កីឡាករ Cristiano Ronaldo ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ និងជាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុម Al Nassr នៅលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League បានបើកដំណើរការឆានែលយូធូបផ្ទាល់ខ្លួនជាផ្លូវការ កាលពីថ្ងៃទី២១ សីហា កន្លងទៅ ដែលមានឈ្មោះថា «UR · Cristiano» ហើយគិតមកទល់ព្រឹកនេះ ឆានែលរបស់ខ្សែប្រយុទ្ធវ័យ៣៩ឆ្នាំរូបនេះមានអ្នកចុច Subscribe រហូតដល់ជាង ២៨លាននាក់រួចទៅហើយ។
ដ្បិតបច្ចុប្បន្ន ឆានែលយូធូបដែលមានឈ្មោះថា «MrBeast» របស់លោក James Stephen Donaldson ជនជាតិអាមេរិកាំងវ័យ២៦ឆ្នាំ មានចំនួនអ្នកចុច Subscribe ច្រើនជាងគេបំផុតនៅលើពិភពលោក ពោលរហូតដល់ ៣១១លាននាក់ ក្រោយបង្កើតលើកដំបូងនៅក្នុងឆ្នាំ ២០១២។ ដូច្នេះគ្រប់គ្នាពិតជាចង់ឃើញថា តើ Cristiano Ronaldo ត្រូវចំណាយរយៈពេលប៉ុន្មាន ដើម្បីបំបែកកំណត់ត្រាលោក James Stephen Donaldson នៅយូធូប?
បើតាមប្រភពពីទស្សនាវដ្តីពាណិជ្ជកម្ម Forbes បានឱ្យដឹងថា ក្រៅអំពីសមត្ថភាពដ៏អស្ចារ្យ និងកំណត់ត្រាពិសេសៗជាច្រើនលើសមរភូមិវាលស្មៅ ហើយក៏ជាអ្នកជំនួញដ៏ជោគជ័យមួយរូបផងនោះ Ronaldo ក៏ជាបុគ្គមានដ៏មានឥទ្ធិពលបំផុតលើអ៊ីនធឺណិតផងដែរ ដោយមានអ្នកចុចតាមដាននៅលើបណ្តាប្រព័ន្ធផ្សព្វផ្សាយសង្គមជាង៩០០លាននាក់។ ហើយនៅក្នុងឆ្នាំ ២០២០ អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Sporting Lisbon, Manchester United, Real Madrid និង Juventus រូបនេះ ក្លាយជាអត្តពលិកកីឡាកំពុងប្រកបអាជីពដំបូងគេ ដែលរកប្រាក់ចំណូលបានលើសពី១ពាន់លានដុល្លារអាមេរិកក្នុងអាជីព។ ដ្បិតកីឡាករូបនេះ ក៏ជាអត្តពលិកមានប្រាក់ថ្លៃពលកម្មខ្ពស់បំផុតនៅលើពិភពលោកផងដែរ ដោយទទួលបានរហូតដល់២០០លានអឺរូពីក្លិប Al Nassr នៅក្នុង១រដូវកាល។
ចែករំលែកព័តមាននេះ