នៅក្នុងទិដ្ឋភាពនយោបាយចម្រុះ និងថាមវន្តនៃសង្គមនៅអាស៊ីអាគ្នេយ៍គំរូ និងបែបបទនៃការផ្ទេរអំណាចនយោបាយតាមបែបសន្តតិវង្ស វាបង្ហាញចេញកាន់តែច្រើនមិនមែនដូចអ្វីដែលមានការរិះគន់ដែលថា មានតែនៅកម្ពុជានោះទេ ប៉ុន្តែនៅក្នុងតំបន់អាស៊ានផងដែរ ។
ការផ្ទេរអំណាច ឬមរតកនយោបាយវានឹងកើតមានដោយស្តេចស៊ុលតង់ ហាសាណា បូលគៀ (Hassanal Bolkiah) របស់ប្រ៊ុយណេ ទៅអោយបុត្រាណាម្នាក់របស់ព្រះអង្គ ព្រះនាម AI Muhatadee Billah ដោយសារតែប្រទេសនេះប្រកាន់យករបបនយោបាយរាជាធិបតេយ្យដែលមហាក្សត្រមានសិទ្ធិ និងអំណាចគ្រប់យ៉ាង ។
លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ដែលបានដើរតាមគន្លងនយោបាយដែលទំនងជារៀបចំដោយឪពុកលោកស្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ។ គ្រួសារ ឌូតែតេ ( Duterte) នៅហ្វីលីពីន និងវីដូដូ (Widodo) នៅឥណ្ឌូណេស៊ី ក៏បានត្រួសត្រាយផ្លូវសម្រាប់កូនៗ ដើម្បីអំណាចនយោបាយជាដើម ។
ផែននៅលើស្ថានភាពបែបនេះ តើការផ្ទេរអំណាចពីឪពុកម្តាយទៅកូននឹងក្លាយជារឿងធម្មតានៅក្នុងអាស៊ានហើយតើការផ្ទេរអំណាចបែបនេះវាមានន័យដូចម្តេច ចំពោះលទ្ធិប្រជាធិបតេយ្យក្នុងតំបន់?
ថាមវន្តនៃមរតកនយោបាយបែបនេះវាមិនមែនជារឿងថ្មី ឬប្លែកសម្រាប់អាស៊ីអាគ្នេយ៍ទេ ពីព្រោះវាជារឿងដែលកើតមាននៅក្នុងប្រទេសជាច្រើននៅលើពិភពលោករួចមកហើយដែរ សូម្បីតែនៅសហរដ្ឋអាមេរិក ។ សន្តតិវង្សនយោបាយមានក្នុងទម្រង់ផ្សេងៗគ្នា ជុំវិញពិភពលោកចាប់តាំងពីត្រកូលកេនណឺឌី (Kennedys) និងត្រកូល ប៊ូស (Bush) នៅសហរដ្ឋអាមេរិករហូតដល់ត្រកូល ហ្គេនឌី (Gandhis) ក្នុងប្រទេសឥណ្ឌាជាដើម ។
សម្រាប់អ្វីដែលលេចរូបរាងឡើងនៅអាស៊ាននាពេលបច្ចុប្បន្ននេះ វា គឺជាបាតុភាពនយោបាយមួយកើតឡើងដោយសារប្រព័ន្ធនយោបាយចម្រុះក្នុងតំបន់ រួមមានរបបរាជានិយមផ្តាច់ការរបបផ្តាច់ការតាមបែបកុម្មុយនីស និងលទ្ធិប្រជាធិបតេយ្យ ។ រីឯរបបគ្រប់គ្រងតាមបែបសន្តតិវង្សនយោបាយ នៅក្នុងបរិបទនេះ បង្ហាញពីអន្តរកម្មដ៏ស្មុគស្មាញរវាងប្រពៃណី ការបង្រួបបង្រួមអំណាច និងការអនុវត្តនៃមាគ៌ានយោបាយនៅក្នុងតំបន់។
នៅក្នុងបរិបទនេះ ប្រទេសកម្ពុជា គឺជាមុខព្រួញនៃការរិះគន់មុនគេ ជាពិសេសគឺក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន ដែលបានគ្រប់គ្រងប្រទេសកម្ពុជាអស់រយៈពេលជិត៤ទសវត្សរ៍ ហើយបានផ្ទេរអំណាចទៅឲ្យកូនប្រុសរបស់លោក គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ។ ការប្រគល់ និងការផ្ទេរអំណាចនេះ គឺជាអន្តរកម្មនយោបាយដ៏ប្រយ័ត្នប្រយែងមួយឆ្ពោះទៅរកការបន្តអំណាច ដើម្បីធានាប្រក្រតីភាព និងស្ថិរភាពសង្គម និងនយោបាយ ដើម្បីធានាថា កម្ពុជានឹងមិនរមាលចេញពីគន្លងផ្លូវសន្តិភាព ដែលជាកត្តាចម្បងសម្រាប់ការអភិវឌ្ឍ ។ ប៉ុន្តែក្រុមប្រឆាំងបានរិះគន់ចំពោះការផ្ទេរអំណាចនេះ ។
ប៉ុន្តែកុំភ្លេចថា ដើម្បីអាចឲ្យការផ្ទេរតំណែងនេះវាមិនមែនជារឿងងាយស្រួលទេ ដោយសម្តេចតេជោ និងសម្តេចធិបតីផ្ទាល់ត្រូវតស៊ូស្វែងរកការគាំទ្រនៅក្នុងបក្ស ហើយក៏ឆ្លងកាត់ការបោះឆ្នោតតាមយន្តការ និងទម្រង់ប្រជាធិបតេយ្យនៅខែកក្កដា ឆ្នាំ២០២៣ ។
នៅប្រទេសប្រ៊ុយណេ រាជាធិបតេយ្យ គឺជាសសរស្តម្ភកណ្តាលនៃការគ្រប់គ្រងអំណាចអស់ជាច្រើនឆ្នាំហើយ ស្តេចស៊ុលតង់ ដែលបានគ្រប់គ្រងតាំងពីឆ្នាំ១៩៦៧ ត្រូវបានគេរំពឹងថា នឹងផ្ទេរអំណាចទៅឱ្យបុត្រាណា ម្នាក់របស់ទ្រង់ ។ ការផ្ទេរអំណាចរបស់ព្រះអង្គទៅឲ្យបុត្រាដោយផ្ទាល់ជាដំណើរការធម្មជាតិ និងធម្មតាគ្មានការជំទាស់ឡើយ នៅក្នុងប្រទេសគ្រប់គ្រងអំណាយតាមរបបរាជានិយមដាច់ខាត ។
សម្រាប់អ្វីដែលបានកើតមានឡើងនៅក្នុងប្រទេសថៃ នាពេលថ្មីៗនេះ គឺជាគំរូនយោបាយនៃការផ្ទេរអំណាចតាមសន្តតិវង្សមួយផ្សេងទៀត ។ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra ) កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានឈានជើងចូលក្នុងឆាកនយោបាយ ចំពេលមានក្តីសង្ឃឹមក្នុងការស្តារកេរ្តិ៍ដំណែលនយោបាយរបស់គ្រួសារលោកស្រីឡើងវិញ ។ រូបភាពនេះត្រូវបានមើលឃើញយ៉ាងច្បាស់បន្ទាប់ពីលោកស្រីត្រូវសភាជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មីជំនួសលោក សេដ្ឋា ថាវេស៊ីន ដែលត្រូវបណ្តេញចេញពីតំណែងដោយតុលាការធម្មនុញ្ញដោយសារបញ្ហាចម្រូងចម្រាស់នៃការតែងតាំងមន្ត្រី ។ នៅពេលដែលរដ្ឋាភិបាលថៃ នៅមិនទាន់បង្កើតឡើងផង លោក ថាក់ស៊ីន បានបង្ហាញរូបភាពថា លោក គឺជាមគ្គុទេសនយោបាយដ៏សំខាន់មួយ ហើយទស្សនៈនេះត្រូវបានសារព័ត៌មានបរទេសចុះផ្សាយព្រោងព្រាតដោយរួមទាំងកាសែតនៅក្នុងស្រុកមួយចំនួនផងដែរ ។
នៅប្រទេសហ្វីលីពីន ត្រកូល ឌូទែតេ ក៏បានបង្ហាញពីរបៀបដែលកំពុងប៉ុនប៉ងអនុវត្តមាគ៌ានយោបាយតាមបែបសន្តតិវង្ស អាស្រ័យលើលទ្ធិប្រជាធិបតេយ្យផងដែរ ។ នៅពេលដែលកាន់តំណែងជាប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ទូទែតេ( Rodrigo Duterte) បានរៀបចំសេនារីយូ នយោបាយមួយដោយបានលើកតម្កើនកូនស្រីរបស់លោក គឺលោកស្រី សារ៉ា ឌូទែតេ (Sara Duterte) ឲ្យដល់ តំណែងជាអនុប្រធានាធិបតី ។
ត្រកូលនេះបានបង្ហាញគំរូពីរបៀបដែលប្រើប្រាស់ប្រជាប្រិយភាពផ្ទាល់ខ្លួនសម្ព័ន្ធភាពជាយុទ្ធសាស្ត្រ និងការប្រើប្រាស់យន្តការនយោបាយ ដើម្បីរក្សាការកាន់កាប់អំណាចរបស់គ្រួសារនៅពេលខាងមុខ ។
ករណីរបស់ឥណ្ឌូនេស៊ី ក៏ជាសក្ខីភាពមួយឆ្លុះបញ្ចាំងអំពីការប៉ុនប៉ងផ្ទេរអំណាចតាមបែបសន្តតិវង្សនេះផងដែរ ។ រូបភាពនេះត្រូវបានគេមើលឃើញនៅពេលដែលលោក ប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) រៀបចំឲ្យកូនប្រុសរបស់លោក គឺលោក ជីប្រេន រ៉ាការប៊ូមីង រ៉ាកា (Gibran Rakabuming Raka) ឲ្យជាប់ឆ្នោតជាអនុប្រធានាធិបតី ។ យន្តការនេះ ឆ្លុះបញ្ចាំងពីភាពស្មុគស្មាញនៃកេរ្តិ៍ដំណែលនយោបាយ នៅក្នុងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យនៅឥណ្ឌូនេស៊ី ។
លោក វីដូដូ ដែលជារឿយៗត្រូវបានគេមើលឃើញថា ជាអ្នកកែទម្រង់ និងជារដ្ឋបុរសរបស់ប្រជាជន ឥឡូវនេះបានប្រឈមមុខនឹងការរិះគន់ថា តើកំពុងបង្កើនឥទ្ធិពលនយោបាយ និងបញ្ជ្រាបភាពជាអ្នកដឹកនាំតាមបែបសន្តតិវត្សចូលទៅក្នុងសង្គមឥណ្ឌូនេស៊ីផងដែរ ។ ចំណាត់ការនេះបានជំរុញឱ្យមានការជជែកវែកញែកជាច្រើនអំពីលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេនៅអាស៊ាន ។
សរុបមកវិញនៅអាស៊ីអាគ្នេយ៍ ការផ្ទេរអំណាចតាមបែបគ្រួសារ ឬសន្តតិវង្ស កំពុងក្លាយជានិន្នាការគួរឲ្យកត់សម្គាល់ ។ វា គឺជាគំរូនយោបាយមួយមិនត្រូវបានកំណត់ចំពោះប្រទេសតែមួយនៅក្នុងតំបន់អាស៊ាននោះទេ ។ ការអនុវត្តនៃការផ្ទេរអំណាចពីឪពុកទៅកូន ឬក្នុងគ្រួសារ ឬសន្តតិវង្សវាបង្ហាញពីទំនៀមទម្លាប់នៃគ្រួសារនិយមដែលចាក់ឫសយ៉ាងជ្រៅហើយ ជាប់ពាក់ព័ន្ធជាមួយនឹងវាំងនននយោបាយចម្រុះនៃប្រជាជាតិនៅក្នុងការកំណត់ខ្សែបន្ទាត់នយោបាយដែលផ្សារភ្ជាប់រវាងប្រពៃណី និងលទ្ធិប្រជាធិបតេយ្យ ។ គ្រប់ប្រទេសលើកលែងប្រុយណេមួយចេញ ទោះបីជារូបភាពនៃការផ្ទេរអំណាយ គឺតាមបែបគ្រួសារនិយមក្តី ប៉ុន្តែគ្រប់ប្រទេសសុទ្ធតែឆ្លងកាត់ការបោះឆ្នោតថ្នាក់ជាតិទាំងអស់មិនថា នៅកម្ពុជា ថៃ ឥណ្ឌូនេស៊ី ឬហ្វីលីពីនឡើយ ៕
ចែករំលែកព័តមាននេះ