ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់បានសម្រាលកូនដំបូង នៅលើកាណូតបារ៉ាស្មាច់ ខណៈក្រុមគ្រួសារ ព្យាយាមដឹកមកសម្រាលនៅមន្ទីរពេទ្យខេត្ត ប៉ុន្តែគាត់បានសម្រាលនៅពេលដឹកមកដល់មាត់កំពង់ទឹក ទំនប់បារាំង ភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលហេតុការណ៍ដែលធ្វើឱ្យមហាជនចំណាប់អារម្មណ៍និងអាណិតជាពន់ពេក កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។
លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ស្ត្រីសម្រាលកូនលើកាណូតប៉ាឡាស្មាច់ខាងលើ មានឈ្មោះ ឡាន លីនណា អាយុ១៩ឆ្នាំ មានប្ដីឈ្មោះណយ សារ៉ូ អាយុ30ឆ្នាំ មានទីលំនៅភូមិគៀនតាម៉ា ឃុំកំពង់អុស ស្រុកជល់គីរី ។
ប្រភពដដែលបានស្រង់សម្ដីពីក្រុមគ្រួសារជនរងគ្រោះបានដោយដឹងថា ស្ត្រីខាងលើបានសម្រាលកូនជាលើកដំបូង ។ នៅថ្ងៃកើតហេតុ ស្ត្រីខាងលើបានឈឺពោះ ហើយត្រូវក្រុមគ្រួសារដឹកមកសម្រាលនៅមន្ទីរពេទ្យខេត្ត ប៉ុន្តែពេលមកជិតដល់មាត់កំពង់ទឹកទំនប់បារាំងស្ត្រីរូបនោះបានសម្រាលកូននៅលើកាណូតបាឡាស្មាច់រួចទៅហើយ ពេលនោះ បងប្អូនបានទូរសព្ទហើយរថយន្តសង្គ្រោះមកដឹកស្ត្រីរូបនោះ មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ប្រភពដដែលបានបន្តថា គ្រួសារខាងលើមានប័ណ្ណក្រីក្រកម្រិត២។នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងក្រុមគ្រូពេទ្យបានបញ្ជាក់ថា ស្ត្រីសម្រាលកូននិងទារកទើបកើត មានទម្ងន់២គីឡូកន្លះ មានសុខភាពល្អទាំងពីរនាក់ ៕
ចែករំលែកព័តមាននេះ