ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវវស្សា​មក​ដល់ អ្នកលក់​កញ្ជើ​ល្អី រីករាយ​រក​ប្រាក់​បាន​គួរសម នៅ​ផ្សារ​ក្រមួន ក្រុង​ស្វាយ​រៀង

4 ខែ មុន

ខេត្តស្វាយរៀង ៖ អ្នក​លក់ដូរ​តាម​កញ្ជើ​ល្អី នៅ​ផ្សារ​ក្រមួន ក៏​ដូច​អ្នក​លក់ដូរ​បន្លែ ត្រី​សាច់ គឺ​រីករាយ ដោយ​រដូវវស្សា​មក​ដល់ មាន​បន្លែ​ធម្មជាតិ​សំបូរ ងាយស្រួល​លក់ដូរ…

ខេត្តស្វាយរៀង ៖ អ្នក​លក់ដូរ​តាម​កញ្ជើ​ល្អី នៅ​ផ្សារ​ក្រមួន ក៏​ដូច​អ្នក​លក់ដូរ​បន្លែ ត្រី​សាច់ គឺ​រីករាយ ដោយ​រដូវវស្សា​មក​ដល់ មាន​បន្លែ​ធម្មជាតិ​សំបូរ ងាយស្រួល​លក់ដូរ អាច​រក​ប្រាក់​ចំណូល​បាន​គួរសម ។

អាជីវករ បាន​លើក​ឡើង នា​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៤​នេះ​ថា ផ្សារ​ក្រមួន ស្ថិត​នៅ​ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង (​ផ្សារ​ក្រមួន គឺ​មាន​លក់ដូរ​តែ​ពេល​ព្រឹក ចាប់ពី​៦​និង​៣០​នាទី​ព្រឹក ដល់​ម៉ោង​១២​ថ្ងៃត្រង់ គឺ​រើ​តូប​ឈប់​លក់​ហើយ​។ ចំពោះ​អ្នកលក់ តាម​កញ្ជើ​ល្អី ម៉ោង​១១​ព្រឹក ឈប់​លក់​ទៅ​ផ្ទះ​អស់ហើយ ទើប​គេ​ដាក់​ឈ្មោះ​ថា ផ្សារ​ក្រមួន​) ។

នៅ​រដូវវស្សា​នេះ ក្រុម​អ្នក​លក់ដូរ តាម​កញ្ជើ​ល្អី មាន​បន្លែ​ធម្មជាតិ​លក់ដូរ​ច្រើន ដូច​ជា ៖ ត្រកួន កញ្ឆែត ម្ជុល​ភ្នំ ស្ន​ក់​ទឹក ស្លាប​ចង្វា ស្គន់អំបោះ ម្ជូ​អំ​ព្រឹក សក់​នាង ភ្លៅកង្កែប រំ​ចង់ ត្រកៀត ត្រសក់ ត្រប់ ស្រួយ ត្រប់វែង សៅ​ម៉ៅ​ព្រៃ​។ បន្លែ ស្ពៃ សាឡា​ត់ ច្រលង់ ផ្កាសរ ស្លឹក​បាស ផ្ទីរ ងប់ ឃ្លោក​ត្រឡាច ននោង ត្រាវ ក្តាត ស្លឹក​ម្រំ ។​ល​។ គឺ​ពួក​គាត់​ដាំ​ដោយ​ខ្លួនឯង សម្រាប់​បេះ​លក់​ប្រចាំ​ថ្ងៃ ។

បើ​តាម​ស្ត្រី​ម្នាក់​វ័យ ៦៨​ឆ្នាំ នៅ​ភូមិ​ក្រសាំង​ជ្រំ​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ជា​អ្នក​លក់ដូរ​តាម​កញ្ជើ​ល្អី បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​រដូវវស្សា​នេះ គាត់​ដាំ​ដំណាំ​បន្លែ​បាន​ល្អ ដោយ​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់ គាត់​ដាំ​ដំណាំ វិល​ជុំ ដូច្នេះ​គាត់​អាច​បេះ​បន្លែ លក់​បាន​រាល់​ព្រឹក គិត​ជា​មធ្យម លក់​បាន​១៥,០០០​រៀល ទៅ​៣០,០០០​រៀល បើ​ខែប្រាំង ដាំ​បន្លែ មិនសូវ​បាន​ល្អ​ទេ ជួនកាល​បេះ​លក់​១​ថ្ងៃ ខាន​១​ថ្ងៃ ក្នុង​១​ថ្ងៃ លក់​បាន​ត្រឹម​១​ម៉ឺន​រៀល ទៅ​១៥,០០០​រៀល​ប៉ុណ្ណោះ ។

ចំណែកឯ ស្ត្រី​ម្នាក់​វ័យ​៥៤​ឆ្នាំ នៅ​ភូមិ​គយ​ត្របែក សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង អ្នកលក់​បន្លែ ក្នុង​តូប បាន​លើក​ឡើង​ថា នៅ​រដូវវស្សា សំបូរ​បន្លែ និង​គ្រឿងផ្សំ ជី​ស្លឹកគ្រៃ លក់​ដោយ​ប្រជា​កសិករ​ដាំ​បាន​ច្រើន សំបូរ​បន្លែ​គ្រប់មុខ ទិញ​បាន​ធូ​ថ្លៃ​ជាង​រដូវប្រាំង ក្នុង​មួយ​ព្រឹក ជា​មធ្យម​លក់​បាន ១០​ម៉ឺន​រៀល ទៅ​២០​ម៉ឺន​រៀល អាច​ចំណេញ​បាន ៤​ម៉ឺន​រៀល ទៅ​៧​ម៉ឺន​រៀល​ដែរ ។

ចំពោះ​អ្នកលក់​ត្រី មាន​ពីរ​ប្រភេទ គឺ​អ្នកលក់​តា​មក​ញ្ជ្រែ​ង និង​លក់​មាន​តូប​។ អ្នកលក់​តា​មក​ញ្ជ្រែ​ង គឺ​អ្នករក​ត្រី​ខ្លួនឯង នៅ​ព្រែក​ទន្លេ​វ៉ៃ​គោ មាន​ត្រី​ចម្រុះ ត្រី​ចង្វា កម្ពឹះ កូន ត្រី និង​ត្រី​ដោត​ត្រណោត តាម​រកបាន គឺ​មាន​ត្រី​អណ្តែង ត្រី​ផ្ទក់ ត្រី​ឆ្លាំង ត្រី​កញ្ចុះ ត្រី​ឆ្លាត ត្រី​ឆ្លូញ កំភ្លៀវ ក៏​ប៉ុន្តែ​ចាប់ពី​ខែកក្កដា​មក គឺ​រក​មិនសូវ​បាន​ត្រី​ធំ​ទេ​។ ត្រី​លក់​តាម​តូប គឺ​ភាគច្រើន ជា​ត្រី​នាំ​ចូល​ពី​ប្រទេស​វៀតណាម ដូច​ជា​ត្រី​រស់ ត្រី​ប្រា ត្រី​ពោ ត្រី​កែ ត្រី​ក្រពាត់ ត្រី កេះ ត្រី ឆ្ពឹ​ន ត្រី​ទី ឡា​យ៉ា ត្រី​អណ្តែង ត្រី​ក្រាញ់ ត្រី​ឆ្លូវ គឺ​ត្រី​ចិញ្ចឹម ជា​មធ្យម​ត្រី​ប្រមាណ​ជា​១០០​គីឡូ ទៅ​២០០​គីឡូ ក្នុង​១​ព្រឹក​។ អ្នក​មក​ផ្សារ​ក្រមួន​នេះ ភាគច្រើន គេ​មក​រក​ទិញ​បន្លែ​ធម្មជាតិ និង​ត្រី​ធម្មជាតិ​។ បើ​សាច់​ជ្រូក សាច់​មាន់ សាច់​គោ ពោះគោ ពោះជ្រូក​លក់ដាច់​ច្រើន សាច់​ជ្រូក​ជា​មធ្យម​ក្នុង ១​ព្រឹក​លក់​អស់​ជាង​១​តោន​ឯណោះ ។

បើ​តាម​ស្ត្រី​ម្នាក់​ទៀត វ័យ​២៨​ឆ្នាំ នៅ​ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ជា​អ្នកលក់​សាច់​ជ្រូក និង​សាច់​គោ បាន​ប្រាប់​កោះសន្តិភាព​ថា រូប​នាង​លក់​សាច់​ជ្រូក​ក្នុង ១​ព្រឹក​អស់ ៣០០​គីឡូ (​គឺ​កាប់​ជ្រូក ៣​ក្បាល​ទៅ​៤​ក្បាល​) ចំណែក​សាច់​គោ​លក់​អស់​ប្រមាណ ៥០​គីឡូក្រាម ។

ស្ត្រី​រូប​នេះ ប្រាប់​បន្ត​ថា សាច់​ជ្រូក​សាច់​សុទ្ធ ១​គីឡូ តម្លៃ​១៨,០០០​រៀល ឆ្អឹងជំនី ១​គីឡូ​១៨,០០០​រៀល​ដែរ ។ សាច់​គោ សាច់​សុទ្ធ​ល្អ សាច់​ភ្លៅ ១​គីឡូ​តម្លៃ ៣៥,០០០​រៀល សាច់​ត្បា​ពោះ ១​គីឡូ​តម្លៃ ១៥,០០០​រៀល​។ ហើយ​ផ្សារ​ក្រមួន​នេះ មាន​តូប​លក់​សាច់​គោ និង​សាច់​ជ្រូក ចំនួន​០៦​តូប គិត​ជា​មធ្យម ក្នុង​១​ព្រឹក លក់​អស់សាច់​ជ្រូក​ជាង ១​តោន សាច់​គោ ចាប់ពី​១៥០​គីឡូ ទៅ​២០០​គីឡូ ប៉ុណ្ណោះ​។ សាច់​មាន់ សាច់​ទា មាន​០៤​តូប ជា​មធ្យម ក្នុង​១​ព្រឹក លក់​អស់​១៥០​គីឡូ ទៅ​២០០​គីឡូ ។ មាន់​ស្រែ និង​មាន់​បី​សាស បោច​ហើយ ១​គីឡូ​តម្លៃ ១៨,០០០​រៀល​។ ប៉ុន្តែ​ផ្សារ​ក្រមួន​នេះ គ្មាន​លក់​ផ្លែ​ឈើ​ទេ បើ​ចង់​ទិញ​ផ្លែ​ឈើ ត្រូវ​ទៅ​ទិញ​នៅ​ផ្សារ​វាល​យន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ