ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ក្រោយ​ពេល​ដែល​ឆ្លងកាត់​របត់ និង​ព្យុះ​ភ្លៀង​នយោបាយ​ជា​បន្តបន្ទាប់ គណបក្ស​នយោបាយ​ថ្មី​មួយ​បាន​ចាប់កំណើត​ឡើង នៅ​ក្នុង​តំបន់​ដែល​មានឈ្មោះ​ស្រ​ដៀង​គ្នា​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ គណបក្ស​ប្រជាជន​ថ្មី​ដែល​បាន​ចាប់កំណើត​ឡើង​នេះ​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​គណបក្ស​ប្រជាជន​ក្នុង​ប្រទេស​ថៃ (the People’s Party)​ដែល​ចាប់កំណើត​ឡើង…

ក្រោយ​ពេល​ដែល​ឆ្លងកាត់​របត់ និង​ព្យុះ​ភ្លៀង​នយោបាយ​ជា​បន្តបន្ទាប់ គណបក្ស​នយោបាយ​ថ្មី​មួយ​បាន​ចាប់កំណើត​ឡើង នៅ​ក្នុង​តំបន់​ដែល​មានឈ្មោះ​ស្រ​ដៀង​គ្នា​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

គណបក្ស​ប្រជាជន​ថ្មី​ដែល​បាន​ចាប់កំណើត​ឡើង​នេះ​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​គណបក្ស​ប្រជាជន​ក្នុង​ប្រទេស​ថៃ (the People’s Party)​ដែល​ចាប់កំណើត​ឡើង នៅ​ថ្ងៃ​ទី​០៩ ខែ សីហា ឆ្នាំ​២០២៤ ដោយ​ភាគច្រើន​នៃ​សមាសភាព​ស្ថាបនិក​គណបក្ស​នេះ គឺ​មក​ពី​គណបក្ស​ឆ្ពោះទៅ​មុខ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​ធម្មនុញ្ញ នៅ​ក្នុង​ប្រទេស​នេះ កាលពី​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៤​ថ្មី​ៗ​នេះ ។

គណបក្ស​ថ្មី​នេះ ​តាម​ពិត​ទៅ​មានកំណើត​ដំបូង​ នៅ​ឆ្នាំ​២០១២ នៅ​ក្រោម​ឈ្មោះ​ថា គណបក្ស Thinkakhao ហើយ ក្រោយមក​ក៏​ប្រែ​ឈ្មោះ​មក​ជា​គណបក្ស Thinkakhao Chaovilai ហើយ​ចុង​ក្រោយ នៅ​ពេល​ដែល​សមាជិក​គណបក្ស​ឆ្ពោះទៅ​មុខ​អស់​ជម្រក​ដោយសារ​តែ​តុលាការ​ធម្មនុញ្ញ​រំលាយ​ចោល ភាគច្រើន​ក៏​បាន​មក​ចូលរួម​គណបក្ស​នេះ​រហូត​ដល់​ប្រែ​ឈ្មោះ​ជា​គណបក្ស​ប្រជាជន​នេះ​ឡើង ។
អ្នកវិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​ថា គណបក្ស​នេះ​អាច​ជា​គណបក្ស​រណប ឫ​គណបក្ស​ទ្រនាប់​មួយរបស់​ក្រុម​យុវជន​ដែល​បាន​គិត​ទុកជា​មុនសម្រាប់​ផែនការ​ផ្លូវ​ក្រោយ​នៅ​ពេល​ដែល​គោលដៅ​នយោបាយ​របស់​ពួក​គេ​ជួប​បញ្ហា ។

គណបក្ស​ប្រជាជន​នៅ​ប្រទេស​ថៃ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា មាន​ជំហរ​រីក​ចម្រើន និង​កំណែទម្រង់ ។ វា​ជា​គណបក្ស​សម្រាប់​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ​វិមជ្ឈការ​នៃ​អំណាច​ការ​ការពារ​សិទ្ធិ​មនុស្ស និង​កាត់​បន្ថយឥទ្ធិពល​របស់​យោធា និង​រាជាធិបតេយ្យ​នៅ​ក្នុង​នយោបាយ​នៅ​សង្គម​ថៃ ។

សមាភាព​អ្នកដឹកនាំ​របស់​គណបក្ស​នេះ គឺ​ដឹកនាំ​ដោយ​អ្នកនយោបាយ​វ័យក្មេងដែល​មានគំនិត​កែទម្រង់​ដែល​បាន​កសាង​មនៈសិកា​នយោបាយ​ដែល​ប្រឈម​មុខ​នឹង​រចនាសម្ព័ន្ធ​អំណាច​ជា​ប្រពៃណី​នៅ​ក្នុង​ប្រទេស​ថៃ ។ ពួក​គេ​តំណាង​ឱ្យ​រលក​ថ្មី នៃ​ការ​ដឹកនាំ​នយោបាយ​ដែល​ផ្តោត​លើ​ការ​ផ្លាស់​ប្តូរ​តាម​ប្រជាធិបតេយ្យ និង​យុត្តិធម៌​សង្គម ។

ស្ថានភាព​គណបក្ស​ប្រជាជន នៅ​ក្នុង​ប្រទេស​ថៃ នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​ដាច់ខាត​មិន​ដូច​ស្ថានភាព​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ ។ គណបក្ស​ប្រជាជន​នៅ​ថៃ គឺជា​ផ្នែក​មួយ​នៃ​គណបក្សប្រឆាំង នៅ​ក្នុង​ទិដ្ឋភាព​នយោបាយ​របស់​ប្រទេស​ថៃ ។ វា​ជា​សំឡេង​ដ៏​សំខាន់​មួយ​សម្រាប់​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ និង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​យុវជន​ជំនាន់​ក្រោយ និង​អ្នកបោះឆ្នោត​នៅ​តាម​ទីក្រុង ដែល​មាន​និន្នាការ និង​គោលដៅ​ច្បាស់លាស់​អត់​ងាករេ ទោះជា​ប្រឈម​មុខ​នឹង​សម្ពាធ​ក៏​ដូច​ជា វិធានការ​ច្បាប់ ម្តង​ហើយ​ម្តងទៀត​ក៏​ដោយ ។ ក្នុង​នាម​ជា​គណបក្ស​ដែល​បន្ត​នូវ​ឆន្ទៈ​នយោបាយ​របស់​គណបក្ស​ឆ្ពោះទៅ​មុខ​គណបក្ស​ប្រជាជន​នៅ​ថៃ នៅ​តែ​សម្រេច​បន្ត​នូវ​ឆ​ន្ទះ​នយោបាយ ដែល​ត្រូវ​បាន​សម្គាល់​ដោយ​ឧត្តមគតិ​កំណែទម្រង់ និង​វឌ្ឍនភាព ។

មូលហេតុ ដែល​អាច​សន្និដ្ឋាន​បែប​នេះ គឺ​ផ្អែក​ទៅ​តាម​សាវតា​របស់​គណបក្ស​នេះ ដែល​ពី​មុន​មានឈ្មោះ​ថា គណបក្ស Thinkakhao ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១២ ។ ការ​ចាប់បដិសន្ធិ​ថ្មី​នេះ តំណាង​ឱ្យ​ការ​វិវត្តន៍​ទី​បី​នៃ​គណបក្ស​អនាគត​ឆ្ពោះទៅ​មុខ​ដែល​ត្រូវ​បាន​រំលាយ នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២០ ។ គណបក្ស​ប្រជាជន​នេះ​ត្រូវ​បាន​កំណត់​ថា នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រៀបចំ​នយោបាយ​ថៃ​នា​ពេល​ខាង​មុខ ។ ជា​ច្រើន​ឆ្នាំ ជា​ពិសេស​នៅ​ក្នុង​ពន្លឺ​នៃ​ការ​កើនឡើង​នៃ​តម្រូវការ​សម្រាប់​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ និង​ការ​បំបែក​ចេញពី​រចនាសម្ព័ន្ធ​អំណាច​ប្រពៃណី ។

ចំណុចខ្លាំង​របស់​គណបក្ស​ប្រជាជន​ថៃ ដែល​ទើប​បង្កើត​ឡើង​នេះ វា​គឺជា​គណបក្ស​ដែល​ទទួល​នូវ​មរតក​ក្រមសីលធម៌​នយោបាយ​របស់​អ្នក​កាន់​តំណែង​មុន គឺ​គណបក្ស​អនាគត​ឆ្ពោះទៅ​មុខ (Future Forward Party) និង​គណបក្ស​ឆ្ពោះទៅ​មុខ ( Move Forward Party) ដែល​ត្រូវ​រំលាយ​ចោល ។ គណបក្ស​ទាំងនេះ​ត្រូវ​បាន​កំណត់​លក្ខណៈ​ពិសេស​ដែល​អាច​ច្បាម​ចិត្ត និង​ទស្សនៈ​របស់​អ្នកបោះឆ្នោត​វ័យក្មេង និង​ឆន្ទៈ​របស់​ពួក​គេ​ក្នុង​ការ​ប្រជែង​នឹង​ការ​បង្កើត​នយោបាយ​ដ៏​រឹង​មាំ​របស់​ប្រទេស​ថៃ ប្រឈម​នឹង​ឥទ្ធិពល​របស់​យោធា​នៅ​ក្នុង​នយោបាយ និង​រចនាសម្ព័ន្ធ​នៃ​អំណាច​របស់​រាជាធិបតេយ្យ​តាម​របប​អា​មាត្រ ។

នេះ​គឺជា​ឆ​ន្ទះ​នយោបាយ​ដ៏​មោះមុត​របស់​ក្រុម​អ្នកនយោបាយ​វ័យក្មេង​របស់​ថៃ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ គណបក្ស​ប្រជាជន​នៅ​ក្នុង​ប្រទេស​ថៃ​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​ជា​ច្រើន ។ ការ​រំលាយ​គណបក្ស​ឆ្ពោះទៅ​មុខ ដោយ​តុលាការ​ធម្មនុញ្ញ​ក្រោម​ហេតុផល​ដែល​មនុស្ស​ជា​ច្រើន​មើលឃើញ​ថា មាន​ហេតុផល​នយោបាយ​បាន​ឆ្លុះ​បញ្ចាំង​ពី​ឧបសគ្គ​ដែល​ពិបាក​បំផុត ខណៈ​ដែល​ទិដ្ឋភាព​នយោបាយ​របស់​ប្រទេស នៅ​តែ​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​យោធា ឥស្សរជន​អភិរក្ស និង​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល​ដែល​ធន់​នឹង​ការ​ផ្លាស់​ប្តូរ ។

ការ​លេច​ចេញ​នៃ​គណបក្ស​ប្រជាជន​នៅ​ថៃ​នេះ អាច​ជា​កត្តា​ជំរុញ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​នយោបាយ​កាន់តែ​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​ថៃ ។ តាម​រយៈ​ការ​បន្ត​នូវ​កេរដំណែល​កំណែទម្រង់​របស់​អ្នក​កាន់​តំណែង​មុន និង​ចូល​ទៅ​ក្នុង​ការ​កើនឡើង​នៃ​តម្រូវការ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ក្នុង​ចំណោម​ប្រជាជន​បក្ស​ប្រជាជន​នេះ មាន​សក្តានុពល​ក្នុង​ការ​ផ្លាស់​ប្តូរ​គន្លង​នៃ​នយោបាយ​ថៃ ។

គណបក្ស​ប្រជាជន​នៅ​ថៃ​នេះ​តំណាង​ឱ្យ​ជំពូក​ថ្មី​មួយ ក្នុង​ការ​តស៊ូ​បន្ត​សម្រាប់​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ក៏​អាច​ចាត់ទុកជា​ពន្លក​នៃ​ការ​កសាង​អំណាច​និង​តួនាទី​របស់​យុវជន​នៅ​ក្នុង​តំបន់ ប៉ុន្តែ​កុំ​ប្រៀបធៀប​ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​ដ៏​ចំណាស់​មួយ​នៅ​អាស៊ី​អ​គ្នេ​យ៍ ហើយ​ជា​គណបក្ស​ដែល​កាន់​អំណាច តាំង​តែ​ពី​ឆ្នាំ​១៩៧៩ មក​ដល់​ពេល​នេះ​ខណៈ​ដែល​គណបក្ស​ប្រជាជន​នៅ​ប្រទេស​ថៃ គឺ​ក្មេងខ្ចី​ដែល​មាន​មូលដ្ឋាន​ទើបតែ​ជាង​១០​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ម្យ៉ាងទៀត​គណបក្ស​ទាំង​ពីរ​ក៏​មាន​លក្ខណៈ និង​គោលដៅ​នយោបាយ​ខុស​គ្នា ។ គណបក្ស​ទាំង​ពីរ​ទោះបីជា​មានឈ្មោះ​ស្រ​ដៀង​គ្នា ប៉ុន្តែ​មាន​មូលដ្ឋាន​មនោ​គម​វិជ្ជា តួនាទី និង​យុទ្ធសាស្ត្រ​ក្នុង​ប្រព័ន្ធ​នយោបាយ​រៀង​ៗ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ