ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យលទ្ធផល​ស្រាថ្នាំ​នេះ មាន​ជាតិ​មេតា​ណុ​លកម្រិត​១៥% បើ​យើង​ពិសា​ពី​៦៦០ មី​លី​លី​ត​ឡើង​ទៅ គឺ​អាច​ស្លា​.​ប់​បាន

4 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ ទីតាំង​ផលិត​ស្រាថ្នាំ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ត្នោត ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ ត្រូវ​កម្លាំង​មន្ត្រី​ជំនាញ​ស៊ើបអង្កេត ក​.​ប​.​ប​. ចុះ​ត្រួតពិនិត្យ…

ខេត្តតាកែវ ៖ ទីតាំង​ផលិត​ស្រាថ្នាំ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ត្នោត ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ ត្រូវ​កម្លាំង​មន្ត្រី​ជំនាញ​ស៊ើបអង្កេត ក​.​ប​.​ប​. ចុះ​ត្រួតពិនិត្យ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា មាន​ករណី​ពុល​ស្រា និង​ដើម្បី​ទប់ស្កាត់​ករណី​ពុល​ស្រាស ស្រាថ្នាំ តែងតែ​កើត​នា​ពេល​កន្លង​មក​ផង​ដែរ ។

លោក លៀង សុភា ប្រធាន​សាខា ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» ខេត្តតាកែវ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន កាលពី​ល្ងាច ថ្ងៃ​ទី​១៨ ខែសីហា​ថា មាន​ករណី​ពុល​ស្រាថ្នាំ មន្ត្រី​ស៊ើបអង្កេត​នៃ​សាខា ក​.​ប​.​ប​. ខេត្តតាកែវ សហកា​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម អធិការ​ស្រុក​ទ្រាំង និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រ​ង៉ែ បាន​ចុះ​ទៅ​សាកសួរ​ព័ត៌មាន​លម្អិត និង​យក​សំណាក​គំរូ (​ស្រាថ្នាំ​) ក្នុង​ករណី​សង្ស័យ​ពុល​ស្រាថ្នាំ ដែល​ស្ថិត​នៅ​ភូមិ​ត្នោត ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ ។

លោក លៀង សុភា បាន​បន្ត​ថា ក្រោយ​មន្ត្រី​ជំនាញ​បាន​យក​សំណាក​ទៅ​ពិនិត្យ ពិសោធន៍ និង​វិភាគ គឺ​លទ្ធផល​ស្រាថ្នាំ​នោះ មាន​ជាតិ​មេតា​ណុ​ល​ក្នុង​ស្រា មាន​កម្រិត​១៥% ប្រ​សិន​យើង​ពិសា​ចាប់ពី​៦៦០ មី​លី​លី​ត​ឡើង​ទៅ គឺ​អាច​ស្លា​.​ប់​បាន ។

គួរ​រំលឹក​ដែរ​ថា ករណី​ពុល​ស្រាស ស្រាថ្នាំ តែងតែ​កើត​មាន​ជាយថាហេតុ បើ​ទោះបីជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ធ្វើការ​ផ្សព្វផ្សាយ អប់រំ ណែនាំ​ដល់​បងប្អូន​ជា​ម្ចាស់​សិប្បកម្ម​ផលិត​ស្រា​ក្នុង​ខេត្ត និង​អាជីវករ​លក់​ស្រាស​-​ស្រាថ្នាំ យ៉ាងណា​ក៏​ដោយ ។

កន្លង​មក​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង​ប​ន្ល «​ក​.​ប​.​ប​.» នៃ​ក្រសួងពាណិជ្ជកម្ម បាន​រៀបចំ​ធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដី​ពី​សុវត្ថិភាព​ម្ហូបអាហារ ច្បាប់​ស្ដី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ និង​គោលការណ៍​ណែនាំ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ផលិត​ស្រា​ប្រកបដោយ​សុវត្ថិភាព នៅ​តាម​បណ្ដា​ខេត្ត​គោលដៅ​ចំនួន​៦ រួម​មាន ៖ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ និង​ខេត្តកំពត ដោយ​ធ្វើការ​អញ្ជើញ​ម្ចាស់​សិប្បកម្ម​ផលិត​ស្រា​ក្នុង​ខេត្ត និង​អាជីវករ​លក់​ស្រាស​-​ស្រាថ្នាំ ក្នុង​ខេត្ត​ចូលរួម​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ