រាជធានីភ្នំពេញ ៖ ប្រទេសកាហ្សាក់ស្ថាន គម្រោងនឹងបើកជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងក្រុងព្រះសីហនុ ។ នេះបើតាមលោកទូតកាហ្សាក់ស្ថាន ប្រាប់សម្តេចតេជោប្រមុខរដ្ឋស្តីទី ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៤ បានអនុញ្ញាតឱ្យលោក កាណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ចូលជូនសារតាំងនៅវិមានព្រឹទ្ធសភា ។ នៅក្នុងជំនួបលោកទូត បានជម្រាបសម្តេចតេជោ ប្រមុខរដ្ឋស្តីទី ពីគម្រោងតភ្ជាប់ជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងក្រុងព្រះសីហនុផងដែរ ដើម្បីពង្រីកទំនាក់ទំនងវប្បធម៌ ជំរុញកំណើនទេសចរ និងជំរុញអ្នកវិនិយោគដែលត្រូវធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ ។
លោកទូតក៏បានលើកអំពីការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនរបស់កម្ពុជា និងបណ្តាប្រទេសអាស៊ានជាមួយផ្លូវសូត្រចិន និងច្រករបៀង Caspian (Caspian Corridor) ដែលអាចឱ្យកម្ពុជាដឹកជញ្ជូនទំនិញទៅអឺរ៉ុបដោយប្រើរយៈពេលត្រឹម១៥ថ្ងៃ បើធៀបទៅនឹងការដឹកតាមសមុទ្រ ដែលត្រូវប្រើរយៈពេល២ខែ ។
លើសពីនេះទៅទៀត ឯកអគ្គរដ្ឋទូត ក៏បានលើកពីគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដោយឯកឧត្តម មានបំណងរៀបចំឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងរដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសទាំងពីរ ដើម្បីពិភាក្សាពីយន្តការការពារ និងព្យាបាលក្នុងវិស័យវេជ្ជសាស្ត្រ ដែលមានការផលិតវ៉ាក់សាំងទប់ស្កាត់ជំងឺរាតត្បាតជាដើម ។
នៅក្នុងសម័យកូវីដ១៩ កាហ្សាក់ស្ថានបាន ផលិតវ៉ាក់សាំង ដោយជោគជ័យចំនួន២ ប្រភេទ ។ លោកឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរសម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូតផងដែរ ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកអគ្គរដ្ឋទូតបានសូមគោរពអញ្ជើញ សម្តេចតេជោ បំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន និងចូលរួមសន្និសីទអន្តរជាតិដែលកាហ្សាក់ស្ថានធ្វើជាម្ចាស់ផ្ទះ ដើម្បីសម្តេចតេជោ អាចចែករំលែកបទពិសោធទស្សនៈដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិតទៅដល់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសដទៃទៀត ជាពិសេស គឺបណ្តាប្រទេសនៅអាស៊ីកណ្តាល ។
ជាការឆ្លើយតប សម្តេចតេជោ ប្រមុខរដ្ឋស្តីទីបានអរគុណលោកឯកអគ្គរដ្ឋទូតដែលបានរំលេចពីទំនាក់ទំនងជាង៣០ឆ្នាំមកនេះ និងបញ្ហាមួយចំនួនដែលប្រទេសយើងទាំងពីរគួរសហការគ្នា ។ សម្តេចតេជោ បានអបអរសាទរដល់ប្រទេសកាហ្សាក់ស្ថានដែលបានសម្រេចនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័សរហូតក្លាយជាប្រទេសមានចំណូលខ្ពស់ ។
សម្តេចតេជោ បានធ្វើការកត់សម្គាល់ថា កាហ្សាក់ស្ថានបានដើរនាំមុខបណ្តាប្រទេសក្នុងតំបន់អាស៊ីកណ្តាល លើបញ្ហាជាច្រើនទាំងទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង និងអង្គការអន្តរជាតិ, ទំនាក់ទំនងពាណិជ្ជកម្ម និងការធ្វើទំនើបកម្មសេដ្ឋកិច្ច ។ សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចធ្លាប់អញ្ជើញទៅទស្សនកិច្ចនៅកាហ្សាក់ស្ថាន ក្នុងឆ្នាំ១៩៨២ តាំងពីប្រទេសនេះនៅក្នុងសហភាពសូវៀតនៅឡើយ ដែលបានសេចក្តីថា យើងមានទំនាក់ទំនងនឹងគ្នាលើសពី៣០ឆ្នាំ ។
ក្នុងដំណើរទស្សនកិច្ច សម្តេចនៅចាំបានថា ទឹកដីកាហ្សាក់ស្ថាន ត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលថាមពលនុយក្លេអ៊ែនាសម័យនោះ ។ សម្តេចតេជោ បានកោតសរសើរប្រទេសកាហ្សាក់ស្ថានដែលជាប្រទេសមានភ័ព្ទសំណាងសម្បូរទៅដោយធនធានធម្មជាតិដូចជាប្រេង និងរ៉ែធម្មជាតិផ្សេងៗ ព្រមទាំងមានសក្តានុពលវិស័យកសិកម្មថែមទៀត ។
សម្តេចតេជោ បានគាំទ្រចំពោះគំនិតផ្តួចផ្តើមដែលឯកឧត្តមអគ្គរដ្ឋទូតបានលើកឡើង ដូចជាកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូត និងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញទំហំពាណិជ្ចកម្មជាដើម ។ ក្នុងនោះ សម្តេចតេជោ បានផ្តល់អនុសាសន៍ឱ្យគិតគូររៀបចំកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដែលក្រសួងការបរទេសនៃប្រទេសទាំងពីរត្រូវបន្តពិភាក្សា ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មរបស់យើង គឺនៅទាបខ្លាំងណាស់ ខណៈសក្តានុពលនៃប្រទេសយើងពីរមានច្រើន ។ សម្តេចតេជោ ក៏បានគាំទ្រគំនិតផ្តួចផ្តើមតភ្ជាប់ផ្លូវអាកាសដោយការហោះហើរត្រង់បីកាហ្សាក់ស្ថានមកព្រលានយន្តហោះនៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ។
សម្តេចតេជោ មានប្រសាសន៍ថា ប្រជាជនកាហ្សាក់ស្ថាន ក៏ដូចប្រជាជនរុស្ស៊ី គឺចូលចិត្តមកសម្រាករដូវក្តៅនៅអាស៊ី ដើម្បីគេចពីរដូវត្រជាក់នៅក្នុងប្រទេសរបស់ខ្លួន និងភាគច្រើនគឺចូលចិត្តទៅលេងតំបន់សមុទ្រ ហើយកម្ពុជាមានលទ្ធភាពផ្គត់ផ្គង់ជូនតាមតម្រូវការដល់អ្នកទេសចរទាំងនេះ ។ ចំពោះការតភ្ជាប់ផ្លូវលឿនលឿនអាស៊ី និងផ្លូវរទេះភ្លើងល្បឿនលឿនអាស៊ី ដែលភ្ជាប់ប្រទេសតំបន់អាស៊ានទៅចិន និងទៅអាស៊ីកណ្តាល ប្រទេសកម្ពុជា នឹងអនុវត្តតាមផែនការអាស៊ាន ស្តីពីការតភ្ជាប់នេះដែលច្បាស់ណាស់ និងឆ្លងកាត់កាហ្សាក់ស្ថានផងដែរ ។
សម្តេចតេជោ ក៏បានអបអរសាទរកាហ្សាក់ស្ថាន ដែលទទួលបានជោគជ័យក្នុងការផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។ សម្តេច ជឿថា ជំងឺកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីមនុស្សនោះទេ ដោយសារការបំប្លែងខ្លួនរបស់វាជាបន្តបន្ទាប់ ។ ដូច្នេះកម្ពុជានឹងនឹកឃើញប្រទេសកាហ្សាក់ស្ថាន ដែលជាប្រទេសដៃគូនៅពេលត្រូវការវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។ សម្តេចតេជោ ក៏បានបង្ហាញការសោកស្តាយដែលពុំបានចូលរួមសន្និសីទ CICA ក្នុងឆ្នាំ២០២២ ដោយពេលនោះសម្តេចតេជោ ជាប់កាតព្វកិច្ចជាប្រធានអាស៊ាន ។
សម្តេចតេជោ បានគូសបញ្ជាក់អំពីការបន្តគាំទ្រកាហ្សាក់ស្ថាន នៅក្នុងវេទិកាអន្តរជាតិ ដែលមានទំនាក់ទំនងការទូត និងមិត្តភាពជាមួយកម្ពុជា ។ ជាមួយគ្នានោះ សម្តេចតេជោ ក៏បានស្នើទៅកាហ្សាក់ស្ថានឱ្យគាំទ្របេក្ខភាពកម្ពុជាក្លាយជាប្រទេសសង្កេតការណ៍ផ្លូវការណ៍របស់កិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ផងដែរ ។
ការបន្តគាំទ្រគ្នាទៅវិញទៅមកនេះ មិនគួរធ្វើតែក្នុងកម្រិតប្រទេស និងប្រទេសនោះទេ សម្តេចតេជោ បានជម្រាបទៅឯកឧត្តមអគ្គរដ្ឋទូតថា គួរធ្វើក្នុងកម្រិតតំបន់ និងតំបន់ផងដែរ ពោល គឺក្នុងកម្រិត អឺរ៉ាស៊ី និងអាស៊ាន ៕
ចែករំលែកព័តមាននេះ