ប្រទេសអ៊ីស្លង់ ៖ រហូតមកទល់ពេលនេះ យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់ និង២នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ចាប់តាំងពីរូងភ្នំទឹកកកមួយផ្នែកបានបាក់រលំ សង្កត់ក្រុមអ្នកទេសចរបរទេសចម្រុះជាតិសាសន៍មួយក្រុមមានគ្នា២៥នាក់ ដែលកំពុងតែទស្សនាផ្ទាំងទឹកកក Breidamerkurjokull នៅភាគខាងត្បូងប្រទេសអ៊ីស្លង់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ នេះបើយោងតាមប្រភពពីសារព័ត៌មានសារព័ត៌មានធំៗនៅជុំវិញពិភពលោក រួមទាំង Euronews Sky News និង CNN ដែលបានចេញផ្សាយ កាលពីថ្ងៃទី២៦ ខែសីហា កន្លងទៅ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ូលិសក្នុងតំបន់បានបញ្ជាក់ថា អ្នកឆ្លើយតបដំបូងបានទទួលការហៅទូរស័ព្ទភ្លាមៗ មុនម៉ោង៣រសៀលម៉ោងក្នុងស្រុក កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ខណៈក្រុមអ្នកទេសចរបរទេសចម្រុះជាតិសាសន៍ដែលមានគ្នាត្រូវបានជឿងថា ២៥នាក់ កំពុងធ្វើដំណើរកម្សាន្តរុករកនៅរូងភ្នំទឹកកក Breidamerkurjokull ស្រាប់តែផ្ទាំងទឹកកកមួយផ្នែកបានបាក់សង្កត់លើមនុស្សចំនួន៤នាក់។
មនុស្ស២នាក់រងរបួសធ្ងន់ ហើយម្នាក់បានស្លាប់បាត់បង់ជីវីតនៅកន្លែងកើតហេតុតែម្តង ចំណែកម្នាក់ទៀតត្រូវបានឧទ្ធម្ភាគចក្រដឹកទៅកាន់មន្ទីរពេទ្យ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា អ្នកស្លាប់ជាបុរសជនជាតិអាមេរិក និងអ្នករបួសធ្ងន់ជាស្ត្រីជនជាតិអាមេរិក ដែលគេជឿថាទំនងប្តីប្រពន្ធនឹងគ្នា។ ទោះយ៉ាងក៏ដោយ ក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់ កំពុងបន្តបេសកម្មស្វែងរកអ្នកបាត់ខ្លួន ២នាក់ផ្សេងទៀត។
ប្រតិបត្តិការសង្គ្រោះដំបូងដែលមានអ្នកចូលរួមប្រហែល ២០០នាក់ ត្រូវបានផ្អាកបណ្តោះអាសន្ន បន្ទាប់ពីមេឃងងឹតខ្លាំង បូកទាំងស្ថានភាពគ្រោះថ្នាក់ពេក ប៉ុន្តែប៉ូលិសអះអាងថា ប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន នឹងបន្តនៅពេលព្រឹក។
រូងភ្នំស្ថិតនៅក្នុងផ្ទាំងទឹកកក Breidamerkurjokull ចម្ងាយប្រមាណ ៣២០គីឡូម៉ែត្រ ខាងកើតរដ្ឋធានី Reykjavik។ ហើយជាមួយគ្នានោះ អាជ្ញាធរបានលើកឡើងថា ឧប្បត្តិហេតុបាក់រលំផ្ទាំងរូងភ្នំទឹកកកនេះ ទំនងជាមិនទាក់ទងនឹងការផ្ទុះភ្នំភ្លើងនៅភាគអាគ្នេយ៍ប្រទេសអ៊ីស្លង់ កាលពីថ្ងៃសុក្រសប្តាហ៍មុននោះទេ ដែលមានចម្ងាយប្រហែល៣០០គីឡូម៉ែត្រពីផ្ទាំងទឹកកក៕
ចែករំលែកព័តមាននេះ