ទីក្រុងបាកក៖ នៅទីបំផុត តុលាការធម្មនុញ្ញថៃសម្រេចដកតំណែងលោកសេដ្ឋា ថាក់វិស៊ីន ពីតំណែងនាយករដ្ឋមន្ត្រីហើយតាមរយៈសេចក្ដីសម្រេចនៅល្ងាចថ្ងៃពុធនេះ។ ការសម្រេចនេះតបតាមពាក្យបណ្ដឹងរបស់សមាជិកព្រឹទ្ធសភាថៃ៤០រូបដែលចោទប្រកាន់ថាលោកសេដ្ឋាបានប្រព្រឹត្តកំហុសដ៏ធំមួយដោយបានតែងតាំងលោកពិចិត្រជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី ខណៈដែលលោកពិចិត្រធ្លាប់មានទោសពៃរ៍ពីបទសូកប៉ាន់មន្ត្រីតុលាការ និងធ្លាប់ជាប់ពន្ធនាគារ។
ការសម្រេចរបស់តុលាការនៅថ្ងៃនេះធ្វើឱ្យគេប្រមើលឃើញថាអាចនឹងមានភាពរំជើបរំជួលមិនធម្មតាមួយនៅក្នុងឆាកនយោបាយថៃ ហើយអាចនឹងនាំទៅដល់ការរៀបចំរដ្ឋាភិបាលចម្រុះឡើងវិញ។ ម៉្យាងទៀត អាចនឹងមានភាពប្រេះឆាគ្នាខ្លាំងហើយនៅក្នុងចំណោមគណបក្សសម្ព័ន្ធភាពនៃរដ្ឋាភិបាលចម្រុះដែលមានស្រាប់។
គិតទៅ, លោកសេដ្ឋាត្រូវបានដកហូតតំណែងក្រោយពេលកាន់អំណាចមិនដល់មួយឆ្នាំទេ។ ជាបន្តទៅទៀតនេះ សភាត្រូវតែកោះប្រជុំជាបន្ទាន់នៅពេលតំណែងនាយករដ្ឋមន្ត្រីកំពុងនៅទំនេរជាស្ថាពរ។ សភាត្រូវបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីដែលបញ្ជូនបេក្ខភាពនាយករដ្ឋមន្ត្រី និងសមាសភាពគណៈរដ្ឋមន្ត្រីដោយគណបក្សភឿថៃដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋាភិបាលចម្រុះ។
ឥឡូវនេះ បញ្ហាប្រឈមដ៏ធំមួយរបស់ភឿថៃគឺថា «តើគណបក្សសម្រេចថាត្រូវបញ្ជូនបេក្ខជនរូបណាទៅសភាដើម្បីបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត? ឬក៏ត្រូវអនុវត្តតាមយុទ្ធសាស្ត្រនយោបាយបែបណាទៀត?» គេដឹងថាភឿថៃបានបម្រុងបេក្ខជននាយករដ្ឋមន្ត្រីបីរូបតាំងពីមុនបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រកាលពីឆ្នាំ២០២៣។ ទី១- លោកសេដ្ឋាដែលត្រូវតុលាការដកតំណែងថ្ងៃនេះ, ទី២-លោកស្រីផែថងថានជាកូនស្រីពៅរបស់លោកថាក់ស៊ីន និងទី៣-លោកឆៃកាសឹម (Chaikasem Nitisiri)។
នៅក្នុងចំណោមបេក្ខជនដែលនៅសល់ទាំង២រូប លោកឆៃកាស៊ីមមានវ័យចំណាស់ ហើយមានជំងឺ។ ដូច្នេះ គេគិតថាលោកប្រហែលជាទៅមិនរួចទេ។ ចំណែកលោកស្រីផែថងថានត្រូវប្រភពដែលដឹងកិច្ចការផ្ទៃក្នុងគ្រួសាររបស់លោកថាក់ស៊ីនបង្ហើបឱ្យដឹងថាលោកថាក់ស៊ីនមិនចង់ឱ្យកូនស្រីពៅរូបនេះកាន់តំណែងនាយករដ្ឋមន្ត្រីទេ។ ឥឡូវនេះ ដោយសារព័ត៌មានដកតំណែងនេះនៅថ្មី ដូច្នេះ គេនឹងបន្តតាមដានដោយយកចិត្តទុកដាក់ជាបន្តទៀតចំពោះសភាពការណ៍វិវត្តនៃឆាកនយោបាយថៃ។ ខាងលើនេះជាការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ