កំណាត់ផ្លូវដែកភាគខាងជើងចំណុចPK-123+350 ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ដែលរងការខូចខាត បណ្តាលឲ្យក្រឡាប់រថភ្លើង ត្រូវបានជួសជុលភ្លាមៗដើម្បីធានាការត់ភ្ជាប់ និងបានដាក់ឱ្យដំណើរការបណ្តោះអាសន្នឡើងវិញហើយ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ។
ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអះអាងថា បន្ទាប់ពីផ្លូវដែកនេះមានការខូចខាតប្រវែង១០០ម៉ែត្រ និងស្រុតមួយចំហៀងដោយសារទឹកហូរច្រោះ បន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។
ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារបច្ចេកទេសក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េវវេ បានជួសជុលភ្លាមៗ សម្រាប់ឱ្យខ្សែរថភ្លើងអាចឆ្លងកាត់ជាបណ្តោះអាសន្ន ដើម្បីដំណើរការនិរន្តភាពនៃខ្សែរថភ្លើងទាំងខ្សែដឹកអ្នកដំណើរនិង ខ្សែរថភ្លើងដឹកទំនិញ។
គួរបញ្ជាក់ថា នៅវេលាម៉ោង៤ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ រថភ្លើងមួយខ្សែចេញដំណើរពីបាត់ដំបងឆ្ពោះទៅកាន់រាជធានីភ្នំពេញ បានជួបឧប្បត្តិហេតុធ្លាក់ទូដឹកប្រេងឥន្ធនៈចេញពីដែករ៉ៃ លើផ្លូវដែកភាគខាងជើងចំណុចPK-123+350 ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៦ទូមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់អ្នកបើកបរ អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវដែកឡើយ៕
ចែករំលែកព័តមាននេះ