ទីក្រុងវ៉ាស៊ីនតោន៖ ថ្មីៗនេះ អាជ្ញាធរអាមេរិករឹបអូសយន្តហោះប្រធានាធិបតីវេណេហ្ស៊ូអេឡា លោកនីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) ដែលជាផ្នែក១នៃការដាក់ទណ្ឌកម្ម ហើយអាចបង្កជាភាពតានតឹងរវាងប្រទេសទាំង២។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីលោកម៉ាឌូរ៉ូប្រកាសថាលោកទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពី១ខែមុន។
អាជ្ញាធរអាមេរិកបញ្ជាក់ថាខ្លួនបានរឹបអូសយន្តហោះនោះនៅសាធារណរដ្ឋដូមីនីកាំង (Dominican) បន្ទាប់ពីស្រាវជ្រាវដឹងថាលោកម៉ាឌូរ៉ូទិញយន្តហោះនេះល្មើសនឹងលក្ខខណ្ឌនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកទៅលើប្រទេសវេណេហ្ស៊ូអេឡា។ យន្តហោះនេះត្រូវមន្ត្រីរដ្ឋាភិបាលអាមេរិកប្រៀបប្រដូចទៅនឹងយន្តហោះប្រធានាធិបតីអាមេរិកម៉ាកអ៊ែហ្វស់វាន់ (Air Force One)។ យន្តហោះនេះ (យន្តហោះរបស់ម៉ាឌូរ៉ូ) ត្រូវគេដឹកចេញពីដូមីនីកាំងទៅរដ្ឋផ្លរីដា ប្រទេសអាមេរិកហើយ។
អគ្គរដ្ឋអាជ្ញាអាមេរិករៀបរាប់នៅក្នុងសេចក្ដីប្រកាសថាក្រសួងយុត្តិធម៌រឹបអូសយន្តហោះ១គ្រឿងដែលខ្ចីដៃក្រុមហ៊ុនឯកជនទិញនៅក្នុងតម្លៃ១៣លានដុល្លារ និងដឹកចេញពីប្រទេសអាមេរិកដើម្បីទុកសម្រាប់ដឹកលោកម៉ាឌូរ៉ូ និងបក្សពួករបស់គាត់។ នេះជាសារនយោបាយប្រាប់ទៅលោកម៉ាឌូរ៉ូថាយន្តហោះដែលទិញដោយខុសច្បាប់ពីប្រទេសអាមេរិកដើម្បីទុកដឹកមន្ត្រីវេណេហ្ស៊ូអេឡាដែលជាប់ទណ្ឌកម្មមិនអាចហោះចេញទៅណាបានឡើយ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មអាមេរិក។
មិនខ្វល់ថាយន្តហោះនោះអស្ចារ្យប៉ុណ្ណា ឬមន្ត្រីដែលកុម្ម៉ង់ទិញនោះមានអំណាចកម្រិតណាទេ យើងនឹងបន្តចាត់វិធានការយ៉ាងក្ដៅគគុកជាមួយប្រទេសជាដៃគូនៅទូទាំងពិភពលោកដើម្បីកំណត់មុខសញ្ញាយន្តហោះណាខ្លះដែលទិញខុសច្បាប់ (ពីប្រទេសអាមេរិក) ដើម្បីបញ្ជូនទៅប្រទេសអាមេរិកវិញ។ យន្តហោះនោះម៉ាក Dassault Falcon 900EX មានឆ្នូតខៀវលាយក្រហមជាផលិតផលរបស់ប្រទេសបារាំង ចុះឈ្មោះម្ចាស់កម្មសិទ្ធិរស់នៅសាធារណរដ្ឋសាន់ម៉ារីណូ (San Marino) ទ្វីបអឺរ៉ុប។
យន្តហោះនេះត្រូវគេយកទៅលាក់ទុកនៅសាធារណរដ្ឋដូមីនីកាំងកាលពីប៉ុន្មានខែមុន។ លោកម៉ាឌូរ៉ូធ្លាប់ជិះយន្តហោះនេះទៅប្រទេសសាំងវ៉ាំងសង់ និងក្រេណាឌីន (St Vincent & Grenadines) គុយបា និងប្រេស៊ីល។ ប្រតិកម្មតបទៅនឹងការរឹបអូសនេះ រដ្ឋាភិបាលវេណេហ្ស៊ូអេឡាចាត់ទុកថាទង្វើនេះប្រៀបបាននឹងចោរប្លន់ដូច្នេះដែរ។ វេណេហ្ស៊ូអេឡាចោទថាអាមេរិកប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាមហាអំណាចសេដ្ឋកិច្ច និងយោធាដើរគាបសង្កត់ប្រទេសតូចៗដូចជាដូមីនីកាំងដើម្បីជួយខ្លួន។
គួរកត់សម្គាល់ថាការរឹបអូសយន្តហោះនេះធ្វើឡើងរយៈពេល៤ថ្ងៃក្រោយពេលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនអំពាវនាវជាថ្មីម្ដងទៀតឱ្យវេណេហ្ស៊ូអេឡាបង្ហាញភស្តុតាងគ្រប់គ្រាន់ថាលោកម៉ាឌូរ៉ូពិតជាមានជ័យជម្នះនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា។
បើយោងតាមទីក្រុងវ៉ាស៊ីនតោន ច្បាស់ណាស់ថាអ្នកដែលឈ្នះឆ្នោតគឺលោកកុងហ្សាឡេ (González) ដែលទទួលបានសំឡេងឆ្នោតភាគច្រើនលើសលប់។ ប៉ុន្តែវេណេហ្ស៊ូអេឡាមិនហ៊ានផ្សព្វផ្សាយលទ្ធផលឆ្នោតម្ដងណាទេ។ ហេតុនេះក៏កើតមានការតវ៉ា និងការបង្ក្រាបពីសំណាក់រដ្ឋាភិបាល ហើយឈានដល់ការចាប់ខ្លួនមនុស្សជាង១៦០០នាក់យកទៅដាក់ឃុំ៕
ចែករំលែកព័តមាននេះ