ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជាង២០០គ្រួសារ​ស្នើ​សុំ​​អាជ្ញាធរ​ជួយ​អន្តរាគមន៍​រឿង​ក្រុម​សា​ឡង់​បូម​ខ្សាច់​បូម​

3 ខែ មុន
  • ព្រៃវែង

​ខេត្ត​ព្រៃវែង ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មី ឃុំ​ពាម​មាន​ជ័យ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​ជាង២០០​គ្រួសារ កំពុង​​មានការ​ព្រួយបារម្ភយ៉ាង​​ខ្លាំង និង​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ជួយ​អន្តរាគមន៍​រឿង​ក្រុម​សា​ឡង់​បូម​ខ្សាច់​ជា​ច្រើន​គ្រឿង​ដែល​បូម​ខ្សាច់​គៀក​ច្រាំង​ទន្លេ ខាងក្រោយ​ផ្ទះ​របស់​ពួក​គាត់​…

​ខេត្ត​ព្រៃវែង ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មី ឃុំ​ពាម​មាន​ជ័យ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​ជាង២០០​គ្រួសារ កំពុង​​មានការ​ព្រួយបារម្ភយ៉ាង​​ខ្លាំង និង​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ជួយ​អន្តរាគមន៍​រឿង​ក្រុម​សា​ឡង់​បូម​ខ្សាច់​ជា​ច្រើន​គ្រឿង​ដែល​បូម​ខ្សាច់​គៀក​ច្រាំង​ទន្លេ ខាងក្រោយ​ផ្ទះ​របស់​ពួក​គាត់​ បណ្ដាល​ឲ្យ​បាក់​ច្រាំង​ប៉ះពាល់​ចម្ការ​​ដំណាំ និង​ផ្ទះសម្បែង​របស់​ពួក​គាត់ ​។

ពលរដ្ឋ​ទាំង​អស់នោះ​​បាន​លើក​ឡើង​ថា ដី​ច្រាំង​ទន្លេ​ខាងក្រោយ​ផ្ទះ​របស់​ពួក​គាត់ បាន​ចាប់​បាក់​ច្រើន​ខែ​មក​ហើយ ចាប់តាំងពី​មាន​វត្តមាន​ក្រុម​សា​ឡង់​បូម​ខ្សាច់ ចូល​មក​បូម​នៅ​ក្រោយ​ផ្ទះ​គាត់ ដោយ​ចាប់ផ្ដើម​បាក់​បន្តិច​ម្ដង​ៗ​ជា​រឿយ​ៗ រហូត​មក​ដល់​ពេល​នេះ គឺ​បាក់​ស្រុត​ខ្លាំង ដំណាំ​ពួក​គាត់​មាន ចេក ស្វាយ ខ្នុរ ដូង រាប់​សិប​ដើម​បាក់​រលំ​ចូល​ទឹក​អស់ហើយ អ្នកខ្លះ​ដី​បាក់​ជិត​ដល់​ផ្ទះ​តែ​ម្តង ទើប​ពួក​គាត់​ទ្រាំ​លែង​បាន លើកគ្នា​ស្នើ​សុំ​ឲ្យ​ម​មុន​ន្ត្រី​ជំនាញ និង​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ផង​។

ពលរដ្ឋ​ទាំងនោះ​បញ្ជាក់​ទៀតថា ការ​បាក់​ដី​ច្រាំង​ទន្លេ​នេះ មូលហេតុ​គឺ​ដោយសារ​តែ​មាន​សា​ឡង់​ធំ​ៗ​ចូល​មក​បូម​ខ្សាច់​នៅ​កៀក​ច្រាំង​ពេក ហើយ​សា​ឡង់​ខ្លះ​លួច​បូម​ទាំង​យប់​ថែម​ទៀត ហើយ​ពេល​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ ក្រុម​សា​ឡង់​ទាំងនោះ​ក៏​បើក​ចេញ​ទៅ​កណ្ដាលទន្លេ​វិញ ពេល​អ្នកស្រុក​ចូល​ដេក​អស់ គេ​នាំ​គ្នា​ចូល​មក​បូម​កៀក​ច្រាំង​ដដែល ចំណែក​អាជ្ញាធរ​ឃុំ​ស្រុក​វិញ ពលរដ្ឋ​ធ្លាប់​បាន​រាយការណ៍ និង​ប្ដឹង​ទៅ​ច្រើន​ដង​ហើយ តែ​គ្មាន​ចំណាត់ការ​ដោះស្រាយ​សោះ​ ។

ពួក​គាត់​បញ្ជាក់​ថា ពួក​គាត់​មិន​ហាមឃាត់​គេ​មិន​ឱ្យ​បូម​ខ្សាច់​ទេ តែ​សូម​បូម​ឲ្យ​ឆ្ងាយ​ពី​ច្រាំង កុំ​បូម​គៀក​ច្រាំង​ទៀត ពេល​នេះ​បាក់​ដី​ប៉ះពាល់​តែ​ដំណាំ  ចុះបើ​បាក់​ពេល​យប់​ដោយ​ទាំង​ផ្ទះ​និង​មនុស្ស​ចូល​ក្នុង​ទន្លេ តើ​នរណា​ជា​អ្នក​ទទួលខុសត្រូវ ពួក​គាត់​ព្រួយបារម្ភ និង​ភ័យ​ខ្លាច​ខ្លាំង​ណាស់​។

ជុំវិញ​រឿងរ៉ាវ​នេះ ​លោក ជូ ស៊ី​ផាត មេឃុំ​ពាម​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា ករណី​បាក់​ច្រាំង​ទន្លេ​ប៉ះពាល់​ដល់​ដំណាំ​និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​នេះ លោក​បាន​ចុះ​ទៅ​ពិនិត្យ​មើល និង​រាយការណ៍​ជូន​ទៅ​អាជ្ញាធរ​ស្រុក​​រួច​ហើយ ហើយ​រូប​លោក​ក៏​ទទួលស្គាល់​ថា ពិតជា​មាន​ក្រុម​សា​ឡង់​លួច​បូម​កៀក​ច្រាំង និង​លួច​បូម​ពេល​យប់​ពិតមែន ប៉ុន្តែ​ករណី​នេះ​ខាង​អាជ្ញាធរ​ឃុំ ពុំ​មាន​លទ្ធភាព​ទប់ ស្កាត់​ទេ​។

ចំណែក​លោក កែវ ពិសី អភិបាលស្រុក​ពាមរ​ក៍បាន​ឲ្យ​ដឹង​នូវ​រសៀល​ថ្ងៃ​ទី៣០​ សីហា​ នេះ​ថា លោក​មិន​ទាន់​បានដឹង​ព័ត៌មាន​នេះ​ទេ ដោយសារ​អាជ្ញា​ធរ​ឃុំ​មិន​ទាន់​បាន​រាយការណ៍ ប៉ុន្តែ​លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​រ៉ែ ចុះ​ទៅ​ពិនិត្យ​មើល​។

ដោយឡែក ​មន្ត្រី​ជំនាញ​នៃ​មន្ទី​ររ៉ែ ​និង​ថាមពល​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា ករណី​បាក់​ច្រាំង​នេះ​ខាង​មន្ទី​រ៉ែ មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ទេ ប៉ុន្តែ​នឹង​ចុះ​ទៅ​ពិនិត្យ​មើល សិក្សា​ឲ្យ​ដឹង​ច្បាស់​ពី​មូលហេតុ តើ​បាក់​ច្រាំង​ដោយសារ​មូលហេតុ​អ្វី​បើសិនជា​រក​ឃើញ​ថា បណ្ដាល​មក​ពី​ការ​បូម​ខ្សាច់​នោះ​មន្ទីរ​ជំនាញ​រ៉ែ និង​រាយការណ៍​ជូន​ទៅ​ក្រសួង​រ៉ែ​ដើម្បី​សុំ​វិធានការ ពីព្រោះ​ក្រុមហ៊ុន​បូម​ខ្សាច់​នៅ​ទីតាំង​នោះ គឺ​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង ចំពោះ​ករណី​មាន​ក្រុម​សា​ឡង់​លួច​បូម​ខ្សាច់​កៀក​ច្រាំង​ពិសេស​លួច​បូម​ពេល​យប់​ខុសច្បាប់ មន្ត្រី​ជំនាញ​រ៉ែ​និង​ចុះ​តាមដាន បើ​រក​ឃើញ​នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ ។ ដោយ៖ ចក្រី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ