សកម្មភាពមួយចំនួនរបស់ព្រះសង្ឃ នាពេលបច្ចុប្បន្ន ឧទាហរណ៍គោះកញ្ចក់រថយន្តយន្តឲ្យពុទ្ធបរិស័ទ ដាក់បាត ការបង្ហោះសកម្មភាពរឡេរឡូតាមបណ្តាញសង្គម ការបិណ្ឌបាតហើយឆ្លៀតសុំបន្ថែម រឿងពាក់ព័ន្ធ និងស្រីញីគ្រឿងស្រវឹង ការមិនបដិបត្តិធម៌ ……
សកម្មភាពមួយចំនួនរបស់ព្រះសង្ឃ នាពេលបច្ចុប្បន្ន ឧទាហរណ៍គោះកញ្ចក់រថយន្តយន្តឲ្យពុទ្ធបរិស័ទ ដាក់បាត ការបង្ហោះសកម្មភាពរឡេរឡូតាមបណ្តាញសង្គម ការបិណ្ឌបាតហើយឆ្លៀតសុំបន្ថែម រឿងពាក់ព័ន្ធ និងស្រីញីគ្រឿងស្រវឹង ការមិនបដិបត្តិធម៌ … គឺសុទ្ធសឹងតែជាសកម្មភាពអវិជ្ជមាន ដែលកំពុងជះឥទ្ធិ ពលដល់ជំនឿជាពិសេស គឺពុទ្ធសាសនាដែលកម្ពុជាលើកទូល និងគោរពជាសាសនារបស់រដ្ឋ ។
សង្ឃមួយចំនួនតូចដែលបំពានវិន័យសង្ឃកំពុងតែធ្វើអោយបាត់បង់ជំនឿរបស់ប្រជាជនទៅលើព្រះពុទ្ធសាសនា ដែលត្រូវប្រជាជនជាង៩០ភាគរយគោរព ។ដើម្បីផលប្រយោជន៍ជាតិ ប្រជាជន និងសាសនា ការដោះស្រាយបញ្ហាសង្ឃខិលខូចទាំងនេះត្រូវតែធ្វើអោយបានកាន់តែឆាប់ គឺកាន់តែល្អ ។ ពាក់ព័ន្ធនឹងបញ្ហានេះសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ជាឧត្តមទីប្រឹក្សា គណៈសង្ឃនាយកកម្ពុជា បានមានថេរដីកាថា សព្វថ្ងៃនេះការបដិបត្តិធម៌ ពោល គឺការដែលព្រះសង្ឃមិនគោរពធម៌វិន័យកាន់តែថយចុះ ដែលគ្រប់គ្នាគួរតែយកចិត្តទុកដាក់ ។
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះអង្គបានមានថេរដីកាថា បើធៀបនឹងសង្គមមុនការបដិបត្តិធម៌វិន័យរបស់ព្រះសង្ឃ គឺមិនអាចប្រៀបធៀបនឹងសង្គមមុនបានទេ ។ ព្រះអង្គបាន មានថេរដីកាបន្តទៀតថា ប្រសិនបើមិនយកចិត្តទុកដាក់នោះ ពុទ្ធបរិស័ទនឹងលែងជ្រះថ្លា ដែលនឹងអាចប៉ះពាល់ដល់វិស័យពុទ្ធសាសនានៅពេលអនាគត ។
សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ជាព្រះចៅអធិការវត្តឧណ្ណាលោម បន្តពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងជាសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជផងដែរនោះក៏ធ្លាប់បានមានថេរដីកាច្រើនដែរ អំពីបញ្ហាធម្មវិន័យនេះ ។ ព្រះអង្គធ្លាប់មានថេរដិកាថា ធម៌វិន័យគឺជាមូលដ្ឋាននៃការបដិបត្តិ និងការជ្រះថ្លាពីពុទ្ធបរិស័ទ ។
សូមកុំអោយសកម្មភាពទាំងនេះ ជះឥទ្ធិពលអាក្រក់មកដល់ព្រះពុទ្ធសាសនា ពីព្រោះព្រះពុទ្ធសាសនា ជាជំនឿ ដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសជាតិ ។ ក្នុងនាមជាសាសនារបស់រដ្ឋ ព្រះពុទ្ធសាសនាថេរវាទត្រូវបានប្រជាជនកម្ពុជាជាង៩០ភាគរយ គោរពបូជា ។ ព្រះសង្ឃពុទ្ធសាសនា ត្រូវបានចាត់ទុកថាជាប្រភពនៃគុណធម៌ សីលធម៌ និងការអប់រំខាងវិញ្ញាណ ហើយបានដើរតួយ៉ាងសំខាន់នៅក្នុងប្រព័ន្ធសង្គម ដូចនេះសូមកុំអោយព្រះពុទ្ធសាសនាខូច ដោយសារតែអាកប្បកិរិយា និងទង្វើរបស់ព្រះសង្ឃមួយចំនួន ដែលបានប្រព្រឹត្តខុសនឹងធម៌វិន័យ ។
ការមិនសប្បាយចិត្តក្នុងចំណោមពុទ្ធសាសនិកក្នុងប្រទេស កំពុងលេចរូបរាងដែលផ្តើមចេញពីព្រះសង្ឃផ្ទាល់ខ្លួន ។ ដូច្នេះការពង្រឹងការអប់រំធម្មវិន័យ និងការបដិបវត្តធម៌ គួរតែយកចិត្តទុកដាក់ឲ្យបានគត់មត់ ដើម្បីកុំអោយពលរដ្ឋអស់ជំនឿ ។ ព្រះសង្ឃ គួរតែត្រូវរស់នៅក្នុងជីវភាពសាមញ្ញ ដែលពោរពេញដោយការលះបង់តាំងពីតណ្ហា និងផលប្រយោជន៍ទាំងពួង ប៉ុន្តែផ្ទុយទៅវិញ ព្រះសង្ឃមួយចំនួននៅក្នុងប្រទេសកន្លងមកមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវផ្សេងៗរាប់តាំងពីរឿងស្រីញី រឿងលាភសក្ការៈ ហិ.ង្សា សុរាដែលធ្វើឲ្យមានការរង្គោះរង្គើដល់ជំនឿរបស់ប្រជាពលរដ្ឋ ។
ទង្វើទាំងនេះមិនត្រឹមតែធ្វើឱ្យខូចមុខមាត់សហគមន៍ព្រះសង្ឃប៉ុណ្ណោះទេ តែថែមទាំងបំផ្លាញកេរ្តិ៍ឈ្មោះព្រះពុទ្ធសាសនាខ្លួនឯងទៀតផង ។
សូមយកចិត្តទុកដាក់លើបញ្ហានេះពីព្រោះថា ការធ្លាក់ចុះនៃជំនឿលើស្ថាប័នពុទ្ធសាសនាអាចមានផលវិបាកយ៉ាងខ្លាំងដល់សង្គមកម្ពុជា ។ ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ជាប្រវត្តិសាស្ត្រក្នុងការអប់រំសីលធម៌របស់ប្រជាពលរដ្ឋ ដូចនេះដើម្បីឲ្យព្រះពុទ្ធសាសនានឹងនៅតែជាស្ថាប័នអប់រំ ណែនាំបទដ្ឋានសង្គម និងរក្សាភាពសុខដុមរមនាក្នុងសង្គមយើងគប្បីត្រូវតែយកចិត្តទុកដាក់ ។
ប្រសិនបើភាពជឿជាក់របស់សហគមន៍លើពុទ្ធសាសនា នៅតែបន្តធ្លាក់ចុះ វាអាចនាំឱ្យមានការថយចុះសីលធម៌កាន់តែទូលំទូលាយ ដោយសារតែប្រជាជនអាចបាត់បង់ប្រភពដ៏សំខាន់បំផុតមួយនៃទិសដៅសីលធម៌ ជាពិសេសយុវជន ដែលប្រឈមមុខនឹងការល្បួង និងបញ្ហាប្រឈមនៃទំនើបកម្មរួចហើយអាចនឹងឃ្លាតឆ្ងាយពីឫសគល់នៃជំនឿ វប្បធម៌ និងការអប់រំខាងវិញ្ញាណរបស់ពួកគេ ។
រហូតមកដល់ពេលនេះ កម្ពុជាមានវត្តសរុបប្រមាណជាជាង៥០០០ វត្តដែលមានព្រះសង្ឃសរុបប្រមាណជា ៧ម៉ឺនអង្គ ដូច្នេះមិនមែនមានន័យថា គ្រប់វត្តអារ៉ាមគ្រប់ព្រះសង្ឃសុទ្ធតែមិនបានបដិបត្តិនូវធម៌វិន័យ ត្រឹមត្រូវទាំងអស់ឡើយ ។ ព្រះសង្ឃដែលបដិបត្តិធម៌វិន័យមិនត្រឹមត្រូវ គឺមានតែមួយចំនួនតូចប៉ុណ្ណោះ ។ នៅក្នុងសង្គមកម្ពុជា នៅតែមានព្រះសង្ឃជាច្រើនអង្គដែលកំពុងតែចូលរួមនៅក្នុងសកម្មភាពទាំងជំនឿ និងសង្គមបានយ៉ាងប្រពៃ ដូច្នេះទង្វើរបស់ព្រះសង្ឃ មួយចំនួនតូចដាច់ខាតមិនគួរទុកបណ្តែតបណ្តោយនាំឲ្យប៉ះពាល់តម្លៃ និងតួនាទីរបស់ពុទ្ធសាសនាទាំងមូលបានឡើយ ។
សរុបសេចក្តីមក ទង្វើ និងសកម្មភាពព្រមទាំងឥរិយាបទមិនសមរម្យរបស់ព្រះសង្ឃមួយចំនួនពិតជាបានបង្កការមិនពេញចិត្តនៅក្នុងចំណោមពុទ្ធសាសនិកខ្មែរ ប៉ុន្តែចំណុចអសកម្មទាំងនេះនៅមិនទាន់ដល់កម្រិតដែល ចាត់ទុកថាជាការបញ្ចប់ឥទ្ធិពលព្រះពុទ្ធសាសនានៅកម្ពុជាឡើយ ។ ផ្ទុយទៅវិញ បញ្ហាទាំងនេះគួរតែជាឱកាសមួយដើម្បីឆ្លុះបញ្ចាំង កែទម្រង់ និងបន្តការប្តេជ្ញាចិត្តខាងជំនឿដែលព្រះសង្ឃ និងគ្រហស្ថបន្តរួមគ្នា យកចិត្តទុកដាក់លើការអប់រំដើម្បីបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏ស៊ីជម្រៅរបស់ខ្លួនជាមួយព្រះពុទ្ធសាសនា និងធានាថា មូលដ្ឋានគ្រឹះខាងវិញ្ញាណ និងសីលធម៌របស់សង្គមនៅតែរឹងមាំសម្រាប់មនុស្សជំនាន់ក្រោយ។
សូមស្ថាប័នសាសនាធ្វើការតាមរចនាសម្ព័ន្ធដោយអប់រំព្រះសង្ឃនូវធម៌វិន័យឲ្យបានច្បាស់លាស់តាមយន្តការដែលមាន ។ ព្រះមេគុណ អនុគុណ ព្រះចៅអធិការនិងពុទ្ធិបរិស័ទចំណុះជើងវត្តនានាសូមជួយយកចិត្តទុកដាក់ពង្រឹងនូវធម៌វិន័យរបស់ព្រះសង្ឃឡើងវិញ ដើម្បីធ្វើយ៉ាងណាឲ្យពុទ្ធសាសនារឹងមាំ មិនរយីករយាក ៕
ចែករំលែកព័តមាននេះ