ទីក្រុងយេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកណឺតាន់យ៉ាហ៊ូ នៅតែប្រកាន់គោលជំហររឹងមាំថាលោកមិនអាចធ្វើទៅតាមការដាក់សម្ពាធពីអ្នកដទៃបានឡើយនៅក្នុងការចរចាគ្នាឱ្យមានបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំង។ ឥឡូវនេះមនុស្សរាប់សែននាក់ចេញហែបាតុកម្មយ៉ាងគគ្រឹកគគ្រេងនៅតាមដងវិថីនៃប្រទេសអ៊ីស្រាអែលដើម្បីទាមទារឱ្យមានបទឈប់បាញ់។ សម្ពាធទៅលើរដ្ឋាភិបាលមានកាន់តែខ្លាំងបន្ទាប់ពីអ៊ីស្រាអែលរកឃើញចំណាប់ខ្មាំងស្លាប់៦នាក់ថែមទៀត។
អ្នកខ្លះប្រមូលផ្ដុំគ្នាក្បែរផ្ទះលោកណឺតាន់យ៉ាហ៊ូ។ ពួកគេដុតភ្លើង និងស្រែកខ្លាំងៗថាលោកជាមេដឹកនាំ។ លោកត្រូវតែមានទោស។ អ្នកខ្លះប្រមូលផ្ដុំគ្នានៅខាងក្រៅស្ថានទូតអាមេរិកប្រចាំទីក្រុងតែឡាវីវ។ ក្រុមអ្នករិះគន់យល់ថាលោកណឺតាន់យ៉ាហ៊ូមិនខ្វាយខ្វល់នឹងការអំពាវនាវរបស់ក្រុមគ្រួសារចំណាប់ខ្មាំងទេ។ សព្វថ្ងៃនេះនៅសល់ចំណាប់ខ្មាំងជាងមួយរយនាក់ទៀតដែលស្ថិតនៅក្នុងដៃរបស់ក្រុមហាម៉ាស់។ នៅក្នុងចំណោមនោះ គេគិតថាចំណាប់ខ្មាំងយ៉ាងតិច៣៥នាក់បានស្លាប់ហើយ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីយប់មិញ លោកណឺតាន់យ៉ាហ៊ូនិយាយរបៀបផ្គើនដាក់អ្នកដែលចង់ដាក់សម្ពាធទៅលើរូបលោក។ លោកថ្លែងថានៅក្នុងលោកនេះ លោកមិនចុះញ៉មនរណាទាំងអស់។ លោកថាគ្មានរនណាម្នាក់អាចបង្គាប់បញ្ជាលោកបានឡើយ។ លោកសូមការយោគយល់អធ្យាស្រ័យពីក្រុមគ្រួសារចំណាប់ខ្មាំងដែលទើបតែស្លាប់៦នាក់នោះ។ ប៉ុន្តែលោកនៅតែនិយាយដដែលឡើងវិញថាអ្នកទទួលខុសត្រូវគួរតែជាក្រុមហាម៉ាស់ដែលត្រូវធ្វើសម្បទាននៅក្នុងរឿងនេះ។
លោកបៃដឹននៅតែសង្ឃឹមថាការចរចាគ្នាមិនទាន់អស់ផ្លូវដើរនៅឡើយទេ។ ថ្ងៃណាមួយនឹងមានកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងមកវិញ។ លោកថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមានបន្ទាប់ពីដឹងថានៅក្នុងចំណោមចំណាប់ខ្មាំងដែលស្លាប់ទាំង៦នាក់នោះក៏មានជនជាតិអាមេរិកដើមកំណើតអ៊ីស្រាអែលម្នាក់ផងដែរ។ ទាហានអ៊ីស្រាអែលថ្លែងថាពួកគេរកឃើញសាកសពទាំងនោះនៅក្នុងរូងក្រោមដីនៃតំបន់ហ្កាហ្សា។ ពួកគេទំនងជាត្រូវគេបាញ់សម្លាប់មុនពេលទាហានអ៊ីស្រាអែលទៅដល់។
លោកបៃដឹន និងលោកណឺតាន់យ៉ាហ៊ូសុទ្ធតែទទួលរងសម្ពាធដូចគ្នាពាក់ព័ន្ធនឹងបញ្ហាចំណាប់ខ្មាំង។ លោកទាំង២ទទួលរងការរិះគន់ខ្លាំងៗដែលមិនអាចរៀបចំយុទ្ធសាស្ត្រនៃបទឈប់បាញ់ឱ្យបានល្អ។ ជាពិសេស លោកបៃដឹនត្រូវគេរិះគន់ខ្លាំងដែលមិនអាចគាបសង្កត់លោកណឺតាន់យ៉ាហ៊ូដើម្បីទទួលយកបទឈប់បាញ់ ហើយនឹងយកចំណាប់ខ្មាំងត្រឡប់មកវិញ។
តាមពិត មិនមែនលោកបៃដឹនមិនដាក់សម្ពាធទៅលើលោកណឺតាន់យ៉ាហ៊ូនោះទេ។ លោកបៃដឹនធ្លាប់និយាយរឿងនេះជាច្រើនដងហើយ។ ប៉ុន្តែលោកណឺតាន់យ៉ាហ៊ូខ្លួនឯងក៏ពិបាកសម្រេចចិត្តនៅក្នុងរឿងនេះដូចគ្នា។ លោកទទួលរងសម្ពាធពីក្រុមស្ដាំនិយមជ្រុលនៅក្នុងរដ្ឋាភិបាលចម្រុះ។ បើលោកណឺតាន់យ៉ាហ៊ូមិនធ្វើតាមពួកគេទេ ពួកគេនឹងដកខ្លួនពីរដ្ឋាភិបាលចម្រុះ ហើយធ្វើឱ្យលោកណឺតានយ៉ាហ៊ូធ្លាក់ពីអំណាចភ្លាម៕
ចែករំលែកព័តមាននេះ