រាជធានីភ្នំពេញ ៖ ក្មេងស្រីអាយុក្រោម១២ឆ្នាំ២នាក់បងប្អូនបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារត្រូវរថយន្តមិនស្គាល់ម៉ាកបុក បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តបង្កបានព្យាយាមបើកគេចបាត់ ។
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨យប់ថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ ១៩៨៦ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សពក្មេងស្រីទី១ មានឈ្មោះ មិត្ត ជូលី អាយុ១១ឆ្នាំ ទី២ មានឈ្មោះមិត្ត សុផេង អាយុ៩ឆ្នាំ ជនរងគ្រោះទាំង២នាក់បងប្អូនបង្កើតស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះ២នាក់បងប្អូន ជិះម៉ូតូម៉ាកZOOMER -X ពណ៌ខ្មៅ ពាក់ស្លាកលេខ បើកតាម បណ្ដោយផ្លូវ១៩៨៦ទិសដៅពីលិចទៅកើត ក្នុងលឿនមធ្យម លុះបើកមកដល់ចំណុចកើតហេតុក៏ស្រាប់តែឃើញម៉ូតូរងគ្រោះបើកមកអែបកណ្តាលផ្លូវ ក៏ស្រាប់តែឃើញរថយន្ដបង្កពណ៌ស មិនចាំម៉ាកធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៨៦ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនបានបុកម៉ូតូជនរងគ្រោះ ដែលជិះគ្នា២នាក់ពេញទំហឹងបណ្តាលឲ្យរថយន្តបង្កបុកកិនអូសជនរងគ្រោះទាំង២នាក់ឈាមហូរស្រោចពេញផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានបន្តទៀតថា ខណៈពេលគ្រោះថ្នាក់ភ្លាមៗ មាន កំលាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់ជួយធ្វើចរាចរណ៍ មួយសន្ទុះក្រោយមកមានក្រុមគ្រួសារបានមកដល់ចំណុចកើតហេតុ បាននាំគ្នាស្រែកទ្រហូរយំ ដោយមិននឹកស្មាន គឺបងប្អូនទាំង២នាក់បានស្លាប់នៅក្នុងហេតុការណ៍តែមួយ ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍បានទាក់ទងទៅសមត្ថកិច្ចនៃការរិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះយកទៅទុករងចាំស្រាវជ្រាវរករថយន្តបង្កចាត់ការតាមនិតិវិធីបន្ត ចំណែកសពត្រូវបានសមត្ថកិច្ចនគរបាលជំនាញធ្វើលិខិតប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្ត ពោធិ៍វ័ង្គ ៕
ចែករំលែកព័តមាននេះ