សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយជាឧត្តមទីប្រឹក្សា គណៈសង្ឃនាយកកម្ពុជាបានមានថេរដីការថា សព្វថ្ងៃនេះការបដិបត្តិធម៌ ពោល គឺការដែលព្រះសង្ឃមិនគោរពធម៌វិន័យកាន់តែថយចុះ ដែលគ្រប់គ្នាគួរតែយកចិត្តទុកដាក់ ។
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះអង្គ បានមានថេរដីកា ហើយបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ថាបើធៀបនឹងសង្គមមុន ការបដិបត្តិធម៌វិន័យ របស់ព្រះសង្ឃ គឺមិនអាចប្រៀបធៀបនឹងសង្គមមុនបានទេ ។
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បានមានថេរដីកាបញ្ជាក់ថា «ខ្ញុំករុណាបានបួសតាំងពីសម័យសម្តេចសង្ឃ ជួន ណាត ៥សង្គមមកហើយ តែសព្វថ្ងៃនេះ ការបដិបត្តិធម៌របស់ព្រះសង្ឃយើង ខុសគ្នាឆ្ងាយណាស់ នេះ គឺជាបញ្ហាដែលកំពុងតែធ្វើឲ្យប៉ះទង្គិចដល់សេចក្តីជ្រះថ្លារបស់ពុទ្ធបរិស័ទ» ។
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បានមានថេរដីកាបន្តទៀតថា ប្រសិនបើមិនយកចិត្តទុកដាក់នោះពុទ្ធបរិស័ទនឹងលែងជ្រះថ្លាដែលនឹងអាចប៉ះពាល់ដល់វិស័យពុទ្ធសាសនានៅពេលអនាគត ។ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក៏បានមានថេរដីកាសំណូមពរឲ្យព្រះមេគុណ អនុគុណ ព្រះចៅអធិការ និងពុទ្ធិបរិស័ទ ជួយយកចិត្តទុកដាក់ពង្រឹងនូវធម៌វិន័យរបស់ព្រះសង្ឃឡើងវិញ ដើម្បីធ្វើយ៉ាងណាឲ្យពុទ្ធសាសនារឹងមាំ ។
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បានមានថេរដីកាសង្កត់ធ្ងន់ថា «ប្រសិនបើយើងនៅតែរយីក រយាកពុទ្ធសាសនាយើងនឹងអស់មានគេគោរព គឺអស់ពុទ្ធសាសនាហើយ ។ របស់ដែលគេស្រលាញ់ គេពេញចិត្តបានអាចគង់នៅបាន តែរបស់តែគេលែងស្រលាញ់ គេលែងពេញចិត្តគេគ្រវែងចោលហើយ » ។
កាលពីសម័យខ្មែរក្រហម ដែលគេបំបាត់ពុទ្ធសាសនា គឺបានតែរូបខាងក្រៅ ប៉ុន្តែដោយសារតែនៅក្នុងចិត្តប្រជាពលរដ្ឋគេនៅស្រលាញ់នៅគោរព គ្រាន់តែបែកខ្មែរក្រហមភ្លាម ពុទ្ធសាសនាយើងចំរើនឡើងវិញភ្លាម ។ នេះបើតាមថេរដីការបស់សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ។
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បានមានថេរដីកាបន្តថា ឥឡូវនេះនៅលើបណ្តាញសង្គម មានព្រះភិក្ខុខ្លះទៅស្ល ទៅរាំ ហើយបង្ហោះនៅលើបណ្តាញសង្គមដែលសកម្មភាពនេះ គឺប្រាសចាកពីធម៌វិន័យទាំងស្រុង ៕
ចែករំលែកព័តមាននេះ