ប្រទេសថៃ ៖ ជាមួយនឹងការចំណាយសម្រាប់បណ្តាអាជីវកម្មថៃនៅតែបន្តកើនឡើង អ្នកសេដ្ឋកិច្ចជំរុញឱ្យរដ្ឋាភិបាលដាក់ពន្ធលើការនាំចូលទំនិញតម្លៃថោកមកពីប្រទេសចិន។ ស្របពេលនៅសល់តែ២ខែទៀតប៉ុណ្ណោះ ពោលគឺរហូតដល់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកវិភាគមួយរូបកំពុងព្រមានថា មិនថាអ្នកណាឈ្នះនោះទេ សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន នឹងបន្តកើតមានជាក់ជាមិនខាន។ នេះបើតាមប្រភពពីសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។
លោក ភីផាត ហ្លួងណារឿមឆៃ (Phiphat Luangnaruemitchai) ប្រធានសេដ្ឋវិទូរបស់ KKP Research នៃក្រុមហ៊ុន Kiatnakin Phatra Securities (KKP) បានលើកឡើងថា ប្រសិនបើលោក ដូណាល់ ត្រាំ (Donald Trump) ឈ្នះ នោះផលប៉ះពាល់លើប្រទេសថៃនឹងកាន់តែធ្ងន់ធ្ងរ។ លទ្ធភាពនៃការដំឡើងពន្ធលើប្រទេសចិនគឺខ្ពស់ណាស់។ ដែលនេះនឹងធ្វើឱ្យប្រទេសថៃក្លាយជាផ្លូវឆ្លងកាត់សម្រាប់ពាណិជ្ជកម្ម ហើយនៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសចិនធ្លាក់ចុះ និងពាណិជ្ជកម្មក្នុងស្រុកធ្លាក់ចុះ ទំនិញតម្លៃថោកមកពីចិន នឹងត្រូវនាំចេញទៅកាន់ប្រទេសជាច្រើន នៅក្នុងនោះរួមទាំងប្រទេសថៃផងដែរ។
លោកបន្តថា «ឥទ្ធិពលនៃការនាំចូលរបស់ប្រទេសចិន ត្រូវបានគេដឹងរួចហើយ។ ចិនបានប្រើប្រាស់ប្រទេសថៃគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ហើយការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ចិនបានបណ្តាលឱ្យមានការហូរចូលទំនិញតម្លៃថោករបស់ចិនចូលក្នុងប្រទេសថៃ។ ដែលនេះបានធ្វើឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង និងធ្វើឱ្យការប្រកួតប្រជែងរបស់អាជីវកម្មថៃធ្លាក់ចុះខ្លាំងផងដែរ»។
ប្រភពពីសារព័ត៌មានថៃ The Nation បានបន្តថា ក្នុងរយៈពេល៦ខែដំបូង ឆ្នាំនេះ ឱនភាពពាណិជ្ជកម្មជាមួយចិនបានកើនឡើងដល់ ៣០ពាន់លានដុល្លារអាមេរិក។ ហើយសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន បាននាំឱ្យមានការថយចុះនៃទំហំពាណិជ្ជកម្មពិភពលោក ដែលនៅក្នុងនោះបានកាត់បន្ថយឱកាសពាណិជ្ជកម្មរបស់ប្រទេសថៃ ដែលបានបង្កើនការចំណាយសម្រាប់អាជីវកម្មថៃ។ ឥទ្ធិពលនៃស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិន គឺប៉ះពាល់ជាពិសេសចំពោះឧស្សាហកម្មសំខាន់ៗ ៤ របស់ប្រទេសថៃ ដែលរួមមាន ដែកថែប យានយន្ត ឧបករណ៏រក្សាទុកទិន្នន័យ ឬ Hard Disk Drive (HDD) និងគីមីឥន្ធនៈ ដែលសុទ្ធតែជាឧស្សាហកម្មសំខាន់របស់ខ្លួន។
លោក ភីផាត ហ្លួងណារឿមឆៃ បានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលថៃគួរដាក់ពន្ធលើការនាំចូលទំនិញរបស់ចិន ដែលមានចេតនាបង្កើតតម្លៃក្រោមតម្លៃផលិតកម្ម និងធានាថា គុណភាពនៃផលិតផលចិន ត្រូវតាមស្តង់ដារដូចគ្នានឹងទំនិញថៃ។ រដ្ឋាភិបាលគួរតែមានកិច្ចខិតខំប្រឹងប្រែងជំរុញការវិនិយោគដោយការទាក់ទាញមូលធនបរទេស និងរៀបចំកម្លាំងពលកម្មគាំទ្រឧស្សាហកម្មថ្មី ដោះស្រាយកង្វះកម្លាំងពលកម្ម។
លើសពីនេះ រដ្ឋាភិបាលគួរដោះស្រាយបញ្ហាបទប្បញ្ញត្តិ ដើម្បីកាត់បន្ថយការរឹតបន្តឹងលើការវិនិយោគបរទេស និងធានាស្ថិរភាពនយោបាយក្នុងប្រទេស។ មិនតែប៉ុណ្ណោះ អាជីវកម្មថៃត្រូវតែចេះសម្របខ្លួនដោយការវិនិយោគលើការច្នៃប្រឌិតថ្មី ដើម្បីការផ្លាស់ប្តូរឆ្ពោះទៅរកការប្រកួតប្រជែងជាមួយផលិតកម្ម និងផលិតផលដែលមានគុណភាពខ្ពស់ជាងមុន៕
ចែករំលែកព័តមាននេះ