រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត ford ranger បុកជាមួយរថយន្ត Merserdes C550 ស្រាប់តែមានរថយន្តមួយគ្រឿងទៀតបើកមកដល់បានចុះបាញ់ស្រោចទៅលើរថយន្ត Merserdes បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ម្នាក់និងស្លាប់ម្នាក់ ចំណែកបក្សពួកក្រុមខ្មាន់កាំភ្លើងនាំគ្នារត់គេចខ្លួនបាត់ ដោយឃាត់មនុស្សម្នាក់ជាគ្នីគ្នាជិះក្នុងរថយន្តMerserdes យកទៅជាមួយផងដែរ ។
ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ១០៤ ភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់ជាជនជាតិខ្មែរ មិនទាន់ស្គាល់អត្តសញ្ញាណ ស្លាប់នៅមន្ទីរពេទ្យព្រះកុសុមៈហៅពេទ្យលោកសង្ឃ ។ ដោយឡែកជនជាតិចិនម្នាក់ទៀតរងរបួសភ្លៅខាងឆ្វេង។
តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Merserdes C550 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BF-8168 ជិះគ្នា៣នាក់ ជនជាតិចិន២នាក់ និងខ្មែរម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៍ស្រាប់តែមានបុរសមួយក្រុមទៀតបានបើករថយន្តម៉ាក ford ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BV -5779 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នា ហើយរេចង្កូតទៅបុកនិងរថយន្តMerserdes យ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតរួចហើយ ។
តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីស បានបើកមកពីក្រោយរថយន្ត Merserdes រួចក៍បានដកកាំភ្លើងវែងខ្លីបាញ់ស្រោចទៅលើខាងរថយន្ត Merserdes បណ្តាលឲ្យមានអ្នករងរបួសធ្ងន់២នាក់ ក្នុងនោះខ្មែរម្នាក់និងជនជាតិចិនម្នាក់ ហើយក្រុមខ្មាន់កាំភ្លើងទាំងនោះ បានចាប់បុរសជនជាតិចិនម្នាក់ដាក់ចូលក្នុងរថយន្ត បើកគេចចេញទៅបាត់តែម្តង ។
ពាក់ព័ន្ធករណីនេះផងដែរ បន្តិចក្រោយមកក៍មានកម្លាំងមូលដ្ឋាននិងខណ្ឌបានចុះទៅកន្លែងកើតហេតុ ក៍ប្រទះឃើញបុរស២នាក់កំពុងរងរបួសដោយសារគ្រាប់កាំភ្លើងបានទាក់ទងហៅរថយន្តសាមុយអោយមកដឹកយកទៅសង្គ្រោះនិងមន្ទីរពេទ្យព្រះកុសុមៈហៅពេទ្យលោកសង្ឃ ។ ពេលទៅដល់មន្ទីរពេទ្យ បុរសជាជនជាតិខ្មែរបានស្លាប់បាត់ទៅហើយ នៅសល់តែបុរសជនជាតិចិន រងរបួសភ្លៅខាងឆ្វេង ត្រូវបានក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះផងដែរ ។
ក្រោយពេលកើតហេតុ ក៍មានវត្តមានកម្លាំងជំនាញពាក់ព័ន្ធគ្រប់អង្គភាព និងវត្តមានរបស់លោក សុខ ពេញវុធ អភិបាលេរងខណ្ឌក្រុង បានចុះទៅពិនិត្យកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញា ដើម្បីឱ្យថាជាករណីអ្វីអោយពិតប្រាកដ ៕
ចែករំលែកព័តមាននេះ