ប្រទេសអាហ្សង់ទីន ៖ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន លីអូណែល ម៉េសស៊ី (Lionel Messi) ដែលអវត្តមានលើទីលានប្រកួតដោយសាររបួសនោះ ត្រូវបានដកឈ្មោះចេញពីបញ្ជីក្រុមជម្រើសជាតិដែលត្រូវបានប្រកាសកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ សម្រាប់ការប្រកួតជម្រុះពានរង្វាន់ World Cup 2026 ប្រចាំតំបន់អាមេរិកខាងត្បូងនៅខែក្រោយ ដែលត្រូវប្រកួតជាមួយប្រទេសឈីលី និងកូឡុំប៊ី។
ប្រធានក្រុមអាហ្សង់ទីនវ័យ៣៧ឆ្នាំរូបនេះ ត្រូវបានចាកចេញពីបញ្ជីកីឡាករទាំង២៨នាក់ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Lionel Scaloni បន្ទាប់ពីរងរបួសកជើងអំឡុងពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa America កាលពីខែមុន នៅសហរដ្ឋអាមេរិក។ ខ្សែប្រយុទ្ធឆ្នើមក្រុម Inter Miami បច្ចុប្បន្នកំពុងសម្រាកព្យាបាលក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យក្លិប។
ក្រៅពីប្រធានក្រុម Lionel Messi ដែលជួយអាហ្សង់ទីនឈ្នះជើងឯកពានរង្វាន់ World Cup 2022 នៅប្រទេសកាតា អ្នកចាំទីអាហ្សង់ទីន Franco Armani របស់ក្រុម River Plate ក៏ត្រូវចាកចេញពីក្រុមផងដែរ ក្រោយប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ដូចនឹងខ្សែប្រយុទ្ធសា្លប Angel Di Maria បន្ទាប់ពីការប្រកួតពានរង្វាន់ Copa America 2024 ដែលអាហ្សង់ទីនជាម្ចាស់ជើងឯក។
ចែករំលែកព័តមាននេះ