ប្រភពពីសារព័ត៌មាន BBC កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា រឿងរ៉ាវដ៏ចម្លែកនេះ កើតឡើងនៅនាទី៧១ ការប្រកួតវគ្គជម្រុះ Play-off ពានរង្វាន់ Copa Peru រវាងក្រុម Atletico Awajun ទល់នឹងក្រុម Cantorcillo FC។ ការប្រកួតត្រូវបានផ្អាកបន្តិច ដោយសារអ្នកចាំទី Lucho Ruiz របស់ក្រុម Cantorcillo FC របួសត្រូវទទួលការព្យាបាលពីគ្រូពេទ្យ ចំពេលក្រុមគូប្រកួតទទួលបានឱកាសទាត់បាល់ជ្រុង។
រឿងដ៏ហួសចិត្តបំផុតក៏បានកើតឡើង បន្ទាប់ពីខ្សែប្រយុទ្ធ Sebastian Munoz របស់ក្រុម Atletico Awajun ដោយសារតែរង់ចាំទាត់បាល់ជ្រុងយូរពេក ក៏សម្រេចចិត្តដើរទៅបត់ជើងតូចក្បែរជ្រុងទីលានប្រកួត។ ភ្លាមៗកីឡាករម្នាក់របស់ក្រុម Cantorcillo FC ឃើញដូច្នោះ ក៏រត់ទៅប្រាប់អាជ្ញាកណ្តាលដែលកំពុងពិនិត្យស្ថានភាពអ្នកចាំទីរងរបួស។ ហើយមិនបង្អង់ ក្រោយបានឃើញផ្ទាល់នឹងភ្នែក អាជ្ញាកណ្តាលក៏រត់សំដៅទៅខ្សែប្រយុទ្ធ Munoz ហើយជូនកាតក្រហមបណ្តេញចេញពីការប្រកួតតែម្តង។
ប្រតិកម្មជុំវិញវីដេអូឃ្លីបរបស់ខ្សែប្រយុទ្ធ Munoz នៅលើបណ្តាញសង្គមបានផ្ទុះឡើង ដោយមតិមួយលើកឡើងថា តើនេះគឺជាការទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួតដ៏អាម៉ាស់បំផុតពីពានរង្វាន់ Copa Peru?
ពាក់ព័ន្ធបញ្ហានេះ BBC បានឱ្យដឹងថា មន្ត្រីបាល់ទាត់ប៉េរូ និងក្លិប Atletico Awajun ដែលកំពុងលេងនៅលីគលំដាប់ទី៣ប៉េរូ មិនទាន់ធ្វើអត្ថាធិប្បាយលើសកម្មភាពរបស់ខ្សែប្រយុទ្ធ Sebastian Munoz នៅឡើយទេ ខណៈដែលសកម្មភាពហួសចិត្តរបស់កីឡាកររូបនេះ កំពុងទទួលរងការរិះគន់ពីមហាជនដូចទឹកបាក់ទំនប់៕ (ប្រភព ៖ BBC និង The Sun)
ចែករំលែកព័តមាននេះ