សហរដ្ឋអាមេរិក ៖ អតីតកីឡាការិនីប្រណាំងកង់ក្នុងសាលដ៏ល្បីរបស់ប្រទេសវេណេស៊ុយអេឡា Daniela Larreal ដែលធ្លាប់ចូលរួមប្រកួតកីឡាអូឡាំពិករហូតដល់៥សម័យកាលនោះ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងអាផាតមិន (Apartment) អតីតកីឡាការិនីរូបនេះ ដែលស្ថិតនៅទីក្រុងឡាសវេហ្គាស (Las Vegas) សហរដ្ឋអាមេរិក។ ការធ្វើកោសល្យវិច័យបឋមរកឃើញថា ការស្លាប់របស់កីឡាការិនីដែលបានចូលនិវត្តន៍កាលពីឆ្នាំ ២០១២ រូបនេះ បណ្តាលមកពីការស្លាក់អាហារ។ នេះបើតាមប្រភពពីសារព័ត៌មាន The People និង The Guardian ចេញផ្សាយកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។
របាយការណ៍ពីសារព័ត៌មានក្នុងស្រុកបានរាយការណ៍ផងដែរថា Daniela Larreal វ័យ៥០ឆ្នាំ បាត់ការទាក់ទងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រោយខកខានមិនមកធ្វើការនៅឯសណ្ឋាគារមួយកន្លែងក្នុងទីក្រុងឡាសវេហ្គាស។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក Larreal ត្រូវបានប្រទះឃើញស្លាប់ក្នុងអាផាតមិនដែលស្ថិតនៅក្នុងទីក្រុងដដែលនេះ។ ការធ្វើកោសល្យវិច័យបឋមបង្ហាញថា Larreal ស្លាប់ដោយសារស្ទះដង្ហើមក្រោយស្លាក់អាហារ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២៤។ ប៉ុន្តែទោះបីជាមូលហេតុពិតប្រាកដនៃការស្លាប់របស់ Larreal នៅតែត្រូវបានស៊ើបអង្កេតដោយអ្នកពិនិត្យវេជ្ជសាស្ត្រនៅតំបន់ Clark County គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។
គួរឱ្យដឹងថា Daniela Larreal ជាអត្តពលិកប្រណាំងកង់ក្នុងសាលដ៏ល្បី១រូបរបស់ប្រទេសវេណេស៊ុយអេឡា ដោយធ្លាប់ចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ឆ្នាំ ១៩៩២ នៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក ឆ្នាំ ១៩៩៦ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ឆ្នាំ ២០០០ ទីក្រុងអាតែន ប្រទេសក្រិក ឆ្នាំ ២០០៤ និងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ឆ្នាំ ២០១២។ បើទោះជាមិនដែលឈ្នះមេដាយពីកីឡាអូឡាំពិកក៏ពិតមែន ប៉ុន្តែ Larreal គឺជាអត្តពលិកដ៏ឆ្នើមម្នាក់ ដោយបានឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធច្រើនរាប់មិនអស់សម្រាប់វេណេហ្ស៊ុយឡាពីការប្រកួតព្រឹត្តិការណ៍លំដាប់ពិភពលោកជាច្រើនផ្សេងទៀត។
ក្រៅពីនេះ Daniela Larreal ក៏សកម្មខ្លាំងនឹងរឿងនយោបាយផងដែរ ដោយជាអ្នករិះគន់ដ៏ខ្លាំងក្លាម្នាក់លើការដឹកនាំរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក ហ៊ូហ្គោ ឆាវេស (Hugo Chavez) កាលនៅមានជីវិត ដោយបានចោទប្រកាន់ប្រធានាធិបតីរូបនេះ រួមជាមួយនឹងលោក Hector Rodriguez រដ្ឋមន្ត្រីក្រសួងកីឡាពាក់ព័ន្ធនឹងរឿងពុករលួយលួចលុយជាតិផងដែរ៕
ចែករំលែកព័តមាននេះ