បន្ទាយមានជ័យ ៖ កម្មករកម្មការិនីរោងចក្រកាត់ដេរប្រមាណជិត២០០នាក់ មិនព្រមធ្វើការ នាំគ្នាតវ៉ាសុំបើកប្រាក់ខែ ដោយក្រុមហ៊ុនអឹមអិលមិនព្រមបើកប្រាក់ខែអោយ ដែលធ្វើការតវ៉ា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅភូមិអូរនាង សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ។
តំណាងកម្មករកម្មការិនីបានប្រាប់ថា ៖ មូលហេតុដែលពួកគាត់សម្រេចចិត្តមិនធ្វើការ ហើយនាំគ្នាតវ៉ានៅមុខរោងចក្រ គឺសុំអោយក្រុមហ៊ុន(ML INTIMATE APPAREL.CAMBODIA.LTD)បើកប្រាក់ខែអោយពួកគាត់អោយបានទៀងទាត់ និងកំណត់អោយបានច្បាស់លាស់ ព្រោះកន្លងមកក្រុមហ៊ុនបានបើកប្រាក់ខែដល់កម្មករ និងកម្មការិនីមិនបានច្បាស់លាស់នោះទេ ខែខ្លះបើកប្រាក់ខែ នៅថ្ងៃទី០៨ ឬថ្ងៃ១០ ហើយខែខ្លះបើក នៅចុងខែក៏មានដែរ ទើបកម្មករកម្មការិនីនាំគ្នាសម្រេចមិនធ្វើការ ហើយនាំគ្នាតវ៉ាមុខក្រុមហ៊ុនសុំអោយដោះស្រាយដល់ពួកគាត់ដោយនិងកំណត់ពេលវេលាបើកប្រាក់ខែអោយបានទៀងទាត់ និងច្បាស់លាស់ ។
កម្មករកម្មការិនីបានបញ្ជាក់ថា ៖ ក្រោយពេលដែលកម្មករកម្មការិនីនាំគ្នាធ្វើការតវ៉ា សុំអន្តរាគមន៍ដោះស្រាយឃើញមានវត្តមានអភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ទីជំនាញអាជ្ញាធរមូលដ្ឋាន មានក្រុងប៉ោយប៉ែត និងសមត្ថកិច្ចមាននគរបាល និងកងរាជអាវុធហត្ថ បានចុះមកធ្វើសម្របសម្រួលរវាងកម្មករ និងកម្មការិនីជាមួយក្រុមហ៊ុនខាងលើដែលជារោងចក្រកាត់ដេរខោអាវ ដោយសម្រេចកំណត់ថ្ងៃបើកប្រាក់ខែ នៅថ្ងៃទី១០ រៀងរាល់ខែទើបពួកគាត់សម្រេចចិត្តរំសាយការតវ៉ា ហើយសន្យាចូលធ្វើការវិញ ។
លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែតបានប្រាប់ថា ៖ កម្មករកម្មការិនី ប្រមាណជាង១០០នាក់ ដែលធ្វើការក្រុមហ៊ុនអឹមអិល ដែលជាក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ខោអាវ នៅតំបន់ឧស្សាហកម្មអូរនាង ក្រុងប៉ោយប៉ែត បាននាំគ្នាមិនធ្វើការ ហើយនាំគ្នាតវ៉ាសុំអោយក្រុមហ៊ុនបើកប្រាក់ខែអោយបានទៀងទាត់ នៅក្នុងបរិវេណក្រុមហ៊ុនអឹមអិល នៅម៉ោង៧ព្រឹក រហូតដល់ម៉ោង១២ទើបរំសាយក្រោយមានការសម្របសម្រួលពីលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ទីជំនាញអភិបាលក្រុងប៉ោយប៉ែត ។
លោកបានបញ្ជាក់ថា ៖ មូលហេតុដែលកម្មករកម្មការិនីមិនធ្វើការ ហើយនាំគ្នាតវ៉ាសុំអន្តរាគមន៍ដោះស្រាយជូនពួកគាត់ ដែលក្រុមហ៊ុនមួយនេះ រយៈពេលកន្លងមក បើកប្រាក់ខែមិនទៀងទាត់ខែខ្លះបើកដើមខែ និងខែខ្លះបើកចុងខែក៏មានទើបអាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ទីរជំនាញ និងក្រុងប៉ោយប៉ែតធ្វើការសម្របសម្រួល ទាំងកម្មករ និងកម្មការិនី និងភាគីក្រុមហ៊ុនបានសម្រេចបើកប្រាក់ខែអោយបានទៀងទាត់ នៅថ្ងៃទី១០ តាមកំណត់ទើបកម្មករកម្មការិនីយល់ព្រម និងរំសាយ ៕
ចែករំលែកព័តមាននេះ