រាជធានីភ្នំពេញ ៖ នគរបាលជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសឲ្យប្រុងប្រយ័ត្ន ដោយសារ ក្នុងរយៈពេលថ្មីៗនេះ កម្លាំងជំនាញ បានសង្កេតឃើញមានគណនីតាមបណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានបង្ហោះផ្សព្វផ្សាយ និងចែកចាយបន្ត នូវតំណរភ្ជាប់បោកបញ្ឆោត ឬការផ្សាយពាណិជ្ចកម្ម(Sponsored លើហ្វេសប៊ុក)បោកបញ្ឆោត អំពីការលក់នាឡិការ Smart Watch S9 ដែលមានតំលៃថោកជាងទីផ្សារច្រើន ។
បើតាមការស្រាវជ្រាវរបស់នាយកដ្ឋាន រកឃើញថា តំណរភ្ជាប់ជាមួយការលក់ទំនិញថោកៗទាំងអស់នេះ គឺក្នុងគោលបំណងបោកបញ្ឆោត និងទាក់ទាញដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឲ្យមានការចាប់អារម្មណ៍ ដើម្បីធ្វើការបំពេញ នូវព័ត៌មានផ្ទាល់ខ្លួន ដែលជាហេតុបណ្ដាលឲ្យជនឆ្លៀតឱកាស អាចយកព័ត៌មានផ្ទាល់ខ្លួននេះ ទៅប្រើប្រាស់ក្នុងគោលបំណងទុច្ចរិតណាមួយ ឬបន្ទាប់ធ្វើការបញ្ជាទិញរួចរាល់ ហើយពុំទទួលបានឥវ៉ាន់ ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមនានា សូមប្រុងប្រយ័ត្ន និងពិនិត្យអោយបានច្បាស់លាស់ទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មអ្វីមួយ។ សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ ឬធ្វើការចែកចាយបន្ត និងកុំជឿការផ្សព្វផ្សាយណា ដែលគ្មានប្រភពច្បាស់លាស់ ជៀសវាងខាតបង់ផលប្រយោជន៍ ដោយសារការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៕
ចែករំលែកព័តមាននេះ