ប្រទេសឥណ្ឌូណេស៊ី ៖ ទីភ្នាក់ងារប្រឆាំងអំពើពុករលួយប្រទេសឥណ្ឌូនេស៊ីនឹងកោះហៅកូនប្រុសពៅលោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) ដើម្បីចូលខ្លួនមកបំភ្លឺជុំវិញការជិះយន្តហោះឯកជន១គ្រឿងធ្វើដំណើរទៅក្រៅប្រទេស កាលពីពេលថ្មីៗនេះ។
ប្រភពពីសារព័ត៌មាន South China Morning Post នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកអាឡិចសាន់ឌឺ ម៉ាវ៉ាតា (Alexander Marwata) អនុប្រធានទីភ្នាក់ងារប្រឆាំងអំពើពុករលួយបានបញ្ជាក់ក្នុងសន្និសីទខ្លីមួយ កាលពីថ្ងៃសុក្រមុនថា ការកោះហៅឱ្យបំភ្លឺនឹងត្រូវធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ ។
លោកបានបន្តទៀតថា លោក កែសាំង ប៉ាងហ្គារ៉េប (Kaesang Pangarep) កូនប្រុសពៅលោកប្រធានាធិបតី ចូកូ វីដូដូ នឹងត្រូវចោទសួរដើម្បីបញ្ជាក់ថា តើយន្តហោះឯកជន១គ្រឿង ដែលលោកជិះធ្វើដំណើរទៅក្រៅប្រទេសមានប្រភពមកពីណា?
អ្នកតំណាងលោក កែសាំង និងការិយាល័យប្រធានាធិបតីឥណ្ឌូនេស៊ី មិនអាចស្នើសុំការធ្វើអត្ថាធិប្បាយភា្លមៗពាក់ព័ន្ធនឹងរឿងនេះទេ។ លោក កែសាំង ខ្លួនឯងមិនមែនជាមន្ត្រីរដ្ឋាភិបាលក៏ដោយ ក៏ភ្នាក់ងារប្រឆាំងអំពើពុករលួយបានអះអាងថា ចាំបាច់ណាស់ត្រូវបញ្ជាក់ឱ្យច្បាស់ថា យន្តហោះឯកជន១គ្រឿងនោះ មិនមែនជាអំណោយមិនសមស្របដែលទទួលបានដោយសារតែតួនាទីរបស់ឪពុកគាត់។
សំណួររបស់ទីភ្នាក់ងារ ដែលប្រតិបត្តិការក្រោមការិយាល័យប្រធានាធិបតី មិនមានន័យថា បុរសអាយុ២៩ឆ្នាំរូបនេះ នឹងត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តខុសនោះទេ។ ប៉ុន្តែគឺជាការខកចិត្តមួយផ្សេងទៀតចំពោះលោក ចូកូ វីដូដូ បន្ទាប់ពីផ្ទុះការតវ៉ាទ្រង់ទ្រាយធំកាលពីខែមុន រារាំងការកែច្បាប់ដែលមានបំណងអនុញ្ញាតឱ្យលោក កែសាំង អាចឈរឈ្មោះក្នុងការបោះឆ្នោតថ្នាក់តំបន់ បើទោះបីជាមិនបានបំពេញតាមតម្រូវការអាយុកំណត់ក៏ដោយ។
រឿងរ៉ាវបានកើតឡើង បន្ទាប់ពីភរិយាលោក កែសាំង អ្នកនាង អ៊ីរីណា ហ្គូដូណូ (Erina Gudono) បានបង្ហោះរូបលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញឱ្យឃើញអ្នកទាំងពីរជិះយន្តហោះឯកជនទៅសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន។ សារព័ត៌មានក្នុងស្រុក Tempo បានរាយការណ៍ថា យន្តហោះឯកជននោះគឺជាយន្តហោះប្រភេទ Gulfstream G650ER ដែលតម្លៃជួលជាមធ្យមអាចឡើងដល់ ៣០០លានរូពី ដែលស្មើនឹង ១៩,១៥០ដុល្លារអាមេរិកក្នុងមួយម៉ោង។ ការចេញផ្សាយនេះបានបង្កឱ្យមានការពិនិត្យមើលថា តើថវិកាកូនប្រុសពៅប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះបានមកពីណា?
ព័ត៌មានលម្អិតអំពីដំណើរកម្សាន្តបែបអភិជនរបស់លោក កែសាំង និងភរិយា រួមទាំងការបង្ហោះអំពីគូស្នេហ៍មួយគូនេះកំពុងញ៉ាំបង្កងថ្លៃ និងការដើរទិញទំនិញប្រណិត ដែលប៉ាន់ស្មានថាមានតម្លៃជាង២០លានរូពី ដែលស្មើនឹងជិត១,៣០០ដុល្លារ កំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
គួរឱ្យដឹងថា លោក កែសាំង ប៉ាងហ្គារ៉េប គឺជាប្រធានគណបក្សនយោបាយ ដែលផ្តោតលើយុវជន ដែលជាផ្នែកមួយនៃសម្ព័ន្ធគាំទ្រលោកប្រធានាធិបតី ចូកូ វីដូដូ ដែលឪពុក រួមនឹងប្រធានាធិបតីជាប់ឆ្នោត លោក ប្រាបូវូ ស៊ូប៊ៀនតូ (Prabowo Subianto)។ មិនត្រឹមតែប៉ុណ្ណោះ លោក កែសាំង ក៏ជាសហគ្រិនផ្នែកចំណីអាហារ និងកាន់កាប់ភាគហ៊ុនប្រហែល ៤០% នៃក្លិបបាល់ទាត់ក្នុងស្រុកមួយ នៅស្រុកកំណើតរបស់គាត់ផងដែរ៕ (ប្រភព ៖ South China Morning Post)
ចែករំលែកព័តមាននេះ