ខេត្តកំពង់ចាម ៖ ផ្លែស្លាចាស់និងទុំត្រូវបានក្រុមឈ្មួញចុះប្រមូលទិញនៅក្នុងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំនិងខេត្តសៀមរាប ដើម្បីយកមកលក់ឱ្យបងប្អូនប្រជាពលរដ្ឋនៅជីហែរ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីហាលជាចំណិតឲ្យក្រៀមនោះនឹងមានក្រុមឈ្មួញចុះមកទិញ បន្តប្រមូលលក់លើទីផ្សារនានា ហើយរបរនេះបានជួយលើកស្ទួយជីវភាពឲ្យប្រសើរមួយកម្រិតផងដែរ។
លោកលី គឹមជ័រ អាយុ៥០ឆ្នាំ រស់នៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរៀបរាប់ឲ្យដឹងនាព្រឹកថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៤ថា: គាត់ត្រូវបើករថយន្តចេញពីផ្ទះរបស់ខ្លួនរួមជាមួយនឹងក្មួយប្រុសម្នាក់ ចុះប្រមូលទិញស្លាចាស់ដល់ទីកន្លែងរបស់បងប្អូនប្រជាពលរដ្ឋនៅស្រុកចំការលើ ខេត្តកំពង់ចាមដោយត្រូវចំណាយពេលបីថ្ងៃទៅមួយសប្តាហ៍ ទើបបានមួយរថយន្តដែលមានទម្ងន់៣តោនទៅ៥តោន ហើយស្លាចាស់ទិញមួយគីឡូតម្លៃ១២០០រៀលយកមកលក់ឱ្យពលរដ្ឋនៅជីហែរ ស្រុកកោះសូទិន១គីឡូបាន១៦០០រៀល។
ឈ្មួញរូបនេះបានរៀបរាប់បន្តឲ្យដឹងទៀតថា ចំពោះស្លាចាស់មួយរថយន្តដឹកមកលក់ឲ្យគេ អាចទទួលប្រាក់ចំណេញក្នុងរង្វង់៣០ម៉ឺនទៅ៥០ម៉ឺនរៀល ។ តែកន្លងមកពេលដែលអាកាសធាតុក្តៅដឹកស្លាយកមកលក់ ទម្រាំដល់គោលដៅស្លាត្រូវស្រក់ទម្ងន់២០០ទៅ៣០០ គីឡូក្រាម ធ្វើឲ្យគាត់ខាតបង់ប្រាក់៥០ ម៉ឺនទៅ១លានរៀលក៏មាន។ មុខរបរចុះប្រមូលទិញផ្លែស្លាចាស់ដំបូងធ្វើឡើងក្នុងអំឡុងឆ្នាំ២០០១-២០០២ ជាមួយនឹងប្រពន្ធ ដោយទិញពីពលរដ្ឋនៅក្រុងសួងនិងឃុំជប់ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ពេលដែលខ្សត់ក៏បានបើករថយន្តចុះទិញតាមផ្ទះពលរដ្ឋនៅស្រុកចំការលើ ខេត្តកំពង់ចាម ពេលខ្លះដល់កំពង់ធំនិងសៀមរាបក៏មាន។
ឈ្មួញដដែលបានបន្តថា បើមិនបានចុះដល់ចំការរបស់ពលរដ្ឋទេគាត់ត្រូវបញ្ឈររថយន្តនៅមុខផ្ទះដើម្បីប្រមូលទិញពីអ្នកដឹកតាមម៉ូតូយកមកលក់បន្ត។ ដោយសារតែរបរនេះបានជួយដល់ជីវភាពក្រុមគ្រួសារឲ្យបានប្រសើរមួយកម្រិតក៏បន្តអាជីពរហូតមកដល់សព្វថ្ងៃ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១២កញ្ញា ឆ្នាំ២០២៤ ស្លាទុំមួយរថយន្តត្រូវបានដឹកយកទៅលក់នៅព្រំដែនប្រទេសវៀតណាម អាចបានមួយគីឡូតម្លៃ២០០០រៀល។ ចំពោះប្រភេទស្លាស្រួចដែលមានទំហំប៉ុនមេដៃមនុស្សចាស់ គាត់ចុះប្រមូលទិញតាមខេត្តកំពង់ចាម កំពង់ធំនិងបណ្ដាខេត្តផ្សេងទៀតគឺមួយគីឡូតម្លៃ៣៥០០៛ យកមកលក់នៅព្រំដែនវៀតណាមឲ្យឈ្មួញកណ្ដាលគឺគេយកស្លាប្រភេទនេះទៅចំហុយធ្វើជាដំណាប់ សម្រាប់ហូបនាំចេញទៅលក់នៅប្រទេសចិន។
ដោយស្លានេះគេហូបតាំងពីក្មេងអាយុ១០ ឆ្នាំឡើងជួយការពារកំដៅក្នុងខ្លួនកុំឲ្យឡើងហើយក៏ជាឱសថសម្រាប់ទម្លាក់ព្រូនមានប្រសិទ្ធភាព សូម្បីតែនៅតាមកាស៊ីណូមួយចំនួនក្នុងខេត្តព្រះសីហនុត្រូវបានគេទិញដំណាប់ស្លានេះពីប្រទេសចិន ត្រូវបានគេវេចខ្ចប់ជាកញ្ចប់តូចៗសម្រាប់លក់ឲ្យភ្ញៀវទៀតផង។
លោកគឹម ជ័រ បានបញ្ជាក់ថា បើផ្លែស្លាចាស់គាត់លក់ឱ្យពលរដ្ឋនៅជីហែរ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមួយគីឡូចំណេញ៤០០រៀល គឺគេយកទៅកែច្នៃស្ងោរចិតហាលថ្ងៃឱ្យស្ងួត មួយគីឡូលក់បានតម្លៃ៣៥០០០៛ ។ មុខរបរនេះបើសិនជាជួលរថយន្តគេមកដឹកផ្លែស្លាដែលចុះទិញពីតាមបណ្ដាខេត្តមកលក់នៅជីហែរនិងព្រំដែនប្រទេសវៀតណាមនោះមិនទទួលប្រាក់ចំណេញទេ អាចត្រូវខាតចូលដើម។សំខាន់គឺមានរថយន្តរបស់ខ្លួនមួយគ្រឿងសម្រាប់ដឹកយកទៅលក់ដែលទទួលបានប្រាក់ចំណេញមិនច្រើននោះទេ ទោះជាយ៉ាងណាក៏ដោយរបរមួយនេះបានជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់គាត់ឲ្យបានប្រសើរមួយកម្រិត ៕
ចែករំលែកព័តមាននេះ