អ្នកស្នងមរតកក្រុមហ៊ុន L’Oréal របូតតំណែងជាស្ត្រីមានទ្រព្យច្រើនបំផុតលើពិភពលោក
សហរដ្ឋអាមេរិក ៖ លោកស្រី អាលីស វ៉លតុន (Alice Walton) អ្នកស្នងមរតកក្រុមហ៊ុនលក់រាយដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក និងពិភពលោក Walmart…
សហរដ្ឋអាមេរិក ៖ លោកស្រី អាលីស វ៉លតុន (Alice Walton) អ្នកស្នងមរតកក្រុមហ៊ុនលក់រាយដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក និងពិភពលោក Walmart…
សហរដ្ឋអាមេរិក ៖ លោកស្រី អាលីស វ៉លតុន (Alice Walton) អ្នកស្នងមរតកក្រុមហ៊ុនលក់រាយដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក និងពិភពលោក Walmart បានដណ្តើមមកុដឯករបស់លោកស្រី ហ្វ្រង់ស័ស បេតង់គួរ មេយឺរ (Françoise Bettencourt Meyers) ដែលជាអ្នកស្នងមរតកក្រុមហ៊ុនគ្រឿងសំអាងដ៏ធំបំផុតរបស់បារាំង L’Oréal សាជាថ្មីម្តងទៀត ដើម្បីក្លាយជាស្ត្រីមានទ្រព្យសម្បតិ្តច្រើនជាងគេបំផុតនៅលើពិភពលោក។
លោកស្រី អាលីស វ៉លតុន អាយុ៧៤ឆ្នាំ ម្ចាស់ភាគហ៊ុនច្រើនជាង ១១% នៅក្នុងក្រុមហ៊ុន Walmart បានបង្កើនចំនួនទ្រព្យសម្បត្តិរហូតដល់ ២៥ពាន់លានដុល្លារអាមេរិក ចាប់តាំងពីដើមឆ្នាំនេះ ដោយសារការកើនឡើង ៤៤% តម្លៃភាគហ៊ុនក្រុមហ៊ុនលក់រាយខ្នាតរបស់សហរដ្ឋអាមេរិកមួយនេះ ដូចដែលបានរាយការណ៍ដោយគេហទំព័រ Business Insider ។
ក្រឡេកទៅលោកស្រី បេតង់គួរ មេយឺរ អាយុ៧១ឆ្នាំ ឯណោះវិញ បានមើលឃើញទ្រព្យសម្បត្តិលោកស្រីធ្លាក់ចុះ៩ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ ដោយស្របតាមការធ្លាក់ចុះ ១២% នៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន L’Oréal។
បើតាមប្រភពពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា ទ្រព្យសរុបរបស់លោកស្រី អាលីស វ៉លតុន មានចំនួន ៩៦.៦ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានចំណាត់ថ្នាក់ទី១៩ នៅក្នុងបញ្ជីមហាសេដ្ឋីពិភពលោក ដែលត្រូវបានចេញផ្សាយដោយ Bloomberg ។ ចំណែក លោកស្រី បេតង់គួរ មេយឺរ នៅចំណាត់ថ្នាក់ក្រោមលោកស្រី អាលីស វ៉លតុន ក្នុងនាមស្ត្រីមានទ្រព្យសម្បតិ្តច្រើនបំផុតលើពិភពលោក ជាមួយនឹងទ្រព្យសរុបចំនួន ៩០.៥ពាន់លានដុល្លារអាមេរិក។
លោកស្រី ហ្វ្រង់ស័ស បេតង់គួរ មេយឺរ អ្នកស្នងមរតកក្រុមហ៊ុន L’Oréal ត្រូវបានចាត់ថ្នាក់ជាស្ត្រីមានទ្រព្យសម្បតិ្តជាងគេបំផុតលើពិភពលោក ដោយទស្សនាវដ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក Forbes កាលពីពេលកន្លងទៅ។ លោកស្រីបានការពារតំណែងដ៏ពិសេសមួយនេះ អស់រយៈពេលជាច្រើនឆ្នាំ លើកលែងតែឆ្នាំ ២០២០ នៅពេលដែលលោកស្រី អាលីស វ៉លតុន ដណ្តើមបានតំណែងកំពូលនេះ។
យោងតាមទស្សនាវដ្តីពាណិជ្ជកម្ម Fortune បានឱ្យដឹងថា ស្ត្រីឆ្នើមទាំងពីររូបនេះ គឺជាអ្នកស្នងមរតករបស់គ្រួសារដែលមានកេរ្តិ៍ដំណែលយូរអង្វែងមកហើយ។ តួយ៉ាង លោកស្រី បេតង់គួរ មេយឺរ និងគ្រួសារលោកស្រីបានកាន់កាប់ជិត ៣៥% នៃភាគហ៊ុនក្រុមហ៊ុន L’Oréal ដែលត្រូវបានបង្កើតឡើងកាលពី១១៥ឆ្នាំមុន នៅក្នុងទីក្រុងប៉ារីស។ ក្រុមហ៊ុនឯកទេសសម្រស់ដ៏ល្បីល្បាញរបស់ប្រទេសបារាំងមួយនេះ បច្ចុប្បន្នស្ថិតក្នុងចំណាត់ថ្នាក់ទី ៩០ នៃបញ្ជី Fortune 500 Europe ដែលជាបញ្ជីក្រុមហ៊ុនកំពូលៗរកប្រាក់ចំណូលបានច្រើនបំផុតនៅទូទាំងទ្វីបអឺរ៉ុប។
ដោយឡេក លោកស្រី អាលីស វ៉លតុន គឺជាកូនស្រីរបស់លោក សេម វ៉លតុន (Sam Walton) ស្ថាបនិកក្រុមហ៊ុន Walmart ដែលជាក្រុមហ៊ុនលក់រាយដ៏ធំបំផុតរបស់ពិភពលោក។ ក្រុមហ៊ុនដែលមូលដ្ឋាននៅក្នុងរដ្ឋអាកានសាស់ (Arkansas) មួយនេះ បានឈរនៅលើកំពូលតារាង Fortune 500 នៃក្រុមហ៊ុនធំបំផុតរបស់សហរដ្ឋអាមេរិក សម្រាប់រយៈពេល១២ឆ្នាំជាប់ៗគ្នា ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំរហូតដល់ ៦៤៨ពាន់លានដុល្លារ នៅឆ្នាំ ២០២៤៕ (ប្រភព ៖ VnExpress)
ចែករំលែកព័តមាននេះ