ទីក្រុងម៉ានីឡា៖ ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះទីហ្វុងឈ្មោះយ៉ាគី (Yagi) នៅប្រទេសហ្វ៊ីលីពីនបានកើនឡើងដល់១១នាក់ហើយគិតត្រឹមល្ងាចថ្ងៃចន្ទ។ ខ្យល់ព្យុះនេះបក់ទៅដល់ភាគខាងជើងកាលពីយប់ថ្ងៃអាទិត្យ និងពាំនាំទៅជាមួយនូវភ្លៀង, គ្រោះទឹកជំនន់ និងការបាក់ដីជាច្រើនកន្លែង។
ជារៀងរាល់ឆ្នាំ ប្រទេសហ្វ៊ីលីពីនរងគ្រោះដោយសារខ្យល់ព្យុះទីហ្វុងចាប់ពីចុងខែមិថុនាដល់ខែតុលាធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ និងស្លាប់មនុស្សរាប់សិបនាក់។ ខ្យល់ព្យុះយ៉ាគីបក់កាត់តំបន់ប៊ីខូល (Bicol) ភាគអាគ្នេយ៍ទីក្រុងម៉ានីឡា ហើយនឹងបក់ទៅដល់តំបន់ដីគោកកោះលូហ្សន (Luzon) នៅពេលឆាប់ៗនេះ។ អាជ្ញាធរសម្រេចចិត្តបិទទ្វារសាលារៀន និងអគាររបស់រដ្ឋនៅទូទាំងទីក្រុងម៉ានីឡាដើម្បីបង្ការខ្លួនពីគ្រោះថ្នាក់ផ្សេងៗដោយពេលនេះទឹកជំនន់កំពុងតែជន់ជោរពាសពេញដងវិថី។
សេវាដឹកជញ្ជូនតាមនាវាចម្លងនៅតំបន់រងគ្រោះត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្ន។ ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងស្រុកក៏ត្រូវលុបចោលជើងហោះហើរ២៩ខ្សែផងដែរ។ មនុស្សបីនាក់បានស្លាប់នៅក្នុងហេតុការណ៍បាក់ដីនៅតំបន់ជាយក្រុងម៉ានីឡា។ ក្នុងនោះមានស្ត្រីម្នាក់មានផ្ទៃពោះ។ ក្រៅពីនេះ គេស្រង់បានសាកសពមនុស្សលង់ទឹកយ៉ាងតិច៤នាក់នៅថ្ងៃចន្ទ។
ខ្យល់ព្យុះយ៉ាគីក៏បានបក់ទៅលើទីក្រុងណាហ្កា (Naga) ផងដែរសម្លាប់មនុស្ស២នាក់។ ក្នុងនោះមានកុមារីម្នាក់ស្លាប់នឹងលង់ទឹក។ មនុស្សជាងបីរយនាក់បន្តស្នាក់នៅក្នុងជំរំបណ្ដោះអាសន្ន។ ដោយសាររលកសមុទ្រខ្ពស់ៗពេក គេគិតថាទឹកជំនន់នៅទីក្រុងណាហ្កាដែលមានមនុស្សរស់នៅជាង២សែននាក់នេះមិនងាយស្រកទៅវិញទេ។
ដោយឡែក បើគេក្រឡេកទៅមើលស្ថានភាពនៅទីក្រុងសេប៊ូ (Cebu) ឯណោះវិញ។ ទីក្រុងនេះមានហេតុការណ៍បាក់ដីជាច្រើនកន្លែងសម្លាប់មនុស្សយ៉ាងតិច២នាក់ និងបំផ្លាញផ្ទះរបស់អ្នកស្រុក៥ខ្នង។ កាលពីខែកក្កដា ហ្វ៊ីលីពីនធ្លាប់រងគ្រោះដោយខ្យល់ព្យុះហ្គេមី (Gaemi) ដែលបណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់។
កាលនោះ មនុស្សយ៉ាងតិច២២នាក់បានស្លាប់។ ចំណែកខ្យល់ព្យុះយ៉ាគីថ្ងៃនេះមានល្បឿនជាមធ្យម៨៥គីឡូម៉ែត្រក្នុងមួយម៉ោង។ វាមានល្បឿនអតិបរមា១០៥គីឡូម៉ែត្រក្នុងមួយម៉ោងនៅពេលបក់សំដៅទៅភាគពាយព្យកោះលូហ្សនដែលជាកោះធំជាងគេ និងមានមនុស្សរស់នៅច្រើនជាងគេរបស់ហ្វ៊ីលីពីន៕
ចែករំលែកព័តមាននេះ