រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៦ខែកន្លងទៅនេះ សាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំង ប្រទេសបានចាត់ការសំណុំរឿងទាំងរឿងព្រហ្មទណ្ឌ ទាំងរឿងរដ្ឋប្បវេណី និងរឿងក្តីដទៃទៀត បានចំនួន ៧៨ ៣៦៥សំណុំរឿង ស្មើនឹង ៦៤ភាគរយ នៃសំណុំរឿងសរុប ចំនួន ១២១ ៥៥៣។ នេះបើតាមឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ។
ប្រាប់ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នាទីស្តីក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន បានឱ្យដឹងថា ក្នុងចំណោមរឿងក្តីទាំងនេះ គឺក្នុងនោះ មានទាំងសំណុំរឿងដែលមាន មុនពេលប្រកាសបើកយុទ្ធនាការ ចំនួន ៥៧ ៦៨៩ និងសំណុំរឿងដែលចូលថ្មីរយៈពេល៦ខែ ក្រោយពេល ប្រកាសបើកយុទ្ធនាការ ចំនួន ៦៣ ៨៦៤។
ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា៖កន្លងមកនេះ គិតចាប់ពីថ្ងៃ ប្រកាសបើកយុទ្ធនាការកាលពីថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ គឺមានរយៈពេល ៦ខែគត់ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ ព្រមពេលជាមួយគ្នា នៅក្នុង ក្របខណ្ឌនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាព នៃយុត្តិធម៌ ដែលក្នុងនោះរួមមាន៖ទី១យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងទី២ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
ជាមួយគ្នានោះដែរ ឯកឧត្តមបានលើកឡើងឱ្យដឹងថា សម្រាប់លទ្ធផលរយៈពេល៦ខែនៃយុទ្ធនាការជំរុញ និងពន្លឿនរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការនេះដែរ គេក៏ទទួលបានលទ្ធផលមួយចំនួនទៀត ដូចជាគណៈបញ្ជាការដឹកនាំយុទ្ធនាការបានប្រកាសទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋទាំងអស់ ដែល យល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាពមិនប្រក្រតី។
ឯកឧត្តម ជិន ម៉ាលីនបានអះអាងដែរថា «រយៈពេល៦ខែ គិតចាប់តាំងពីពេលប្រកាសបើកយុទ្ធនាការប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងមកកាន់លេខាធិការដ្ឋាននៃ គណៈបញ្ជាការដឹកនាំយុទ្ធនាការមានចំនួនសរុប ១ ៤៧៤ ក្នុងនោះពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋស្នើសុំឱ្យជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ដែលមានចំនួនសរុប ៧៨៦ ស្មើនឹង ៥៣ភាគរយ។ ក្នុងចំណោមបណ្តឹងស្នើសុំជំរុញ និងពន្លឿនទាំង ៧៨៦ តុលាការបានដោះស្រាយរហូតដល់ទៅ ៦៣០ ករណី ស្មើនឹង ៨០ភាគរយ»។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា សម្រាប់ពាក្យបណ្ដឹងដែលប្រជាពលរដ្ឋ ប្តឹងស្នើសុំឱ្យមានការត្រួតពិនិត្យអំពីភាពមិនប្រក្រតីមានចំនួន ៦៩៨ បណ្ដឹង ស្មើនឹង ៤៧ភាគរយ។ គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការចាត់ការបាន ៣៦ភាគរយ នៃបណ្ដឹងដែលសង្ស័យថា មានភាពមិនប្រក្រតីទាំង៦៩៨។
ក្រៅពីនេះ ក្រុមការងារពិសេសត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ បានធ្វើការពិនិត្យលើសំណុំរឿងដែលមានភាពស្មុគស្មាញចំនួន ១០០ ករណី ហើយបានរកឃើញថា មាន៧៧ករណី ដែលតុលាការបានចេញសេចក្តីសម្រេចដោយមាន សំអាងហេតុ និងសំអាងច្បាប់ត្រឹមត្រូវ ១៤ ករណី មានភាពសង្ស័យថាអាចមានភាពមិនប្រក្រតី ហើយបានស្នើសុំឱ្យតុលាការពិនិត្យឱ្យបានម៉ត់ចត់ និងត្រឹមត្រូវ ៩ ករណី បានចាត់ឱ្យមាន ការចុះធ្វើអធិការកិច្ច ហើយ ៤ ករណីទៀត ត្រូវបានរកឃើញថាមានភាពមិនប្រក្រតី ដែលភាគី អាចស្នើសុំឱ្យមានការជំនុំជម្រះសាជាថ្មី។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌បានលើកឡើងដោយបញ្ជាក់បន្ថែមថាក្នុងក្របខណ្ឌនៃយុទ្ធនាការនេះដែរ លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ ក៏បានធ្វើការ សម្របសម្រួលផ្តល់មេធាវីស្ម័គ្រចិត្តដែលជាទីប្រឹក្សាក្រសួងយុត្តិធម៌ ចំនួន៩២រូប ដើម្បីជួយការពារក្តីដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំមកយុទ្ធនាការផងដែរ៕
ចែករំលែកព័តមាននេះ