ទីក្រុងហាណូយ៖ ថ្មីៗនេះមានករណីបុកគ្នារវាងនាវាដឹកទំនិញដែលដោតទង់ជាតិថៃ និងនាវាចម្លងរបស់វៀតណាមដែលបើកតាមទន្លេវ៉ាមណាវ (Vam Nao) នៃតំបន់ដីសណ្ដរទន្លេមេគង្គត្រង់ចំណុចខេត្តអានយ៉ាង (An Giang)។ ហេតុការណ៍ដែលកើតឡើងកាលពីល្ងាចថ្ងៃអង្គារនោះបានបណ្ដាលឱ្យស្រឡាងរបស់វៀតណាមលិចចូលទៅក្នុងទឹក។
នាវាដឹកប្រេងឆៅដែលដោតទង់ជាតិប្រទេសថៃនោះមានបណ្ដោយ៨៧ម៉ែត្រ ទទឹង១៤ម៉ែត្រ ទម្ងន់នាវា៤៥០០តោន។ នៅពេលដឹកប្រេងឆៅចូលប្រទេសវៀតណាមសុខៗនៅម៉ោង២រសៀលស្រាប់តែបុកគ្នា១ទំហឹងជាមួយស្រឡាងរបស់វៀតណាមដែលដឹកអ្នកដំណើរ។ តាមរយៈវីឌីអូឃ្លីបមួយចំនួនដែលអ្នកស្រុករស់នៅម្ដុំនោះថតបាន គេឃើញវានាវាទាំង២បុកគ្នាដោយជៀសមិនរួចទោះបីនាវាដឹកប្រេងខំបញ្ចេញសំឡេងស៊ីផ្លេជាច្រើនដងយ៉ាងណាក្ដី។
ហេតុការណ៍នេះបណ្ដាលឱ្យស្រឡាងរបស់វៀតណាមកំពិតតួ១ចំហៀង និងខូចខាតដែកចម្រឹងប៉ែកខាងលើ។ អ្នកដំណើរនៅលើស្រឡាងបីនាក់រួមជាមួយម៉ូតូជាច្រើនគ្រឿង និងឡានដឹកហ្គាស១គ្រឿងធ្លាក់ចូលទៅក្នុងទឹកទន្លេ។ អ្នកដំណើរដទៃទៀតក៏រត់ទៅចំហៀងស្រឡាងដើម្បីស្រែកហៅឱ្យគេជួយ។ សាក្សីម្នាក់ឈ្មោះឡយ (Loi) ដែលរង់ចាំនៅមាត់កំពង់ដើម្បីរង់ចាំជិះស្រឡាងនោះប្រាប់ថានៅពេលនាវាទាំង២នេះបុកគ្នា គេស្ដាប់ឮសំឡេងយ៉ាងកងរំពង។
គេបានប្រកូកប្រកាសហៅអ្នកបើកទូកនៅមាត់ច្រាំងដើម្បីជួយស្រង់យកអ្នកធ្លាក់ចូលទៅក្នុងទឹកនោះផង។ សាក្សីខាងលើនេះប្រាប់ថាស្រឡាងដែលខ្លួនជិះនោះអាចជួយស្រង់អ្នកធ្លាក់ទៅក្នុងទឹកបានម្នាក់។ ចំណែកអ្នកម្នាក់ទៀតក៏ត្រូវបានទូក១គ្រឿងជួយសង្គ្រោះទាន់ពេលវេលាផងដែរ។ មានន័យថាគ្មានរណាម្នាក់បានស្លាប់នៅក្នុងហេតុការណ៍នេះទេ។ មុនពេលកើតហេតុ នាវាទាំងពីរគ្រឿងបានបើកជ្រួសគ្នានៅត្រង់ផ្ទៃទន្លេដែលមានទទឹងជាង៥រយម៉ែត្រ និងមានខ្សែទឹកហូរខ្លាំង។
អាជ្ញាធរបញ្ជាក់ថាអ្នកធ្លាក់ទៅក្នុងទឹកទាំងបីនាក់នោះអស់អីហើយ។ ពួកគេត្រូវទូកនៅក្បែរៗនោះជួយស្រង់ឡើងទៅលើគោកដោយសុវត្ថិភាព។ គ្រាន់តែថាអ្នកបើកឡានដឹកហ្គាសដែលធ្លាក់ទៅក្នុងទឹកនោះដែរបានរងរបួសជើងទាំងសងខាង។ ចំណែកស្រឡាងដឹកអ្នកដំណើរត្រូវគេអូសចូលមាត់ច្រាំងរួចរាល់អស់ហើយ។ មន្ទីរដឹកជញ្ជូនខេត្តអានយ៉ាងថ្លែងថាឧបទ្ទវហេតុនេះបណ្ដាលមកពីអ្នកបើកបរស្រឡាងខ្វះការប្រុងប្រយ័ត្ន។
ទន្លេវ៉ាមណាវមានប្រវែង៦,៥គីឡូម៉ែត្រ មានទទឹងជាមធ្យម៧០០ម៉ែត្រ និងមានជម្រៅ១៧ម៉ែត្រ។ នេះជាទន្លេដែលមានប្រវែងខ្លីបំផុតនៅវៀតណាម។ ប៉ុន្តែជាច្រកផ្លូវទឹកដ៏សំខាន់មួយដែលតភ្ជាប់ពីទន្លេទៀង ទៅទន្លេហោនៃតំបន់ដីសណ្ដរទន្លេមេគង្គ។ កាលពីខែមេសា ឆ្នាំ២០២៤ក៏ធ្លាប់មាននាវាបុកគ្នានៅទន្លេទៀងត្រង់ចំណុចទីក្រុងតាន់ឆូនៃខេត្តអានយ៉ាងដដែល។ កាលនោះ ស្រឡាងបុកជាមួយនាវាដឹកអ្នកទេសចរបណ្ដាលឱ្យស្លាប់អ្នកនាំភ្ញៀវទេសចរម្នាក់ និងរបួសជនជាតិបរទេស២នាក់៕
ចែករំលែកព័តមាននេះ