ទោ តួនាទី​ជំនួយការ​បញ្ជូន​សារ មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ដោយ​បុគ្គល​នេះ មិន​មាន​បើក​ល្បែងស៊ីសង ណាមួយ​ឡើយ ។

ក្រោយ​ពី​មានការ​បង្ហោះ​ព័ត៌មាន​ខាងលើ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៤ ដោយ​បានការ​អនុញ្ញាត​ពី​លោក កៀង ល័​ក្ស អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌចំការមន គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌចំការមន ដឹកនាំ​ដោយ លោក ម៉ៅ បូ​ណែ​ត អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌចំការមន បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ទីតាំង ដែល​បាន​ចុះ​ផ្សាយ​ខាងលើ ចំណុច​ផ្ទះ​លេខ​៦៥ ស្ថិត​ផ្ទះ​លេខ​៦៥ ផ្លូវ​លេខ​៤៧៤ ភូមិ​៨ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​មាន​សមាសភាព ចូលរួម ៖
១-​លោក​វរសេនីយ៍ត្រី នូ សំអាង នាយការិយាល័យ​អធិការកិច្ច អ​.​ហ រាជធានី
២-​លោក​អនុសេនីយ៍ឯក ជា ចន្ទី នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ អ​.​ហ រាជធានី
៣-​លោក ហេង ទេព​ហ៊ អនុប្រធាន​ការិយាល័យ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សហគមន៍
៤-​លោក​វរសេនីយ៍ត្រី អ៊ួ​ង សុខា មេបញ្ជាការ​រង អ​.​ហ ខណ្ឌចំការមន
៥-​លោក​អនុសេនីយ៍ឯក ហ៊​ន គី​ម​ហេង មេបញ្ជាការ​រង អ​.​ហ ខណ្ឌចំការមន
៦-​លោក​វរសេនីយ៍ត្រី សុខ រិ​ទ្ធ អធិការរង នគរបាល​ខណ្ឌចំការមន
៧-​លោក​វរសេនីយ៍ត្រី ហុង ចាន់​ថេ​ង នាយ​ប៉ុ​ស្ត៏​នគរបាល​សង្កាត់​បឹង​ត្របែក
៨-​លោក លាស់ សា​រុន ចៅសង្កាត់​រង​ទី​២ សង្កាត់​បឹង​ត្របែក
៩-​លោក ម៉ោ​ញ សុ​ខន ប្រធាន​ភូមិ​៨ សង្កាត់​បឹង​ត្របែក
១០-​លោកស្រី យិ​ន ចន្ទី តំណាង​អ្នក​ជួល​ឈ​ឈ្មោះ តុ​ន ប៉ុណ្ណា​វុ​ធ

ជា​លទ្ធផល​៖
-​ក្រុមការងារ​ចុះ​ដល់ទី​តាំង​ជាក់ស្ដែង​ពិនិត្យ​ឃើញ​ថា ទីតាំង​នេះ ពុំ​មាន​បើក​ល្បែងស៊ីសង ដូច​ការ​ចុះ​ផ្សាយ​ទេ ។
-​ក្រុមការងារ​បាន​ពិនិត្យ​តាម​ជាន់ និង​គ្រប់​បន្ទប់​នីមួយ​ៗ ក៏​រក​ពុំ​ឃើញ​មាន​សម្ភារៈ ឬ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់ នោះ​ដែរ​។
-​នៅ​ខាង​មុខ​ទីតាំង​មាន​ត្រឹមតែ លក់​កាហ្វេ​និង​បាយ​ពេល​ព្រឹក​ប៉ុណ្ណោះ​។
-​តាម​ការ​អះអាង អ្នក​ដែល​មាន​វត្ត​មាននៅ​ទីតាំង​ផ្ទាល់ បាន​ប្រាប់​ក្រុមការងារ​ថា ទីតាំង​ខាងលើ​នេះ​ពិតជា​ធ្លាប់​បាន​បើក​ល្បែងស៊ីសង​ពិតមែន តែ​ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌចំការមន ចុះ​បង្ក្រាប កាលពី​កំឡុង​ឆ្នាំ​២០២២ រួច​មក​ហើយ​។

ស្ថានភាព​ទីតាំង ៖ ជា​ប្រភេទ​ផ្ទះ ០២​ល្វែង​ជាប់​គ្នា មាន​កម្ពស់​ចំនួន​០២​ជាន់ ដែល​ជាន់​ផ្ទាល់​ដី មាន​ចំនួន​០២​បន្ទប់ (​ជា​បន្ទប់​ទំនេរ​) និង​ជាន់​ទី​១ មាន​ចំនួន ០២​បន្ទប់ (​បន្ទប់​មួយ​សម្រាប់​ស្នាក់​នៅ និង​បន្ទប់​មួយទៀត​ជា​បន្ទប់​ទំនេរ​)​។ ទីតាំង​នេះ មាន​ម្ចាស់​កម្ម​សិទ្ធ​ឈ្មោះ ស៊ុន វណ្ណ​ធឿ​ន ភេទ​ប្រុស កើត​ឆ្នាំ​១៩៥៨ ទើបតែ​ជួល​បាន ០៤​ខែ ឲ្យ​ទៅ​ឈ្មោះ តុ​ន ប៉ុណ្ណា​វុ​ធ ភេទ​ប្រុស កើត​ឆ្នាំ​១៩៦៨ តាម​កិច្ចសន្យាជួល​ចុះ​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២៤ ដោយ​មាន​បញ្ជាក់​មេ​ភូមិ​៨ និង មាន​ប្រថាប់ត្រា​ដោយ​ចៅសង្កាត់​បឹង​ត្របែក​ផង​ដែរ ។

ក្រុមការងារ​បាន​ទាក់ទង​ទៅ​ម្ចាស់​ទីតាំង ឈ្មោះ ស៊ុន វណ្ណ​ធឿ​ន តាម​ទូរ​សព្ទ​បាន​ជួប​ជាមួយ​ភរិយា បញ្ជាក់​ថា កំពុង​ធ្វើ​បុណ្យសព​ស្វាមី​គាត់​។ ក្រុមការងារ​បាន​ណែនាំ ដល់​លោកស្រី យិ​ន ច​ន្ធី តំណាង​អ្នក​ជួល មិន​អនុញ្ញាត​ឲ្យ​យក​ទីតាំង​នេះ ប្រកប​ល្បែងស៊ីសង ជួញដូរ​គ្រឿងញៀន ជួញដូរ​ផ្លូវភេទ ឬ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ផ្សេង​ជា​ដាច់ខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ