ទីក្រុងបាងកក ៖ រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ កំពុងត្រូវបានជំរុញឱ្យដោះស្រាយជាបន្ទាន់ ចំពោះកង្វល់ជុំវិញបញ្ហាផលិតផល និងការវិនិយោគរបស់ប្រទេសចិន ដែលបង្កការគំរាមកំហែងដល់ប្រជាជនថៃ មុនពេលបញ្ហានេះកាន់តែអាក្រក់ និងជះឥទ្ធិពលអវិជ្ជមានដល់ការនាំចេញ និងវិស័យទេសចរណ៍របស់ប្រទេសថៃ។ នេះបើតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍ ដែលចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
លោក សោមផប ម៉ាណារ៉ុងសាន (Sompop Manarungsan) ប្រធានវិទ្យាស្ថានគ្រប់គ្រងបញ្ញាភីវ៉ាត់ (Panyapiwat Institute of Management) និងជាអ្នកឯកទេសខាងសេដ្ឋកិច្ចចិន និងសហរដ្ឋអាមេរិក បានលើកឡើងថា ប្រទេសថៃ និងចិន គួរតែសហការគ្នា ដើម្បីបង្កើតគំរូពាណិជ្ជកម្មឈ្នះៗ។
លោកថ្លែងថា «អារម្មណ៍អវិជ្ជមានបាននិងកំពុងកើនឡើង ដែលសូម្បីតែយីហោសាច់មាន់បំពងរបស់ចិន ដែលទើបបង្កើតសិទ្ធិផ្តាច់មុខនៅក្នុងប្រទេសថៃ ក៏ត្រូវបានគេមើលឃើញថា គឺជាការគំរាមកំហែងដល់អាជីពកម្មក្នុងស្រុកដែរ។ តាមពិតមានភោជនីយដ្ឋានជប៉ុន និងកូរ៉េជាច្រើននៅក្នុងប្រទេសថៃ ខណៈហាងមាន់បំពងរបស់ចិនមានតិចតួច»។
លោកបន្តថា «បើការយល់ឃើញ និងអាកប្បកិរិយាចំពោះការវិនិយោគ និងពាណិជ្ជកម្មរបស់ចិន មិនត្រូវបានដោះស្រាយឱ្យបានឆាប់រហ័សទេ វាអាចនាំឱ្យមានការប្រឈមមុខដាក់គ្នារឿងពាណិជ្ជកម្មជាមួយប្រទេសចិន ដែលនឹងជះឥទ្ធិពលអវិជ្ជមានទៅដល់ការនាំចេញ និងទេសចរណ៍របស់ប្រទេសថៃ»។
លោកទទួលស្គាល់ថា ការវិនិយោគរបស់ចិន និងការហូរចូលនៃផលិតផលចិនក្នុងទីផ្សារថៃមានផលប៉ះពាល់អវិជ្ជមានមួយចំនួនលើអាជីវកម្មក្នុងស្រុក ប៉ុន្តែលោកសម្គាល់ថា ពាណិជ្ជកម្ម និងការវិនិយោគរបស់ចិនមានអត្ថប្រយោជន៍ និងគុណវិបត្តិ ដោយសាររោងចក្រភាគច្រើនក្នុងប្រទេសថៃ ប្រើប្រាស់សមាសធាតុដែលមានតម្លៃទាប ឬវត្ថុធាតុដើមពីចិន។ ដូច្នេះរដ្ឋាភិបាលចិន និងថៃ ចាំបាច់ត្រូវពិគ្រោះយោបល់ និងយោគយល់គ្នាទៅវិញទៅមក។ ការដោះស្រាយបញ្ហាឱ្យបានឆាប់រហ័ស គឺជាការស្វែងរកគំរូឈ្នះៗសម្រាប់ប្រទេសទាំងពីរ។
ប្រទេសថៃមានឱនភាពពាណិជ្ជកម្មប្រចាំឆ្នាំជាមួយនឹងប្រទេសចិនប្រមាណ ១០ពាន់លានដុល្លារអាមេរិក ភាគច្រើនបានមកពីការនាំចូលវត្ថុធាតុដើម និងទំនិញកម្រិតមធ្យម ខណៈដែលការនាំចូលផលិតផលសម្រេចពីប្រទេសចិនមានកម្រិតទាបនៅឡើយ។ ទាក់ទងនឹងឧស្សាហកម្មរថយន្ត និងការប្រកួតប្រជែងពីក្រុមហ៊ុនរថយន្តអគ្គិសនីចិននៅក្នុងប្រទេសថៃ លោក សោមផប លើកឡើងថា រថយន្តអគ្គិសនី និងរថយន្តសាំង មិនប្រកួតប្រជែងដោយផ្ទាល់នៅក្នុងទីផ្សារតែមួយនោះទេ។
ណាមួយទីផ្សារនៃរថយន្តអគ្គិសនី នៅតែមានទំហំតូចជាងទីផ្សាររថយន្តសាំង។ ត្រង់ចំណុចនេះ លោកលើកឡើងថា «រដ្ឋាភិបាលថៃគួរសិក្សាពីរចនាសម្ព័ន្ធឧបត្ថម្ភធនរបស់ប្រទេសផ្សេងៗ ដើម្បីវាយតម្លៃពីរបៀបដែលការឧបត្ថម្ភអាចលើកទីផ្សាររថយន្តអគ្គិសនី ប៉ុន្តែមានផលប៉ះពាល់តិចតួចបំផុតលើទីផ្សាររថយន្តសាំង។
ទីផ្សារពិភពលោកស្ថិតក្នុងដំណាក់កាលអន្តរកាល ដោយសារបណ្តាប្រទេសអភិវឌ្ឍន៍បានដាក់របាំងពាណិជ្ជកម្មលើប្រទេសចិន ដែលនាំឱ្យមានការថយចុះនៃការនាំចេញរបស់ចិនទៅកាន់ប្រទេសទាំងនោះ រួមទាំងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន និងអឺរ៉ុប ដែលច្រើនជាង ១០% ជារៀងរាល់ឆ្នាំ។
លោក សោមផប ថា ប្រទេសចិនមិនទាន់កាត់បន្ថយសមត្ថភាពផលិតរបស់ខ្លួននៅឡើយទេ ដែលបណ្តាលឱ្យមានអតិរេកនៃទំនិញរបស់ចិនហូរចូលទៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ នៅពេលអនាគត ប្រទេសចិនប្រហែលជាត្រូវកាត់បន្ថយការផលិតរបស់ខ្លួន ឬផ្លាស់ប្តូរទីតាំងផលិតកម្ម ហើយអំឡុងពេលការផ្លាស់ប្តូរនេះ ដំណើរការត្រូវតែដោះស្រាយយ៉ាងប្រុងប្រយ័ត្នតាមរយៈការគ្រប់គ្រងការផ្លាស់ប្តូរ៕ (ប្រភព ៖ បាងកកប៉ុស្តិ៍)
ចែករំលែកព័តមាននេះ