ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានបង្ហាញនូវគន្លង និងទីតាំងត្រួសៗនៃគម្រោងកសាងព្រែកជីកហ្វូណនតេជោ ដែលបានបើកការដ្ឋានកាលពីថ្ងៃទី០៥ ខែសីហា កន្លងទៅថ្មីៗ។
ប្រភពដដែល បានឲ្យដឹងថា ព្រែកជីកហ្វូណនតេជោ ដែលត្រូវត.ភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែង១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ ជម្រៅទឹក ប្រមាណ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ ចំនួន២គន្លង។
ប្រភពដដែល បានបន្តថា ផ្លូវទឹកនេះ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្ត្រខេត្តចំនួន៤ រួមមាន ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដោយនឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណន មកម្ល៉េះ ។
ក្នុងនោះ ផ្លូវទឹកធម្មជាតិ ដែលមានស្រាប់ មានប្រវែងប្រមាណ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេក មានប្រវែងប្រមាណ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មី មានប្រវែងប្រមាណ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយត.ភ្ជាប់ទៅកាន់សមុទ្រ។
ប្រភពដដែល បានបន្តថា គម្រោងនេះ នឹងសាងសង់សន្ទះផ្លូវទឹក ចំនួន៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃ ទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាប ដែលត្រូវហូរចេញទៅសមុទ្របានប្រកបដោយប្រសិទ្ធភាពខ្ពស់។
គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ ប្រមាណ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគសរុប ប្រមាណ១,៧ពាន់លានដុល្លារ ក្នុងនោះទុនវិនិយោគរបស់សហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក មានចំនួន៥១% និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) មានចំនួន៤៩% ដោយការវិនិយោគនេះ នឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)៕
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ