ទីក្រុងបាងកក៖ នៅរសៀលថ្ងៃពុធនេះ តុលាការធម្មនុញ្ញថៃសម្រេចរំលាយគណបក្សឆ្ពោះទៅមុខ (Move Forward) ចោលតែម្ដងពីបទប៉ុនប៉ងរំលាយរបបរាជានិយម។ សេចក្ដីសម្រេចនេះធ្វើឡើងរយៈ៦ខែបន្ទាប់ពីតុលាការធម្មនុញ្ញដដែលបានបង្គាប់ឲ្យគណបក្សឆ្ពោះទៅមុខបញ្ឈប់សកម្មភាព ឬផែនការរបស់ខ្លួនដែលចង់កែប្រែច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ។
តុលាការចាត់ទុកថានេះជាសកម្មភាពដែលផ្ទុយពីរដ្ឋធម្មនុញ្ញ ហើយធ្វើឱ្យចុះខ្សោយទៅដល់ប្រព័ន្ធដឹកនាំរដ្ឋដែលមានព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ។ ទោះបីគណបក្សឆ្ពោះទៅមុខបដិសេធថាខ្លួនគ្មានបំណងប៉ះពាល់របបរាជានិយមយ៉ាងណាក្ដី ប៉ុន្តែក្រោយការសម្រេចកាលពី៦ខែមុននោះ គណៈកម្មការរៀបចំការបោះឆ្នោតសម្រេចដាក់ពាក្យប្ដឹងដើម្បីស្នើសុំរំលាយគណបក្សនេះចោលតែម្ដងពីបទប៉ុនប៉ងផ្ដួលរំលំរបបរាជានិយមដោយសម្អាងទៅលើការសម្រេចកាលពី៦ខែមុននោះ។
ថ្វីដ្បិតប្រជារាស្ត្រថៃរាប់លាននាក់ដែលគាំទ្រ និងបោះឆ្នោតឱ្យគណបក្សឆ្ពោះទៅមុខកាលពីឆ្នាំ២០២៣អាចនឹងខកចិត្តមិនតិចទេចំពោះការសម្រេចរំលាយបក្សនេះ ប៉ុន្តែការសម្រេចរបស់តុលាការមិនមានឥទ្ធិពលខ្លាំងដល់ថ្នាក់ធ្វើឱ្យស្មារតីជារួមរបស់បក្សនេះរលាយសាបសូន្យនោះទេ។ ជាក់ស្ដែង នៅក្នុងសេចក្ដីសម្រេចនោះ មន្ត្រីកំពូលៗរបស់គណបក្សនេះត្រឹមតែ១១នាក់ប៉ុណ្ណោះដែលត្រូវព្យួរសិទ្ធិធ្វើនយោបាយរយៈពេលដប់ឆ្នាំ។
មានន័យថាសេចក្ដីសម្រេចនេះមិនបានកាត់រំសាយសិទ្ធិរបស់អ្នកតំណាងរាស្ត្រទាំង១៤៣នាក់នៅក្នុងរដ្ឋសភានោះទេ។ ពួកគេទី១-នៅតែបន្តសុពលភាពជាអ្នកតំណាងរាស្ត្ររហូតដល់ចប់អាណត្តិ និងទី២-ពួកគេអាចនឹងបង្កើតគណបក្សនយោបាយថ្មីមួយទៀតដែលប្រកាន់មាគ៌ានយោបាយមិនខុសពីគណបក្សរៀមច្បងរបស់ខ្លួនដែលត្រូវតុលាការរំលាយទាំង២ដង។ទី១-គឺគណបក្សឆ្ពោះទៅមុខដែលរំលាយថ្ងៃនេះ និងទី២-គឺគណបក្សឆ្ពោះទៅអនាគតដែលជារៀមច្បងរបស់ឆ្ពោះទៅមុខ។
សេចក្ដីសម្រេចរបស់តុលាការធម្មនុញ្ញថៃដើម្បីរំលាយគណបក្សឆ្ពោះទៅមុខធ្វើឡើងនៅក្នុងកាលៈទេសៈដែលឆាកនយោបាយថៃកំពុងប្រឈមនឹងការប្រេះឆា។ សូម្បីតែសម្ព័ន្ធមិត្តក្ដៅ-ត្រជាក់ៗរវាងក្រុមយោធា និងក្រុមអ្នករាជានិយមជាមួយគណបក្សភឿថៃក៏មិនសូវស្រួលប៉ុន្មានដែរ។ ជាក់ស្ដែង លោកសេដ្ឋា ថាក់វិស៊ីនដែលជាកូតាមកពីគណបក្សភឿថៃអាចនឹងរបូតតំណែងនាយករដ្ឋមន្ត្រីពីដៃនៅក្នុងពេលឆាប់ៗនេះ។
នៅសប្ដាហ៍ក្រោយ, តុលាការធម្មនុញ្ញនឹងសម្រេចថាតើត្រូវដកហូតតំណែងរបស់លោកសេដ្ឋាឬយ៉ាងណាតបតាមពាក្យបណ្ដឹងរបស់សមាជិកព្រឹទ្ធសភា៤០រូបដែលជាក្រុមយោធា។ ពួកគេចោទប្រកាន់ថាលោកសេដ្ឋាបានប្រព្រឹត្តកំហុសដ៏ធំ១ដោយបានតែងតាំងលោកពិចិត្រធ្វើជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី ខណៈដែលលោកពិចិត្រធ្លាប់មានទោសព្រហ្មទណ្ឌ។
បើតុលាការសម្រេចដកតំណែងលោកសេដ្ឋាមែន គណបក្សភឿថៃត្រូវបញ្ជូនឈ្មោះបេក្ខជនរបស់ខ្លួនទៅសភាដើម្បីបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត។ វានឹងធ្វើឱ្យរង្គោះរង្គើដល់ទំនាក់ទំនងរវាងគណបក្សភឿថៃ និងបក្សនយោបាយដទៃទៀតនៅក្នុងរដ្ឋាភិបាលចម្រុះ។ គេដឹងថាលោកថាក់ស៊ីនដែលជាអ្នកកាច់ចង្កូតគណបក្សភឿថៃពីក្រោយវាំងនននយោបាយនោះមិនចង់ឱ្យលោកស្រីផែថងថានដែលជាកូនស្រីរបស់លោក និងជាបេក្ខជនបម្រុងលំដាប់ទី១ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទេ។
ចំណែកលោកឆៃកាស៊ីមដែលជាបេក្ខជនបម្រុងទីពីររបស់គណបក្សភឿថៃក៏មានបញ្ហាសុខភាពចុះទ្រុឌទ្រោមខ្លាំងទៅទៀត។ ហេតុនេះក៏កើតជាពាក្យចចាមអារ៉ាមថាលោកថាក់ស៊ីនគាំទ្រឱ្យលោកអនុទីនដែលជាឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សភូមិចៃថៃឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី។ ប៉ុន្តែថ្មីៗនេះ លោកអនុទីនបានបដិសេធពាក្យចចាមអារ៉ាមនេះ។ លោកថ្លែងថាការជួបគ្នាពិតជាមានមែនរវាងលោក និងលោកថាក់ស៊ីន។ ប៉ុន្តែនោះជាការជួបគ្នាជាលក្ខណៈឯកជនតែប៉ុណ្ណោះ៕
អត្ថបទដែលពាក់ព័ន្ធ
តើនរណាធ្វើជានាយករដ្ឋមន្ត្រីថៃបើតុលាការដកតំណែងលោកសេដ្ឋា?
ចែករំលែកព័តមាននេះ