រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងបើកបរខ្វះប្រុងប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូពីក្រោយ រងការខូចខាត បណ្តាលអោយនារីជាសង្សារម្ចាស់ម៉ូតូ រលាត់ដៃជើង ។
គ្រោះថ្នាក់ចរាចរណ៍នេះដែរបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចស្តុបឋានសួគ៍ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម កែងផ្លូវលេខ២១៥ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានប្រជាពលរដ្ឋប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញមានគូសង្សារមួយគូជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KP-9205 ឌុបគ្នាដើរលេង តាមបណ្តោយផ្លូវលេខ២១៥ លុះមកដល់ចំណុចស្តុបឋានសួគ៍ ក៏ឈប់នៅលើគំនូសសម្រាប់អ្នកដើរថ្មើរជើងបានបន្តិច ក៏ស្រាប់តែមានបុរសម្នាក់បើករថយន្ត ហ្វត ម៉ាសស្តេង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BU-2100 បើកបរក្នុងទិសដៅស្របគ្នា ខណៈមកដល់ចំណុចកើតហេតុ បុរសដែលបើករថយន្តបានឱនលើកទូរស័ព្ទ បណ្តាលអោយជ្រុលទៅបុកម៉ូតូពីក្រោយបង្កការខូចខាតបន្តិចបន្តួចនឹងធ្វើអោយនារីជាសង្សាររលាត់ដៃជើង ។
ភ្លាមៗ ម្ចាស់រថយន្តបានចុះពីលើរថយន្តមកសម្របសម្រួលភាគីខាងម៉ូតូ ។ ដោយយុវជនជាម្ចាស់ម៉ូតូទាមទារសំណងថ្លៃខូចខាតពីម្ចាស់រថយន្ត ចំនួន៨០០ដុល្លារ ដើម្បីបញ្ចប់រឿង ប៉ុន្តែម្ចាស់រថយន្តសុំសងចំនួន៣០០ដុល្លារ តែម្ចាស់ម៉ូតូមិនព្រមនោះទាល់តែអោយសំណងតាមដែលគាត់ទារទើបយល់ព្រមបញ្ចប់ ។
ក្រោយកើតហេតុ ដោយមានការមិនយល់ព្រមទាំងសងខាង សមត្ថកិច្ចមូលដ្ឋានរួមជាមួយមន្ត្រីជំនាញចរាចរណ៍ សម្រេចធ្វើការវាស់វែងយកម៉ូតូនឹងរថយន្តទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីដោះស្រាយបន្តពេលក្រោយ ៕
ចែករំលែកព័តមាននេះ