ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបីជាទឹកជំនន់យ៉ាងណា ក៏មិនអាចផ្តា.ច់និស្ស័យស្នេហ៍ពួកគាត់បានឡើយ

3 ខែ មុន

វៀតណាម ៖ ទោះជា​មេឃ​រំលំ ភ្នំ​រលាយ ក៏​មិន​អាច​រារាំង​ថ្ងៃ​ពិសេស​របស់​គូព្រេង​ពី​បុព្វេ​មួយគូ​នេះ​បាន​ឡើយ ដូច​យើង​ដឹង​ហើយ​ថា ភាគ​ខាងជើង​ប្រទេស​វៀតណាម កំពុង​លិចលង់​ដោយ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​បំផុត​ជា​ប្រវត្តិសាស្ត្រ ហើយ​ក្នុង​ចំណោម​បណ្តា​ខេត្ត​ជា​ច្រើន​នោះ ខេត្ត​Bac…

វៀតណាម ៖ ទោះជា​មេឃ​រំលំ ភ្នំ​រលាយ ក៏​មិន​អាច​រារាំង​ថ្ងៃ​ពិសេស​របស់​គូព្រេង​ពី​បុព្វេ​មួយគូ​នេះ​បាន​ឡើយ ដូច​យើង​ដឹង​ហើយ​ថា ភាគ​ខាងជើង​ប្រទេស​វៀតណាម កំពុង​លិចលង់​ដោយ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​បំផុត​ជា​ប្រវត្តិសាស្ត្រ ហើយ​ក្នុង​ចំណោម​បណ្តា​ខេត្ត​ជា​ច្រើន​នោះ ខេត្ត​Bac Ninh ក៏​កំពុង​រង​គ្រោះ​យ៉ាងដំណំ​ដូច​គ្នា ។

ផ្ទុយ​ពី​រឿងរ៉ាវ និង​ព័ត៌មាន​ទុក្ខសោក​ព្រាត់ប្រាស់​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​ជា​ច្រើន​ករណី ដោយសារ​តែ​គ្រោះ​មហន្ត​ធម្មជាតិ​ដែល​ត្រូវ​បាន​បង្ហោះ​ជា​បន្តបន្ទាប់ នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ ពិធី​មង្គលការ​ក្នុង​ទឹកជំនន់​មួយ​នៅ​ឯ​ខេត្ត Bac Ninh បាន​ចេញ​មក​បំបែក​ភាព​សោកសៅ និង​បង្កើត​ស្នាមញញឹម​សម្រាប់​ប្រជាជន​វៀតណាម ដែល​បាន​តាមដាន​បណ្តាញ​សង្គម ។

តាម​រយៈ​រូបភាព​ដែល​ត្រូវ​បាន​បង្ហោះ​ចែកចាយ បង្ហាញ​ឱ្យ​ឃើញ​ពី​សក​មម្ម​នៃ​ពិធី​ដង្ហែ​ជំនូន​របស់​ក្រុម​គ្រួសារ​កូន​ក​ម្លោះ​ចូល​ទៅ​កាន់​រោង​ពី​ធី​មង្គលការ ដោយ​មនុស្ស​សឹង​ទាំងអស់​ត្រូវ​ដើរ​លយ​ទឹក ។ គេ​អាច​ឃើញ​ទាំង​ឪពុក​ម្តាយ បងប្អូន​សាច់ញាតិ មិត្ត​ភ​ភ្តិ ដែល​ចូលរួម​ខ្លះ​លាត់ជើង​ខោ​ឡើង​លើ ខ្លះ​ទទូ​ឆ័​ត្រ ចំណែកឯ​ជំនូន​វិញ​ត្រូវ​បាន​ដឹក​តាម​ទូក ។

កូន​ក​ម្លោះ​វ័យក្មេង ស្លៀក​ឈុត​ក្រហម​យ៉ាង​សង្ហា ពាក់​វ៉ែនតា ដៃ​កាន់​បាច់ផ្កា អម​ដោយ​អ្នក​កំដរ​ប្រុស​៥​នាក់ ជាមួយ​ឈុត​ផ្កាឈូក​យ៉ាង​ស្រស់ ដើរ​សំដៅ​ទៅ​រោង​ពិធី ដោយ​មានការ​រង​ចាំ​ទទួល​ស្វាគមន៍​ពី​សាច់ញាតិ និង​ភ្ញៀវ​ជា​ច្រើន​រូប ជា​ពិសេស​នោះ គឺ កូនក្រមុំ​ដ៏​ស្រស់​សោភា ជាមួយ​ទឹកមុខ ប្រកបដោយ​ស្នាមញញឹម បង្ហាញ​ឱ្យ​ឃើញ​ពី​ក្តី​រំភើប​សម្រាប់​ថ្ងៃ​ពិសេស​បំផុត​នៅ​ក្នុង​ជីវិត ។

កូន​ក​ម្លោះ និង​កូនក្រមុំ ក្នុង​ពិធី​មង្គលការ​ដ៏​កម្រ​មួយ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា កូនក្រមុំ​ឈ្មោះ Diem Thi Linh កើត​ឆ្នាំ​២០០១ អាយុ​២៣​ឆ្នាំ ដោយឡែក កូន​ក​ម្លោះ​ឈ្មោះ Nguyen Van Phuong កើត​ឆ្នាំ ១៩៩៩ អាយុ​២៥​ឆ្នាំ ។ ក្នុង​ចំណោម​រូបភាព​ជា​ច្រើន​សន្លឹក រូប​ដែល​មើលទៅ​ហើយ​មាន​ក្តី​សុខ​បំផុត​នោះ គឺ​រូប​កូន​ក​ម្លោះ​អៀវ​កូនក្រមុំ​ដើរ​ឆ្លង​ទឹក ហើយ​ត្រូវ​បាន​អ្នកលេង​បណ្តាញ​សង្គម​ខ​មិន​បែប​ចំអន់​ថា ប្តី​អៀវ​ប្រពន្ធ​កាត់ទឹក​ចូល​បន្ទប់​ផ្សំ​ដំណេក ។ អ្នកលេង​បណ្តាញ​សង្គម​បាន​បន្សល់​ទុក​នូវ​មតិ​គួរ​ឱ្យ​ចាប់អារម្មណ៍​ជា​ច្រើន​អំពី​ពិធី​មង្គលការ​ក្នុង​ទឹកជំនន់​មួយ​នេះ​ថា «​អាពាហ៍ពិពាហ៍​ដ៏​គួរ​ឱ្យ​ចង់​ចាំ​បែប​នេះ​នឹង​មាន​អនុស្សាវរីយ៍​ដ៏​ស្រស់​ស្អាត ដើម្បី​ប្រាប់​កូន​ៗ និង​ចៅ​របស់​យើង​» ពេលវេលា​នេះ គឺ​ពិតជា​មិន​អាច​បំភ្លេច​បាន​សម្រាប់​មួយ​ជីវិត​» ។ កូន​ក​ម្លោះ Nguyen Van Phuong បាន​អះអាង​ថា គ្រួសារ​របស់​ពួក​គេ​ទាំង​សងខាង​បាន​ត្រៀមខ្លួន​ជា​យូរណាស់​មក​ហើយ សម្រាប់​ពិធី​មង្គលការ​មួយ​នេះ ដូច្នេះ​ហើយ​បើ​ទោះបីជា​មាន​ស្ថានភាព​ទឹកជំនន់​កំពុង​ជន់​លិច​យ៉ាងណា​ក្តី ក៏​យើង​ទាំង​ពីរ​នៅ​តែ​បន្ត​រៀបចំ​ពិធី​មង្គលការ​តាម​ការ​គ្រោងទុក ។

កូន​ក​ម្លោះ​ថ្មោងថ្មី ដែល​បាន​រៀប​ការ​ក្នុង​ទឹកជំនន់​ដ៏​ត្រជាក់ត្រជុំ​បាន​រៀបរាប់​បន្ថែម​ថា «​ទោះបីជា​វា​លំបាក​យ៉ាងណា​ក៏​ដោយ ក៏​គ្រប់​គ្នា​នៅ​តែ​រីករាយ​ជាមួយ​ខ្ញុំ ដើម្បី​ទៅ​យកប្រពន្ធ​របស់ខ្ញុំ ។ ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ទៅ​ដល់​អ្នក​មានគុណ​ទាំង​សងខាង រួម​ទាំង​បងប្អូន​សាច់ញាតិ ក៏​ដូច​ជា មិត្តភក្តិ​របស់ខ្ញុំ ដែល​បាន​តស៊ូ​ចូលរួម​ក្នុង​ថ្ងៃ​ដ៏​ពិសេស​សម្រាប់​ជីវិត​របស់ខ្ញុំ​» ។

កូន​ក​ម្លោះ​បង្ហើប​ថា តាម​ពិត​ខ្លួន​ខ្ញុំ​ក៏​ពិបាកចិត្ត​បន្តិច​ដែរ ពេល​រៀប​ការ​នៅ​ថ្ងៃ​លិច​ទឹក ប៉ុន្តែ​ក្នុង​ថ្ងៃ​រៀប​ការ​ខ្ញុំ​មាន​អារម្មណ៍​ពួក​ខ្ញុំ​មានសំណាង​ណាស់ ព្រោះ​ពិធី​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ។ យ៉ាងណា​ក៏​ដោយ ដោយសារ​តែ​ផ្ទះ​កូនក្រមុំ ត្រូវ​ទឹកជំនន់​ជន់​លិច​ជ្រៅ​ពេក​ពួក​គេ​គ្រាន់តែ​រៀបចំ​តែ​ពិធី​មង្គលការ​តាម​ប្រពៃណី​ពេល​ព្រឹក​ប៉ុណ្ណោះ ដោយ​ពិធីជប់លៀង​ទទួលភ្ញៀវ​នៅ​ពេល​ល្ងាច​ត្រូវ​រៀបចំ​នៅផ្ទះ​ខាង​កូនកំលោះ​នៅ​ស្រុក Yen Phong ខេត្ត Bac Ninh ដែល​មិន​ត្រូវ​បាន​ទឹក​លិច ។

សូម​ជម្រាប​ថា កម្រង​រូបថត​នៃ​ពិធី​មង្គលការ​ក្នុង​ទឹកជំនន់​មួយ​នេះ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ថតរូប​វ័យក្មេង Pham Chi Ba នៅ​ខេត្ត Bac Ninh ដែល​លោក​ជា​អ្នក​ផ្តិត​យក​រូបភាព​ទាំងនោះ​ដោយ​ផ្ទាល់ ។ អ្នក​ថតរូប Pham Chi Ba បាន​និយាយ​ថា ក្នុង​រយៈពេល​៣​ឆ្នាំ​នៃ​អាជីព​ថតរូប​របស់​ខ្លួន វា គឺជា​លើក​ទី​មួយ​ហើយ​ដែល​លោក​បាន​ថតរូប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ទឹកជំនន់​បែប​នេះ ។ Pham Chi Ba បាន​ប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន​ថា «​ថតរូប​ក្នុង​ទឹកជំនន់ ខ្ញុំ​ពិតជា​បារម្ភ​ពី​ការងារ និង​អាណិត​ទៅ​កូន​ក​ម្លោះ​កូនក្រមុំ ។ ដូចនេះ​ហើយ ខ្ញុំ​បាន​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ផ្តិត​យក​រូបភាព​ដែល​ស្រស់​ស្អាត និង​គួរ​ឱ្យ​ចង​ចាំ​បំផុត​សម្រាប់​គូស្នេហ៍​វ័យក្មេង​» ៕

កែសម្រួលដោយ