ទីក្រុងបាងកក ៖ ប្រទេសថៃគ្រោងនឹងដំឡើងប្រាក់ឈ្នួលអប្បបរមាទូទាំងប្រទេសរហូតដល់៤០០បាត ដែលស្មើនឹង ១១,៨ដុល្លារអាមេរិកក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ តទៅ។ បើទោះបីជាមានការព្រួយបារម្ភថា ការដំឡើងប្រាក់ឈ្នួលនេះអាចជះឥទ្ធិពលអវិជ្ជមានដល់អាជីវកម្មយ៉ាងណាក៏ដោយ។ នេះបើយោងតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។
លោក ភីផាត រ៉ាឃីតប្រាកាន (Phiphat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួងការងារថៃ បានបញ្ជាក់អំពីគម្រោងដំឡើងប្រាក់ឈ្នួលនេះ បន្ទាប់ពីបានពិភាក្សាជាមួយនឹងប្រតិបត្តិករអាជីវកម្ម និងការសិក្សាដែលធ្វើឡើងដោយអនុគណៈកម្មាធិការ ដែលត្រូវបានបង្កើតឡើងដោយក្រសួងការងារផ្ទាល់។ ហើយជាលទ្ធផលក្រសួងបានសម្រេចបន្តការដំឡើងប្រាក់ឈ្នួលអប្បបរមាទូទាំងប្រទេសតាមការកំណត់។ ការសិក្សាមួយដែលបានធ្វើឡើងជាមួយនឹងការិយាល័យសន្តិសុខសង្គមថៃបានរកឃើញថា នៅពេលដែលក្រសួងការងារប្រកាសពីការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ៤០០បាត គោលនយោបាយដំឡើងប្រាក់ឈ្នួលគួរអនុវត្តចំពោះក្រុមហ៊ុន ឬរោងចក្រដែលមានកម្មករយ៉ាងតិច២០០នាក់។
លោក ភីផាត បានបន្តទៀតថា ការិយាល័យសន្តិសុខសង្គមថៃ នឹងអនុម័តវិធានការផ្តល់សំណងដល់អាជីវកម្មដែលមាននិយោជិតជាង២០០នាក់ ដោយផ្តល់ឱ្យពួកគេនូវការបញ្ចុះតម្លៃ ១% លើការរួមចំណែករបស់ពួកគេទៅក្នុងមូលនិធិសន្តិសុខសង្គម ចាប់ពីខែក្រោយរហូតដល់ខែកញ្ញា ឆ្នាំ ២០២៥។
យ៉ាងណាមិញ លោក ភីផាត បានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម ដែលមានបុគ្គលិកតិចជាង២០០នាក់ នឹងមិនត្រូវបានទាមទារឱ្យដំឡើងប្រាក់ឈ្នួលនោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការជួយដល់ក្រុមហ៊ុនខ្នាតតូចទាំងនេះ រហូតដល់សេដ្ឋកិច្ចប្រទេសថៃងើបឡើងវិញ។
លើសពីនេះ លោកក៏បានបង្ហាញពីលទ្ធភាពនៃការស្នើសុំកិច្ចសហប្រតិបត្តិការពីស្ថាប័នហិរញ្ញវត្ថុក្នុងការផ្តល់ឥណទាន ដែលមានការប្រាក់ទាបទៅដល់បណ្តាក្រុមហ៊ុន ដើម្បីជួយរក្សាសាច់ប្រាក់ និងលំហូរសាច់ប្រាក់របស់អាជីវកម្មពួកគេ បន្ទាប់ពីការដំឡើងប្រាក់ឈ្មួលចូលជាធរមាន។ ជាងនេះទៅទៀត លោកបានបន្ថែមចុងក្រោយថានឹងមានវិធានការផ្តល់ការបញ្ចុះតម្លៃពន្ធ សម្រាប់បណ្តាក្រុមហ៊ុនដែលបានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់កម្មករ-កម្មការិនី៕ (ប្រភព ៖ បាងកកប៉ុស្តិ៍ និង VnExpress)
ចែករំលែកព័តមាននេះ