ទីក្រុងបាងកក៖ បន្ទាប់ពីដឹងថាតុលាការធម្មនុញ្ញសម្រេចដកតំណែងរបស់លោកកាលពីល្ងាចថ្ងៃពុធ លោកសេដ្ឋាថាក់វិស៊ីនសម្ដែងការខកចិត្ត។ លោកប្រមើលឃើញថាកម្មវិធីនយោបាយរបស់លោកអាចនឹងផ្លាស់ប្ដូរក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី។ លោកសោកស្ដាយ មិនគួរណាអស់តំណែងទាំងកណ្ដាលទីបែបនេះ។ លោកត្រូវតុលាការរកឃើញថាខ្វះសីលធម៌ ឬចាកសីលធម៌។ ប៉ុន្តែលោកអះអាងថាលោកខិតខំបំពេញការងារដោយសុទ្ធចិត្ត និងការលះបង់អស់ពីកម្លាំងកាយចិត្ត។
ថ្វីដ្បិតគណបក្សភឿថៃ, ក្រុមយោធានិយម និងក្រុមអភិរក្សនិយមស្ថិតនៅក្នុងរដ្ឋាភិបាលចម្រុះជាមួយគ្នាមែន។ ប៉ុន្តែទំនាក់ទំនងនេះគ្មានភាពល្អូកល្អឺននឹងគ្នា ឬក៏មានទំនុកចិត្តគ្នា១០០%នោះទេ។ មានន័យថាជាទំនាក់ទំនងម្ដងក្ដៅម្ដងត្រជាក់តែប៉ុណ្ណោះ។ ដូច្នេះ នៅពេលតុលាការដកតំណែងនាយករដ្ឋមន្ត្រីដែលមានកូតាមកពីខាងគណបក្សភឿថៃបែបនេះប្រៀបបាននឹងការក្រឡុកទំនាក់ទំនងដ៏ផុយស្រួយនេះឱ្យកាន់តែមានបញ្ហាល្អក់កករថែមទៀត។
ឥឡូវនេះ បន្ទាប់ពីតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ លោកភូមថាម វិឆាយ៉ាឆៃ (Phumtham Wechayachai) ធ្វើជានាយករដ្ឋមន្ត្រីចាំផ្ទះ។ លោកធ្លាប់ជាឧបនាយករដ្ឋមន្ត្រីថៃ និងជាមនុស្សជំនិតរបស់គណបក្សភឿថៃ។ អ្នកវិភាគនយោបាយថៃយល់ថាគណបក្សភឿថៃនៅតែជាអ្នកមានសិទ្ធិសម្រេចតែងតាំង និងបញ្ជូនបេក្ខភាពនាយករដ្ឋមន្ត្រីទៅឱ្យសភាអនុម័តតែដដែលទេ។ គ្រាន់តែថានៅក្នុងដំណាក់កាលនេះ គេមិនទាន់ដឹងថាតើគណបក្សភឿថៃសម្រេចតែងតាំងបេក្ខជនរូបណា។
ប្រធានគណបក្សភូមិចៃថៃ លោកអនុទីន ដែលបានដាក់ទុននយោបាយជាមួយគណបក្សភឿថៃដើម្បីបង្កើតរដ្ឋាភិបាលចម្រុះជាមួយគ្នា លោកថ្លែងថាគណបក្សនយោបាយនានាដែលរួមគ្នានៅក្នុងរដ្ឋាភិបាលចម្រុះនៅតែមានសាមគ្គីភាពគ្នាល្អណាស់។ លោកយល់ថាគណបក្សភឿថៃគួរណាស់ជាអ្នកមានសិទ្ធិដឹកនាំរដ្ឋាភិបាលដដែល។ លោកសង្កត់ធ្ងន់ថាភឿថៃកំពុងដឹកនាំរដ្ឋាភិបាល។ យើងត្រូវតែស្ដាប់សម្ដីរបស់គណបក្សភឿថៃ។ លោកអនុទីនបច្ចុប្បន្ននេះជាឧបនាយករដ្ឋមន្ត្រីចាំផ្ទះ។
តើនរណាខ្លះអាចក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ?
នៅក្នុងចំណោមអ្នកមានសក្ដានុពលជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃក៏មានលោកអនុទីនម្នាក់ផងដែរ។ លោកជាអ្នកដើរកៀរគរ និងបញ្ចុះបញ្ចូលគណបក្សនយោបាយនានារួមទាំងក្រុមយោធា និងក្រុមអភិរក្សនិយមផងដើម្បីរួមគ្នាបង្កើតរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកសេដ្ឋា។
ដោយសារលោកជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភូមិចៃថៃស្រាប់ ដូច្នេះ លោកក៏អាចនឹងទទួលបានសញ្ញាភ្លើងខៀវពីគណបក្សភឿថៃ និងលោកថាក់ស៊ីនដើម្បីបញ្ជូនឈ្មោះទៅឱ្យសភាអនុម័ត។ ប្រភពដែលដឹងកិច្ចការផ្ទៃក្នុងរបស់ក្រុមលោកថាក់ស៊ីនច្បាស់បានបង្ហើបឱ្យដឹងថាលោកថាក់ស៊ីន និងលោកអនុទីនធ្លាប់ណាត់ជួបគ្នាតាំងពីមុនពេលដកតំណែងលោកសេដ្ឋានេះទៅទៀត។
លោកថាក់ស៊ីនទំនងជាបានដាក់ចេញសេណារីយោថាបើលោកសេដ្ឋាអស់តំណែងទៅ លោកចង់ឃើញលោកអនុទីនឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី។ អ្នកតំណាងរាស្ត្រគណបក្សភឿថៃនឹងបោះឆ្នោតគាំទ្រគាត់។
ទោះជាយ៉ាងណាក្ដី លោកអនុទីនមិនទាន់ឯកភាពតាមសំណើនេះទេ។ លោកបញ្ជាក់ថាពិតមានការជួបគ្នាមែន។ ប៉ុន្តែនោះជាការជួបគ្នាលក្ខណៈឯកជនតែប៉ុណ្ណោះ។ ដោយឡែកគណបក្សភឿថៃក៏ថ្វីមានបេក្ខជនបម្រុងរបស់ខ្លួនផងដែរ។ លោកស្រីផែថងថានដែលជាកូនស្រីពៅលោកថាក់ស៊ីនជាបេក្ខជននាយករដ្ឋមន្ត្រីបម្រុងទី១ មានន័យថាគណបក្សភឿថៃអាចបញ្ជូនឈ្មោះលោកស្រីផែថងថានទៅសភា។ ប៉ុន្តែតាមដឹងមកថាលោកថាក់ស៊ីនមិនចង់ឱ្យកូនស្រីឡើងកាន់អំណាចនៅក្នុងកាលៈទេសៈនេះទេ។
បេក្ខជនបម្រុងម្នាក់ទៀតរបស់គណបក្សភឿថៃគឺលោកឆៃកាសឹម (Chaikasem Nitisiri) ជាគ្រូបង្រៀនមុខវិជ្ជាច្បាប់ និងធ្លាប់ជារដ្ឋមន្ត្រីយុត្តិធម៌។ ប៉ុន្តែគេបារម្ភថាលោកប្រហែលជាមានអាយុរាងចំណាស់បន្តិចទៅហើយ ហើយមានសុខភាពមិនសូវល្អប៉ុន្មានទេ។ អ្នកដទៃទៀតដែលអាចនឹងក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីមានដូចជាលោកភិរ៉ាផាន់ និងលោកប្រាវីតវង្សសុវណ្ណដែលជាអ្នករាជានិយមយ៉ាងប្ដូរផ្ដាច់ និងជាអតីតរដ្ឋមន្ត្រីការពារជាតិថៃដែលធ្លាប់ចូលរួមធ្វើរដ្ឋប្រហារចំនួនពីរដង៕
ចែករំលែកព័តមាននេះ