រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូណេស៊ី ពិសេស ក្នុងវិស័យការពារជាតិ ដែលឥណ្ឌូណេស៊ីបន្តការហ្វឹកហ្វឺនដល់យោធារបស់កម្ពុជា ដើម្បីថែរក្សាសុខសន្តិភាពរបស់ប្រទេស ក៏ដូចជា រួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព ក្នុងតំបន់ផងដែរ។
ការសម្តែងការពេញចិត្តនេះ ខណៈសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។
ក្នុងជំនួបនោះ សម្តេចតេជោប្រមុខរដ្ឋស្តីទីបានអបអរសាទរចំពោះ ឯកឧត្តម Prabowo Subianto ដែលត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ី។ សម្ដេចតេជោ ក៏បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម Prabowo Subianto បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលឯកឧត្តមបានចាត់ទុកសម្តេចតេជោជាមិត្តដ៏ល្អ។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី ផងដែរអំពីលទ្ធ ផលល្អប្រសើរនៃជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ហើយឯកឧត្តមក៏បានស្នើគោរពអញ្ជើញសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ចូលរួមក្នុងឱកាសដែលឯកឧត្តមចូលកាន់មុខតំណែងជាប្រធាប្រធានាធិបតីនា នៅថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះ។
ឯកឧត្តមបានបញ្ជាក់ថា ទស្សនកិច្ចរយៈពេលខ្លីរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីបង្កើនមិត្តភាព និងពង្រឹងទំនាក់ទំនង រវាងសាធារណរដ្ឋឥណ្ឌូណេស៊ី និងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀត។ ឯកឧត្តមក៏បានបង្ហាញបំណងពីការបន្តនូវកិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ច និងវិស័យជាច្រើនទៀត រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស និងចង់ឱ្យយុវជនកម្ពុជាទៅបន្តការសិក្សានៅប្រទេសឥណ្ឌូនេស៊ី។
ឯកឧត្តមក៏មានបំណងពង្រីកបន្ថែមទៀតនៅវិស័យសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ និងបង្កើនជើង ហោះហើរត្រង់ពីទីក្រុងសំខាន់ៗនៃប្រទេសទាំងពីរ ដែលនឹងសម្រួលដល់ការផ្លាស់ប្ដូរការធ្វើដំណើររបស់ប្រជាជន និងប្រជាជន។ ឯកឧត្តមបានគូសបញ្ជាក់ថា នៅក្នុងពេលឯកឧត្តមក្លាយជាប្រធានាធិបតីនៅពេលខាងមុខ នឹងបន្តនូវចំណងទាក់ទងមិត្តភាពជាមួយកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានអបអរសាទរចំពោះឯកឧត្តម ដែលនឹងបន្តដឹកនាំសាធារណរដ្ឋឥណ្ឌូណេស៊ី។ សម្ដេចតេជោចាត់ទុកថា ឥណ្ឌូណេស៊ីគឺជាមិត្តចាស់របស់កម្ពុជា ដោយឥណ្ឌូណេស៊ីបានចូលរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុរបស់កម្ពុជា ពិសេសក្នុងការដើរតួនាទីសហប្រធានសន្និសីទ នៃទីក្រុងប៉ារីស។ ជាមួយគ្នានេះ ប្រទេសឥណ្ឌូណេស៊ីបានផ្ដល់ជាទីកន្លែង សម្រាប់កិច្ចប្រជុំរវាងភាគីកម្ពុជា និងការបង្កើតឧត្តមក្រុមប្រឹក្សាជាតិ។
សម្ដេចតេជោបានសម្តែងនូវការពេញចិត្តចំពោះមតិយោបល់របស់ឯកឧត្តម Prabowo Subianto ក្នុងបំណងដែលជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងឥណ្ឌូណេស៊ី នៅក្នុងសមាគមអាស៊ាន។ ទាក់ទងទៅនឹងការភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌូណេស៊ី មកកាន់ប្រទេសកម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា គួរត្រូវបង្កើនថែមទៀតដើម្បីលើកកម្ពស់ទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង ហើយសម្ដេចតេជោសង្ឃឹមថា ក្រុមហ៊ុនអាកាសចរណ៍សាធារណរដ្ឋឥណ្ឌូណេស៊ី និងក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជានឹងពិនិត្យមើលក្នុងការបន្ថែមជើងហោះហើរ រវាងទីក្រុងធំៗនៃប្រទេសទាំងពីរ ដើម្បីនាំទេសចរណ៍ទាំងប្រជាជនឥណ្ឌូណេស៊ី និងនាំទេសចរណ៍ពីបណ្ដាប្រទេសផ្សេងៗមកកាន់កម្ពុជា។
សម្ដេចតេជោ បានសម្ដែងនូវការលើកទឹកចិត្តដល់ឥណ្ឌូណេស៊ី ក្នុងការបង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀតជាពិសេសក្នុងវិស័យសន្តិសុខស្បៀងដែលឥណ្ឌូណេស៊ីត្រូវការស្បៀងពីកម្ពុជា ដូចជា ស្រូវ អង្ករ និងផលិតផលកសិកម្មដទៃទៀត។
សម្តេចតេជោបានស្នើឱ្យឯកឧត្តម Prabowo Subianto ពិចារណាក្នុងការឱ្យក្រុមហ៊ុនឥណ្ឌូណេស៊ីមកដាក់ទុន១០០% ក្នុងការបង្កើតឃ្លាំងការប្រមូលទិញស្រូវ បង្កើតជាម៉ាស៊ីនកិនស្រូវ និងការវិចខ្ចប់ ដើម្បីដឹកជញ្ជូននាំចេញទៅសាធារណរឥណ្ឌូណេស៊ី និងបណ្ដាប្រទេសផ្សេងទៀត។ ទាក់ទងទៅនឹងការអញ្ជើញសម្ដេចទៅចូលរួមក្នុងពិធីឡើងកាន់តំណែងរបស់ឯកឧត្តម ជាប្រធានាធិបតីនាពេលខាងមុខនេះ សម្តេចតេជោប្រមុខរដ្ឋស្ដីទី បានទទួលយកការអញ្ជើញ ហើយនឹងផ្ដល់ជូនសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីទៅចូលរួម ហើយក្នុងករណីសម្តេចធិបតីជាប់ភារកិច្ច សម្តេចនឹងអញ្ជើញទៅចូលរួម។
ក្នុងជំនួបនោះដែរ សម្តេចតេជោ និងឯកឧត្តម Prabowo Subianto បានពិភាក្សាគ្នាអំពីការផ្លាស់ប្ដូរយោបល់ ជុំវិញសុភាពការណ៍ក្នុងតំបន់ មានបញ្ហានៅសមុទ្រចិនខាងត្បូង បញ្ហាមីយ៉ាម៉ាដែលទាំងសម្ដេចតេជោ និងឯកឧត្តម Prabowo Subianto សុទ្ធតែមានទស្សនៈក្នុងការធ្វើឱ្យតំបន់ទាំងនោះ មានសុខសន្តិភាព ស្ថិរភាពដែលបម្រើផលប្រយោជន៍ជូនដល់ប្រជាជនទាំងមូល៕
ចែករំលែកព័តមាននេះ