បរទេស ៖ អត្តពលិកអាស៊ី៦រូប ស្ថិតនៅក្នុងចំណោមអត្តពលិកដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្តដ៏ច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីដណ្តើមបានមេដាយមាសពីកីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ។
ជាក់ស្តែង កីឡាករចោលស្នប៉ាគីស្ថាន Arshad Nadeem បានទទួលរង្វាន់លើកទឹកចិត្តជាសាច់ប្រាក់ចំនួន ៨៩៧,០០០ដុល្លារអាមេរិក សម្រាប់ការដណ្តើមបានមេដាយមាស១គ្រឿងនៅកីឡាអូឡាំពិកឆ្នាំនេះ រួមទាំងទឹកប្រាក់ ៥៣៨,០០០ដុល្លារពីរដ្ឋាភិបាលប៉ាគីស្ថាន ក៏ដូចជាទឹកប្រាក់ ៣៥៩,០០០ដុល្លារផ្សេងទៀត ដែលទទួលបានពីប្រជាជននៅស្រុកកំណើតរបស់ Nadeem នៅក្នុងខេត្តពុនចាប (Punjab) ដែលបានរៃអង្គាសគ្នា។
កីឡាករ Nadeem ទទួលបានរថយន្តដែលមានស្លាកលេខពិសេស PAK 92.97 ដែលជាជាកាបូពីប្រធានខេត្តពុនចាប លោកស្រី Mariam Nawaz ។ មិនត្រឹមប៉ុណ្ណោះទេ ប្រទេសប៉ាគីស្ថានថែមទាំងបានបង្កើតត្រាប្រៃសណីយ៍ពិសេសមួយផ្តល់កិត្តិយសដល់ Nadeem។ ក្រៅពី Nadeem គ្រូបង្វឹករបស់គេ លោក Salman Iqbal Butt ក៏ទទួលបានរង្វាន់លើកទឹកចិត្តជាសាច់ប្រាក់ចំនួន ១៨,០០០ដុល្លារផងដែរ។
អត្តពលិកវ័យ២៧ឆ្នាំរូបនេះ បាននាំយកមេដាយអូឡាំពិកលើកដំបូងជូនប្រទេសប៉ាគីស្ថាន ចាប់តាំងពីកីឡាអូឡាំពិកទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ឆ្នាំ ១៩៩២ ហើយក៏ជាមេដាយមាសដំបូង សម្រាប់ប្រទេសអាស៊ីខាងត្បូងមួយនេះ ចាប់តាំងពីកីឡាអូឡាំពិកទីក្រុងឡូសអាន់ជ័រលេស សហរដ្ឋអាមេរិក ឆ្នាំ ១៩៨៤។ ជាមួយនឹងការចោលស្នបានរយៈចម្ងាយ ៩២,៩៧ម៉ែត្រ នៅកីឡាអូឡាំពិកឆ្នាំនេះ Nadeem បានបង្កើតកំណត់ត្រាថ្មី លើកីឡាចោលស្នបានឆ្ងាយបំផុតនៅក្នុងប្រវត្តិសាស្ត្រកីឡាអូឡាំពិក ដោយឆ្ងាយជាង ២,៤ម៉ែត្រលើសពីកំណត់ត្រាចាស់ ដែលមានរយៈពេល១៦ឆ្នាំកន្លងមកហើយ។
កីឡាករកាយសម្ព័ន្ធហ្វីលីពីន Carlos Yulo ដែលឈ្នះមេដាយមាស២គ្រឿង នៅកីឡាអូឡាំពិកឆ្នាំនេះ ទទួលបានការសន្យាផ្តល់ប្រាក់រង្វាន់រហូតដល់១លានដុល្លារអាមេរិក ដោយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. និងអ្នកឧបត្ថម្ភផ្សេងទៀត។ Yulo ក៏ត្រូវបានផ្តល់ខុនដូស្នាក់នៅ និងផ្ទះវិស្សមកាលមួយខ្នង ដែលមានតម្លៃជាង ១លានដុល្លារអាមេរិក។
អត្តពលិកវ័យ២៤ឆ្នាំរូបនេះ ទទួលបានការផ្តល់ជូនជាច្រើនទៀតរួមទាំង ការហូបភីហ្សា អាហារប៊ូហ្វេ ការ៉េម អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ហើយនិងការធ្វើដំណើរតាយន្តហោះដោយឥតគិតថ្លៃអស់មួយជីវិត។ ស្របពេលដែលមជ្ឈមណ្ឌលវេជ្ជសាស្ត្រឯកជនមួយ ក៏បានផ្តល់កញ្ចប់ពិនិត្យសុខភាពដោយឥតគិតថ្លៃអស់មួយជីវិតផងដែរ។
កីឡាករ Carlos Yulo ដែលដណ្តើមបានមេដាយមាសវិញ្ញាសាសម្តែងលើកម្រាល (Floor Exercise) និងវិញ្ញាសាសេះលោត (Vault) នៅពេលត្រឡប់មកប្រទេសកំណើតវិញ ត្រូវបានរដ្ឋាភិបាលហ្វីលីពីនរៀបចំក្បួនដង្ហែរពិសេសនៅតាមដងផ្លូវសំខាន់ៗ នៃទីក្រុងម៉ានីលកាលពីថ្ងៃទី១៤ សីហា កន្លងទៅ។ ហើយប្រាក់រង្វាន់ទតៀសោត ត្រូវបានរំពឹងថានឹងកើនឡើងបន្ថែមទៀត ខណៈស្តេចប្រដាល់ហ្វីលីពីន ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) ក៏បានសន្យាផ្តល់ប្រាក់រង្វាន់ដល់ Yulo ផងដែរ ប៉ុន្តែមិនបានបង្ហាញចំនួនជាសាធារណៈ។
ងាកទៅ កីឡាការិនីតេក្វាន់ដូថៃ Panipak Wongpattanakit ដែលឈ្នះមេដាយមាស១គ្រឿងនៅអូឡាំពិកឆ្នាំនេះ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តដែលផ្តល់ជូន២ជម្រើសពីគណៈកម្មាធិការជាតិអូឡាំពិកថៃ។ ដោយអាចជ្រើសរើសយកបើកផ្តាច់គ្រប់តែម្តងនៅក្នុងចំនួន ២៨១,៩៧២ដុល្លារអាមេរិក ឬការបើកជាដំណាក់កាលៗ សម្រាប់រយៈពេល៤ឆ្នាំ នៅក្នុងតម្លៃពេញ ៣៣៨,៣៦៧ដុល្លារ។ អត្តពលិកវ័យ២៧ឆ្នាំរូបនេះ ក៏ទទួលបានប្រាក់រង្វាន់បន្ថែមជាច្រើនពីបណ្តាអ្នកឧបត្ថម្ភដែលត្រូវបានប៉ាន់ស្មានថាមានតម្លៃសរុបជាង ២០ម៉ឺនដុល្លារ។
កីឡាការិនី Wongpattanakit បានក្លាយជាអត្តពលិកអាស៊ីអាគ្នេយ៍ដំបូងគេដែលឈ្នះមេដាយអូឡាំពិក៣សម័យកាលជាប់ៗគ្នា ចាប់តាំងពីព្រឹត្តិការណ៍នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ឆ្នាំ ២០១៦ ដោយក្នុងនោះរួមទាំងមេដាយមាស២គ្រឿងនៅព្រឹត្តិការណ៍ទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ ២០២០ និងព្រឹត្តិការណ៍នៅឆ្នាំនេះផ្ទាល់។ ទោះយ៉ាងណាក៏ដោយ កីឡាការិនីរូបនេះ បានសម្រេចប្រកាសចូលនិវត្តន៍ បន្ទាប់ពីជោគជ័យកាលពីថ្មីៗនេះ ដោយបានបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាតេក្វាន់ដូផងដែរ។
ដោយឡែក កីឡាការិនីគុនដាវហុងកុង Vivian Kong ដែលជាម្ចាស់មេដាយមាស១គ្រឿង និងកីឡាករគុនដាវហុងកុង Cheung Ka Long ដែលជាម្ចាស់មេដាយមាស១គ្រឿងដែរនោះ បានក្លាយជាអត្តពលិកឈ្នះមេដាយមាសពីកីឡាអូឡាំពិកឆ្នាំនេះ ទទួលបានប្រាក់រង្វាន់ច្រើនបំផុតលើពិភពលោក ដែលផ្តល់ដោយរដ្ឋាភិបាលហុងកុងលើសាច់ប្រាក់ចំនួន ៧៦៨,០០០ដុល្លារក្នុងម្នាក់។ អត្តពលិកទាំងពីររូប ក៏ទទួលបានសំបុត្រជិះរថភ្លើង រួមនឹងកញ្ចប់ការហាត់ប្រាណ ដោយឥតគិតថ្លៃពេញមួយជីវិត។
ប្រទេសជាច្រើនផ្សេងទៀត ក៏បានផ្តល់រង្វាន់ដ៏ច្រើនដែលមិនមែនសាច់ប្រាក់ដល់អត្តពលិកពួកគេផងដែរ។ តួយ៉ាង កីឡាការិនីវាយកូនឃ្លីលើតុចិន Chen Meng ដែលមេដាយមាស២គ្រឿងលើតុវិញ្ញាសាឯកត្តជន និងវិញ្ញាសាជាក្រុម នៅកីឡាអូឡាំពិកឆ្នាំនេះ ទទួលបានប្រាក់រង្វាន់ចំនួន ៥២៥,០០០ដុល្លារអាមេរិក រួមទាំងមាសសុទ្ធ ៦គីឡូក្រាម។ ភាគច្រើននៃរង្វាន់ទាំងនេះបានមកពីមហាសេដ្ឋីអចលនទ្រព្យចិន លោក Guo Bin ដែលជាស្វាមីលោកស្រី Wang Nan អតីតកីឡាការិនីវាយកូនឃ្លីលើតុឆ្នើមចិន ដែលជាម្ចាស់មេដាយមាសកីឡាអូឡាំពិករដូវក្តៅទីក្រុងអាតែន ប្រទេសក្រិក ឆ្នាំ ២០០៤៕ (ប្រភព ៖ VnExpress)
ចែករំលែកព័តមាននេះ