ខេត្តកំពង់ស្ពឺ ៖ អ្នកវិនិយោគមកពីខេត្តជឺជាំងនៃសាធារណរដ្ឋប្រជាមានិតចិន បានទម្លាក់ទុនវិនិ យោគនូវទឹកប្រាក់ជាង៥០លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឆ្នាំងចំអិនភីហ្សានៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមជំនួបរវាងអ្នកវិនិយោគចិន និងអភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ។
ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា អ្នកវិនិយោគនៃខេត្តជឺជាំង ប្រទេសចិន លោក XIA RUZHONG បានសម្រេចទម្លាក់ទុនដ៏ច្រើននេះនៅក្នុងកំពង់ស្ពឺ ក្រោយពេលដែលលោកបានចុះសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅក្នុងប្រទេសវៀតណាមចំនួន ៨លើក និងប្រទេសថៃចំនួន២លើក ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងបន្តថា ប្រទេសកម្ពុជា ជាប្រទេសទីមួយ និងចុងក្រោយ ដែលលោកXIA RUZHONG បានមកដល់ និងយល់ពីឱកាសវិនិយោគ ហើយការសម្រេចចិត្តធ្វើឡើងត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ ក្រោយពេលមកដល់ប្រទេសកម្ពុជា ។ ឯកឧត្តមថា ក្រោយមកដល់អ្នកវិនិយោគរូបនេះ និងក្រុមការងារបានសម្រេចទម្លាក់ទុន និងជ្រើសយកស្រុកសំរោងទងជាស្រុកគោលដៅ និងតាំងរោងចក្រផលិត។
ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្ត ក៏បានបង្ហាញពីសក្តានុពលខេត្តកំពង់ស្ពឺ និងឱកាសវិនិយោគសម្រាប់ក្រុមហ៊ុន ដែលមានបំណងចង់ដាក់ទុនរកស៊ីនៅក្នុងខេត្តនេះ។ នៅឆមាសទីមួយក្នុងឆ្នាំ២០២៤ ខេត្តកំពង់ស្ពឺ មានរោងចក្រចំនួន៣០ត្រូវបានបើកទ្វារដំណើរ និងមានរោងចក្រជាច្រើនផ្សេងទៀតកំពុងសាងសង់។
បច្ចុប្បន្ន ខេត្តមានរោងចក្រប្រមាណ៤២៣កន្លែង និងមានសហគ្រាសធុនតូច និងមធ្យមប្រមាណជិត១០០០កន្លែង មានកម្មករ កម្មការិនីជាង២សែននាក់កំពុងធ្វើការ ហើយក្នុងចំណោមរងចក្រទាំងនោះ អ្នកវិនិយោគប្រមាណជា៩០%ជាជនជាតិចិន៕
ចែករំលែកព័តមាននេះ