ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាក់ទំនង​រុ​ស្ស៊ី និង​បារាំង ដុ.នដាប​កាន់តែ​ខ្លាំង ក្រោយ​ការ​ចា.ប់ខ្លួន​មេ​ធំ Telegram

3 ខែ មុន

ប្រទេស​រុ​ស្ស៊ី ៖ លោក ស៊ើ​ជី ឡា​រ៉ូ (Sergei Lavrov) រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​២៧ ខែសីហា…

ប្រទេស​រុ​ស្ស៊ី ៖ លោក ស៊ើ​ជី ឡា​រ៉ូ (Sergei Lavrov) រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៤ ប្រកាស​ថា ទំនាក់ទំនង​រវាង​ប្រទេស​រុ​ស្ស៊ី និង​ប្រទេស​បារាំង បាន​ឈាន​ដល់​ចំណុច​ទាប​បំផុត បន្ទាប់​ពី​ការ​ចាប់ខ្លួន​លោក ប៉ា​វែ​ល ឌូ​រ៉ូ​វ (Pavel Durov) សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​តេ​ឡេ​ក្រាម Telegram ដែល​មាន​ដើម​កំណើត​រុ​ស្ស៊ី កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​។

ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ថា ព្រះរាជអាជ្ញា​បារាំង កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ បាន​ប្រកាស​ថា លោក ប៉ា​វែ​ល ឌូ​រ៉ូ​វ ដើម​កំណើត​រុ​ស្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង និង​អា​រ៉ាប​រួម ត្រូវ​បាន​ចាប់ខ្លួន​នៅ​ឯអាកាស​យានដ្ឋាន ឡឺ ប៊ូ​ហ្គេ​ត (Le Bourget) ភាគ​ខាងជើង​ទី​ក្រុងប៉ារីស ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​ទាក់ទង​នឹង​រូបភាព​នៃ​ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ ការ​ជួញដូរ​គ្រឿងញៀន និង​ការ​ក្លែងបន្លំ​លើ​កម្មវិធី​ផ្ញើ​សារ Telegram ។

លោក ស៊ើ​ជី ឡា​រ៉ូ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​២៧ សីហា កន្លង​ទៅ បាន​ថ្លែង​ថា ការ​ចាប់ខ្លួន​លោក ឌូ​រ៉ូ​វ បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ទីក្រុង​ម៉ូ​ស្គូ និង​ទី​ក្រុងប៉ារីស​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត បន្ថែម​ពីលើ​ទំនាក់ទំនង​កាន់តែ​យ៉ាប់យ៉ឺន​រវាង​ប្រទេស​ទាំង​ពីរ​រយៈពេល​ជា​ច្រើន​ខែ បូក​រួម​ទាំង​បញ្ហា​មើល​មុខ​គ្នា​មិន​ចំ​កាលពី​ពេល​ថ្មី​ៗ​នេះ ដែល​បាន​កើតឡើង​នៅ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤​។

លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov) អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​មួយ​កាលពី​ថ្ងៃ​ទី​២៧ សីហា កន្លង​ទៅ ថា ប្រទេស​រុ​ស្ស៊ី​បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ជំនួយ​ចាំបាច់​ទាំងអស់​សម្រាប់​លោក ប៉ា​វែ​ល ឌូ​រ៉ូ​វ ប៉ុន្តែ​ថា​សញ្ជាតិ​បារាំង​របស់​គាត់​ធ្វើ​ឱ្យ​ស្ថានភាព​ស្មុគស្មាញ​ខ្លាំង​។

ការ​ចាប់ខ្លួន លោក ប៉ា​វែ​ល ឌូ​រ៉ូ​វ បាន​ជំរុញ​ឱ្យ​មានការ​ជជែក​វែកញែក​អំពី​ដែន​កំណត់​នៃ​ការ​បញ្ចេញមតិ​ដោយ​សេរី​តាម​អ៊ីនធឺណិត ដោយ​លោក Elon Musk ម្ចាស់​ក្រុមហ៊ុន​បណ្តាញ​ទំនាក់ទំនង​សង្គម X អតីត Twitter បាន​លើក​ឡើង​ថា សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​នៅ​អឺរ៉ុប​កំពុង​ត្រូវ​បាន​រឹតត្បិត​។ ហើយ​វា​ក៏​គូសបញ្ជាក់​អំពី​ចលនា​របស់​រដ្ឋាភិបាល​ជុំវិញ​ពិភពលោក ដើម្បី​ចាត់វិធានការ​តឹងរ៉ឹង​ជាង​នេះ លើ​សកម្មភាព​ដែន​ប៉ូលិស​ខុសច្បាប់ ដែល​រីក​ដុះដាល​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​មួយ​ចំនួន​។

ជាមួយនឹង​អ្នក​ប្រើប្រាស់​ជិត​១​ពាន់​លាន​នាក់​ជុំវិញ​ពិភពលោក កម្មវិធី​ផ្ញើ​សារ Telegram មាន​ឥទ្ធិពល​ខ្លាំង​ជា​ពិសេស​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី អ៊ុយ​ក្រែ​ន និង​រដ្ឋ​អតីត​សហភាព​សូ​វៀត​។ កម្មវិធី​នេះ​បាន​បង្ហាញ​ខ្លួនឯង​ថា​ជា​ជម្រក​សម្រាប់​ការ​បញ្ចេញមតិ​ដោយ​សេរី ប៉ុន្តែ​ក៏​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ដោយ​ក្រុម​ចលនា​ស្តាំ​និយម​ជ្រុល និង​ចលនា​ឃុបឃិត ក៏​ដូច​ជា​ក្រុម​អ្នកប្រឆាំង​នយោបាយ​ផង​ដែរ​។ កម្មវិធី​នេះ​បាន​ក្លាយជា​វេទិកា​មាន​សារៈសំខាន់ សម្រាប់​ការ​ទំនាក់ទំនង​នៅ​សមរភូមិ​ក្នុង​សង្គ្រាម​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន ហើយ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល និង​ទាហាន​ទាំង​ពីរ ដើម្បី​ចែករំលែក​ព័ត៌មាន និង​ការ​ឃោសនា​ទាក់ទង​នឹង​សង្គ្រាម​។

លោក ប៉ា​វែ​ល ឌូ​រ៉ូ​វ និង​លោក នី​កូ​ឡៃ ឌូ​រ៉ូ​វ (Nikolai Durov) ដែល​ជា​បងប្រុស​បាន​បង្កើត​កម្មវិធី Telegram នៅ​ក្នុង​ឆ្នាំ ២០១៣ ហើយ​បាន​ចាក​ចេញពី​ប្រទេស​រុ​ស្ស៊ី​ក្នុង​ឆ្នាំ ២០១៤ បន្ទាប់​ពី​បដិសេធ​មិន​ធ្វើ​តាម​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ ដើម្បី​បិទ​សហគមន៍​ប្រឆាំង​លើ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម VKontakte ដែល​អ្នក​ទាំង​ពីរ​បាន​បង្កើត​ឡើង ហើយ​ក្រោយមក​បាន​លក់​សិទ្ធិ​គ្រប់គ្រង​។

បន្ទាប់​ពី​ចាក​ចេញពី​ប្រទេស​រុ​ស្ស៊ី លោក ប៉ា​វែ​ល បាន​បញ្ជាក់​ថា គាត់​គ្មាន​បំណង​វិល​ត្រឡប់​ទៅ​វិញ​ទេ​។ ដ្បិត​បច្ចុប្បន្ន​បុរស​វ័យ​៣៩​ឆ្នាំ​រូប​នេះ កំពុង​រស់នៅ​ក្នុង​ទីក្រុង​ឌូ​បៃ ប្រទេស​អា​រ៉ាប់​រួម ដែល​ក្រុមហ៊ុន Telegram មាន​មូលដ្ឋាន​នៅ​ទីនោះ​៕ (​ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ