ខេត្តតាកែវ ៖ កម្លាំងនគរបាលខេត្តតាកែវ បានចាប់ខ្លួនយុវជនម្នាក់ ដែលញុះញង់ឲ្យមានការបះបោរ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមការអូសទាញ របស់ក្រុមនយោបាយនៅក្រៅប្រទេស ។
យោងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូងរាធានីភ្នំពេញ បានបញ្ជាក់ថា យុវជនខាងលើមានឈ្មោះ សាន ផានិត ភេទប្រុស អាយុ២២ឆ្នាំ ទីកន្លែងកំណើត នៅស្រុកសំរោង ខេត្ដតាកែវ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ខេត្ដតាកែវ ។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ដល់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តតាកែវ ជាពិសេសប្អូនៗយុវជន យុវនារី ដែលធ្វើការនៅតាមបណ្ដាលរោងចក្រសូមរក្សាភាពស្ងប់ស្ងាត់ និងកុំនាំគ្នាធ្វើការប្រមូលផ្ដុំត្រៀមធ្វើកូដកម្ម បាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ តាមការញុះញង់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស ហើយបើមានករណីប្រមូលផ្ដុំខុសច្បាប់ សមត្ថកិច្ចនឹងធ្វើការបង្ក្រាបភ្លាមៗ តែម្ដង ។
លោក វ៉ី សំណាង បានលើកឡើងថា ប្រសិនបើបងប្អូនជឿតាមការញុះញង់របស់ក្រុមប្រឆាំង នាំគ្នាទៅធ្វើបាតុកម្ម កូដកម្ម វានឹងបង្កអោយមានអសន្តិសុខដល់ប្រទេសជាតិ និងនាំអោយបែកបាក់សាមគ្គីភាព និងសុខសន្តិភាព ដែលរាជរដ្ឋាភិបាលបានស្វែងរកបានដោយលំបាក។ យើងបែកបាក់គ្នា ឈ្លោះទាស់ទែងគ្នា ជាង៥រយឆ្នាំមកហើយ ប្រទេសយើងទើបមានសុខសន្តិភាពជាង ២០ឆ្នាំប៉ុណ្ណោះ ដូច្នោះសូមបងប្អូនប្រឹងប្រែងអភិវឌ្ឍន៍ខ្លួន ប្រឹងប្រែងធ្វើការដើម្បីក្រុមគ្រួសារ និងសង្គមជាតិយើង ។
លោកអភិបាលខេត្តតាកែវ បានបន្តថា ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចេញបទបញ្ជាយ៉ាងតឹងរ៉ឹង ដោយយើងបានបញ្ជាទៅរដ្ឋបាលក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធធ្វើការតាមដាន ត្រួតពិនិត្យរាល់ការប្រមូលផ្ដុំ នឹងមិនអនុញ្ញាតអោយមានការប្រមូលផ្ដុំណាមួយនោះទេ ហើយយើង និងធ្វើការអនុវត្តន៍ច្បាប់ចំពោះបុគ្គលណា ដែលធ្វើសកម្មភាពខុសច្បាប់ ។
លោក បន្ថែមថា ការប្រមូលផ្ដុំធ្វើបាតុកម្ម កូដកម្មទំលាក់រាជរដ្ឋាភិបាលស្របច្បាប់ ដោយយកគម្រូតាមប្រទេសបង់ក្លាដេស វាមិនអាចសម្រេចទៅបានតាមផែនការរបស់ក្រុមអគតិនោះទេ ព្រោះប្រទេសកម្ពុជា បច្ចុប្បន្នដឹកនាំដោយរាជរដ្ឋាភិបាលស្របច្បាប់ ប្រទេសជាតិ កំពុងតែមានការអភិវឌ្ឍលើគ្រប់វិស័យ មានសុខសន្តិភាព មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ប្រជាពលរដ្ឋច្រើនលើសលប់គាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល ដូច្នោះប្រសិនបើមានការប្រមូលផ្ដុំខុសច្បាប់ណាមួយ ដែលប៉ះពាល់ដល់សន្តិសុខសាធារណៈ ក្នុងនាមមន្ត្រីអនុវត្តន៍ច្បាប់យើងនឹងចាត់វិធានការភ្លាមៗ ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ៕
ចែករំលែកព័តមាននេះ