ល្បិចទល់មេឃទីបំផុតអស់លក្ខណ៍។ បុរសជនជាតិសិង្ហបុរីម្នាក់ឈ្មោះតាន់ ស៊ាងឡុង (Tan Xianglong) អាយុ៣៧ឆ្នាំបានរៀបចំល្បិច «ស្វាស៊ីបាយលាបមាត់ពពែ» ដើម្បីឱ្យប្រពន្ធរបស់ខ្លួនស្លាប់ និងដើម្បីឱ្យខ្លួនអាចបញ្ចប់ចំណងអាពាហ៍ពិពាហ៍ជាស្ថាពរ។ ប៉ុន្តែរឿងរ៉ាវអាថ៌កំបាំងនេះត្រូវបែកការណ៍។ នៅទីបំផុត អ្នកដែលទទួលរងផលនៃអំពើទុច្ចរិតរបស់ខ្លួនគឺស្វាមីរូបនេះទៅវិញដោយសារចំណេះជិះកឯង។
សិង្ហបុរី៖ ថ្មីៗនេះ បុរសជនជាតិសិង្ហបុរីម្នាក់ឈ្មោះតាន់ ស៊ាងឡុង ត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំ និង១០ខែពីបទលាក់ទុកគ្រឿងញៀនប្រភេទកញ្ឆានៅក្នុងឡានរបស់ប្រពន្ធគាត់ដើម្បីឱ្យនាងជាប់ទោសប្រហារជីវិត។ តុលាការរកឃើញថាគាត់ និងភរិយាបានរស់នៅចែកផ្លូវគ្នារយៈពេលជិត២ឆ្នាំមុនពេលផ្ទុះសំណុំរឿងនោះ។ ជីវិតអាពាហ៍ពិពាហ៍ដែលផ្ដើមដំបូងកាលពីឆ្នាំ២០២១នោះមិនបានផ្អែមល្ហែមនឹងគ្នាទេ។ ប៉ុន្តែពោរពេញដោយភាពល្វីងជូរចាត់កាន់តែខ្លាំងឡើងៗ។
ដោយសារពួកគេរៀបការរយៈពេលខ្លីពេក ហេតុនេះច្បាប់មិនអនុញ្ញាតឱ្យលែងគ្នាទេ។ ខែតុលា ឆ្នាំ២០២២ ប្រពន្ធគាត់ដោយសាររស់នៅក្នុងផ្ទះរបស់ឪពុក-ម្ដាយខាងប្រុសលែងបានតទៅទៀត នាងក៏ចាកចេញពីផ្ទះនោះទៅនៅកន្លែងផ្សេង។ ប៉ុន្តែបុរសជាស្វាមីនៅតែចិញ្ចឹមចិត្តថាទោះបីប្រើវិធីអ្វីក៏ដោយត្រូវតែលែងគ្នាឱ្យដាច់ស្រេច។ ក្រោយពេលពិភាក្សាជាមួយមេធាវី គាត់រកឃើញលទ្ធភាព១។ បើប្ដី ឬប្រពន្ធមានទោសព្រហ្មទណ្ឌ ពេលនោះអាចលែងគ្នាបានហើយទៅតាមផ្លូវច្បាប់។
មុនដំបូង គាត់ចង់ចាប់កំហុសថានាងលួចមានអ្នកថ្មីដើម្បីឱ្យមានទោសព្រហ្មទណ្ឌពីបទផិត។ គាត់ជួលក្រុមហ៊ុនឯកជនដើម្បីតាមដានសកម្មភាពប្រពន្ធគាត់។ នៅពេលតាមដានចុះឡើងៗរកមិនឃើញភស្តុតាង គាត់ក៏រៀបចំផែនការទី២ដោយដាក់គ្រឿងញៀននៅក្នុងឡានរបស់ប្រពន្ធគាត់។ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ គាត់រកទិញគ្រឿងញៀនតាមតេឡេក្រាម។
គាត់ពិនិត្យមើលចុះឡើងៗឃើញថាមានតែកញ្ឆាទេដែលលក់ធូរថ្លៃជាងគេ។ គាត់កុម្ម៉ង់ទិញកញ្ឆាក្រៀម ហើយយកទៅថ្លឹងមើលឃើញថាវាមានទម្ងន់៥១០ក្រាម។ ទម្ងន់ប៉ុណ្ណេះអាចឱ្យប្រពន្ធគាត់ជាប់ទោសប្រហារជីវិតដោយយោងទៅតាមច្បាប់សិង្ហបុរី។ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីដឹងថាប្រពន្ធគាត់ទុកឡាននៅចំណត១កន្លែង គាត់ក៏ធ្វើដំណើរទៅទីនោះ, យកកូនសោបើកទ្វារឡាន និងយកកញ្ឆា១១កញ្ចប់ស៊កចូលទៅក្នុងកៅអីឡាន។ គាត់ពាក់ស្រោមដៃដើម្បីកុំឱ្យជាប់ស្នាមក្រយៅដៃ។
នៅពេលរួចរាល់ គាត់ក៏បិទទ្វារ និងចាក់សោឡាន។ ប៉ុន្តែចៃដន្យនៅពេលគាត់រៀបនឹងចាកចេញពីទីនោះស្រាប់តែប្រពន្ធគាត់ក៏ទៅដល់ក្បែរៗនោះដែរ។ ទូរស័ព្ទដៃរបស់នាងដំឡើងអេប (app) ដែលអាចឆែកមើលកាមេរ៉ានៅក្នុងឡានពីចម្ងាយ។ មានសារផ្ញើចូលទូរស័ព្ទថាមានសកម្មភាពប្រែប្រួលនៅក្នុងឡាន។ នៅពេលនាងឆែកមើលកាមេរ៉ានៅក្នុងឡាន នាងឃើញបុរសឈ្មោះតាន់ ស៊ាងឡុងដើរក្បែរឡាន។ នៅពេលតាន់ ស៊ាងឡុងក្រឡេកឃើញនាង គាត់ក៏ដើរចេញពីទីនោះបាត់ទៅ។
មិនយូរប៉ុន្មាន គាត់គិតថារឿងនេះអាចនឹងបែកការណ៍។ ស្រួលមិនស្រួល អ្នកដែលមានបញ្ហាគឺគាត់ទៅវិញទេ។ ហេតុនេះ គាត់ចង់ត្រឡប់ទៅយកកញ្ឆាចេញពីក្នុងឡានវិញ។ ប៉ុន្តែគាត់មិនបានដឹងថាសមត្ថកិច្ចបានឆែកឡាននោះ និងរកឃើញកញ្ឆា១១កញ្ចប់។ សមត្ថកិច្ចក៏បន្តតាមដានសកម្មភាពរបស់គាត់ស្ងាត់ៗ និងចូលចាប់ខ្លួនគាត់តែម្ដង។ ប្រពន្ធរបស់គាត់ក៏ត្រូវចាប់ខ្លួនដែរ។ សមត្ថកិច្ចឆែកឆេរបន្ទប់ស្នាក់នៅរបស់នាង ហើយមិនបានរកឃើញថាជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននេះទេ។
នៅក្នុងការចោទប្រកាន់បុរសឈ្មោះតាន់ ស៊ាងឡុង រដ្ឋអាជ្ញាលើកហេតុផល១ចំនួន។ ទី១-ដោយសារកញ្ឆាក្រៀមដែលគាត់ទិញនោះពិតជាមានទម្ងន់ជាង៥០០ក្រាមមែន ប៉ុន្តែមិនមែនជាកញ្ឆាសុទ្ធទេ។ សារធាតុញៀននៅក្នុងនោះប្រហែល២១៦ក្រាម។ មានន័យថាមិនទាន់ដល់ទោសប្រហារជីវិត។ ទី២-គាត់ទិញគ្រឿងញៀនទាំងនេះមិនមែនដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន។
ប៉ុន្តែគាត់ក៏មិនអាចរួចខ្លួនដែរព្រោះទី១-ទង្វើរបស់គាត់អាចធ្វើឱ្យអ្នកដែលគ្មានកំហុសបែរជាមានទោសពៃរ៍ដោយសារល្បិចស្វាស៊ីបាយលាបមាត់ពពែ។ ទី២-គាត់មានល្បិចពិសពុលណាស់។ គាត់ស្រាវជ្រាវដឹងកន្លែងលក់គ្រឿងញៀនតាមអនឡាញ, គាត់ស្រាវជ្រាវឯកសារច្បាប់ដឹងតាំងពីគ្រឿងញៀនទម្ងន់ប៉ុន្មានក្រាមអាចជាប់ទោសប្រហារជីវិត។ ដូច្នេះ រដ្ឋអាជ្ញាស្នើសុំឱ្យអង្គជំនុំជម្រះកាត់ទោសគាត់ឱ្យជាប់ពន្ធនាគារ៤ឆ្នាំ និង៨ខែ។ ប៉ុន្តែនៅទីបញ្ចប់ តុលាការសម្រេចផ្ដន្ទាទោសគាត់៣ឆ្នាំ និង១០ខែ៕
ចែករំលែកព័តមាននេះ