តុលាការធម្មនុញ្ញថៃ សម្រេចដក លោក សេដ្ឋា ថាវីស៊ីន ចេញពីតំណែងនាយករដ្ឋមន្ត្រី
ប្រទេសថៃ ៖ តុលាការធម្មនុញ្ញព្រះរាជាណាចក្រថៃ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នេះ បានចេញសាលក្រមដកលោក សេដ្ឋា ថាវីស៊ីន…
ប្រទេសថៃ ៖ តុលាការធម្មនុញ្ញព្រះរាជាណាចក្រថៃ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នេះ បានចេញសាលក្រមដកលោក សេដ្ឋា ថាវីស៊ីន…
ប្រទេសថៃ ៖ តុលាការធម្មនុញ្ញព្រះរាជាណាចក្រថៃ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នេះ បានចេញសាលក្រមដកលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ចេញពីតំណែងនាយករដ្ឋមន្ត្រី ជុំវិញការបំពានរដ្ឋធម្មនុញ្ញ ដែលធ្វើឱ្យនយោបាយថៃកាន់តែមានភាពរង្គោះរង្គើខ្លាំង ពោលតែជាង១សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីតុលាការបានបញ្ជាឱ្យរំលាយគណបក្សឆ្ពោះទៅមុខ (Move Forward) ដែលជាបក្សប្រឆាំងដ៏សំខាន់។ នេះបើយោងតាមប្រភពពីសារព័ត៌មាន AP ចេញផ្សាយនៅមុននេះបន្តិច។
មុនឈានដល់ការដកតំណែងនាយករដ្ឋមន្ត្រី តុលាការធម្មនុញ្ញថៃ បានវិនិច្ឆ័យទោសលោក សេដ្ឋា ក្រោមហេតុផលជាប់ពាក់ព័ន្ធការតែងតាំងលោក Pichit Chuenban ដែលជាអតីតមេធាវីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលធ្លាប់ជាប់ពន្ធនាគារពីបទព្យាយាមសូកប៉ាន់មន្ត្រីតុលាការនោះ ឱ្យកាន់តួនាទីជារដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យនាយករដ្ឋមន្ត្រីរបស់លោក ដែលជាទង្វើបំពានលើរដ្ឋធម្មនុញ្ញ។
តុលាការធម្មនុញ្ញបានបោះឆ្នោតដោយទទួលសំឡេង ៥លើ៤ ទល់នឹងលោក សេដ្ឋា។ ទោះយ៉ាងណា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីចាំផ្ទះ នឹងបន្តគ្រប់គ្រងនៅក្នុងកិច្ចការមូលដ្ឋានរហូតដល់សភាអនុម័តតែងតាំងនាយករដ្ឋមន្ត្រីថ្មី។
លោក សេដ្ឋា បានតែងតាំងលោក Pichit Chuenban ជារដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យនាយករដ្ឋមន្ត្រីរបស់លោកក្នុងការរុះរើគណៈរដ្ឋមន្ត្រី កាលពីខែមេសាកន្លងទៅ។ លោក Pichit ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៦ខែ នៅក្នុងឆ្នាំ ២០០៨ ពីបទមើលងាយការចោទប្រកាន់តុលាការ បន្ទាប់ពីគាត់បានព្យាយាមសូកប៉ាន់ចៅក្រមជាសាច់ប្រាក់ចំនួន ២លានបាត ដែលស្មើនឹង ៥៥,០០០ដុល្លារ ជុំវិញសំណុំរឿងដែលពាក់ព័ន្ធជាមួយនឹងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។
លោក Pichit បានលាលែងពីមុខតំណែងរដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យនាយករដ្ឋមន្ត្រីអស់ជាច្រើនសប្តាហ៍មកហើយ ក្រោយកើតរឿងដ៏ចម្រូងចម្រាស។ តុលាការសម្រេចថា លោក សេដ្ឋា ជានាយករដ្ឋមន្ត្រីមានការទទួលខុសត្រូវតែម្នាក់គត់ក្នុងការពិនិត្យលក្ខណៈសម្បត្តិនៃការតែងតាំងគណៈរដ្ឋមន្ត្រីរបស់លោក។ ហើយលោកក៏ដឹងពីអតីតកាលរបស់លោក Pichit ប៉ុន្តែនៅតែសម្រេចចិត្តតែងតាំង ហេតុដូច្នេះហើយទើបតុលាការសំរេចថាលោកបានបំពានលើរដ្ឋធម្មនុញ្ញ៕ (ប្រភព ៖ AP)
ចែករំលែកព័តមាននេះ