ខេត្តបាត់ដំបង ៖ រយៈពេល០២ថ្ងៃនៃដើមខែកញ្ញានេះ អគ្គិភ័យបានកើតឡើងចំនួន០២លើកផ្ទូនៗគ្នានៅស្រុកផ្សេងគ្នាក្នុងខេត្តបាត់ដំបង តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យជំនាញដែលបានរាយការណ៍អំពីគ្រោះអគ្គិភ័យនេះ ។
មន្ត្រីជំនាញបានរាយការណ៍ថា នៅរសៀលថ្ងៃទី០១ កញ្ញា អគ្គិភ័យបានឆេះផ្ទះនៅភូមិបវេល១ ឃុំបវេល ស្រុកបវេល របស់ឈ្មោះ កូប សុផា ភេទប្រុស អាយុ៧១ឆ្នាំ ។ បើតាមម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថា អគ្គិភ័យបានឆេះផ្ទះបាយគាត់ផ្នែកខាងក្រោយ មិនឆេះឆ្លងដល់ផ្ទះស្នាក់នៅទេ ។ ផ្ទះបាយគាត់មានទំហំ៤ម៉x៥ម៉ ធ្វើពីឈើប្រក់ស័ង្កសី។
មន្ត្រីមូលដ្ឋានបានប្រាប់ថា ម្ចាស់ផ្ទះបានបង្កាត់ភ្លើងក្នុងចង្គ្រានទុកចោល ហើយគាត់ដើរចេញមកក្រៅ មិនបានចាប់អារម្មណ^លុះបន្តិចក្រោយមកស្រាប់តែផ្សែង និងអណ្ដាតភ្លើងឆាបឆេះឡើងទ្រលោមនៅផ្ទះបាយ បង្កការភ្ញាក់ផ្អើលទាំងសមត្ថកិច្ច ទាំងអ្នកភូមិ ។ មន្ត្រីជំនាញបានបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចផង រថយន្តទឹកឯកជនផង បានជួយបាញ់ពន្លត់ និងទប់ស្កាត់មិនឲ្យរាលដាល ហើយក៏ពុំមានគ្រោះថ្នាក់ដល់មនុស្សដែរ។
បើតាមសមត្ថកិច្ចបញ្ជាក់ថា ផ្ទះបាយដ៏ធំនោះត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង ដែលខាតបង់គិតជាទឹកប្រាក់ប្រមាណ៤លានរៀល ។ ដោយឡែក នៅម៉ោង៦ព្រឹកថ្ងៃទី០២ កញ្ញា នេះ អគ្គិភ័យបានឆេះគំនរឈើនៅរោងសិបកម្មមួយកន្លែង ក្នុងភូមិតាកុក ឃុំនរា ស្រុកសង្កែ ដោយសារតែម្ចាស់ផ្ទះនាំគ្នាដុតភ្លើងយកសម្បុក «ឪម៉ាល់» នៅក្នុងគំនរឈើដើមចាន់គិរីនោះ។
មន្ត្រីមូលដ្ឋានបាននិយាយថា អគ្គិភ័យបានឆេះគំនរឈើ ដើមចាន់គិរី ដែលគរនៅខាងមុខផ្ទះបង្កឲ្យមានការភ្ញាក់ផ្ទើលទាំងព្រលឹមអុរ ។ រថយន្តអគ្គិភ័យសមត្ថកិច្ចបានចេញអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ និងទប់ស្កាត់បានទាន់ពេលភ្លាមៗ ។ បើតាមម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថា ខ្លួនបានដុតភ្លើងយកសម្បុក «ឪម៉ាល់» នៅក្នុងគំនរឈើនោះ ក៏ស្រាប់តែភ្លើងឆេះខ្លាំង រហូតឆេះគំនរឈើពេញបន្ទុកផ្អើលទាំងព្រលឹមអុរ។
ភ្លើងបានឆេះខ្ទេចទាំងសម្បុកឪម៉ាល់ ខ្ទេចអស់ទាំងគំនរឈើចាន់គិរី ជាច្រើនម៉ែត្រគូប ដែលគិតជាទឹកប្រាក់ខាងបង់ប្រមាណ០៥លានរៀល។ យ៉ាងណា ករណីអគ្គិភ័យទាំង០២ករណី នេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ខូចខាតតែទ្រព្យសម្បត្តិប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ